ទីតាំង-ពេលវេលាល្អបំផុតធាក់កង់បានទាំងសប្បាយ និងសុខភាព មានពេលគួរសាកឲ្យគ្រប់រសជាតិម្ដង

  • 2020-06-03 11:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ ទី ៣ ខែ មិថុនា ពិភពលោក​ទាំង​មូល​ តែង​ប្រារព្ធ​ទិវា​ធាក់​កង់​ពិភពលោក ដែលកាលបរិច្ឆេទ​នេះ​ត្រូវ​បាន​សម្រេច និង​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​មហាសន្និបាត​សហប្រជាតិ​ក្នុង ២០១៨ ។

ពិត​ណាស់​ ការ​ធាក់​កង់​មាន​ជាង ២សតវត្ស​មក​ហើយ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ថា នេះ​ជា​កីឡា​មួយ​ប្រភេទ​ដែល​សាមញ្ញ ផ្តល់​នូវ​ភាព​រំភើប​រីករាយ កាត់​បន្ថយ​ភាពតាន​តឹង ល្អ​ចំពោះ​សុខភាព និង​ថែម​ទាំង​ល្អ​ចំពោះ​បរិស្ថាន​ផង​ដែរ។

សម្រាប់​អ្នក​និយម​ចូលចិត្ត​ធាក់​កង់ ​ពិត​ជា​ចូលចិត្ត​រក​កន្លែង​ថ្មី​ៗ ឲ្យប្លែកភ្នែក ភ្លែក​អារម្មណ៍ និង​ចង់​​ផ្លាស់​ប្ដូរ​បទពិសោធន៍​ជា​ច្រើន​ផង​ដែរ​។ ដូចនេះ​ឆ្លៀត​ពេល​ថ្ងៃ​សម្រាក ក៏​ដូចជា​អបអរ​ទិវា​​ធាក់​កង់​ផង​ដែរ​នោះ​លោក​អ្នក​អាច​សាក​ល្បង​ជិះ​ទៅ​កន្លែង​ទាំង​នេះ​ ដោយ​សប្បាយ​រីករាយ​ជា​មួយ​មិត្តភ័ក្ដិ និង​ថតរួបលេង​ទុកជា​អនុស្សាវរីយ៍ផង​ ដូចជា៖

១. ជិះ​នៅ​តាម​ដង​ទន្លេ ឆ្លៀត​ពេល​​ហាត់​ប្រាណ ក៏​ដូចជា​ធាក់​​កង់​ស្រូប​យក​ខ្យល់​អាកាស​បន្ធូរ​អារម្មណ៍​ ពី​បញ្ហា​ស្មុគស្មាញ​ទាំង​ឡាយ។ ម្យ៉ាង​ទីតាំង​នេះ​ក៏​កំពុង​ពេញ​និយម​សម្រាប់​អ្នក​ចូលចិត្ត​ជិះ​លើ​ផ្លូវ​បែប​ស្រួល​ៗ​ និង​ជិត​ៗ ។

នៅទីក្រុង​ភ្នំពេញ អ្នក​អាចធាក់ មាត់ទន្លេនៅកោះពេជ្យ ផ្លូវ​មាត់ទន្លេក្រោយ​មហោស្រពចតុមុខ ផ្លូវ​មុខវាំង ឬ និង​ផ្លូវ​មាត់ទន្លេទៅខាង​វិមានឈ្នះៗ ។​

២. ជិះ​នៅ​តាម​សួន ឬ​នៅ​កោះ​ពេជ្រ

នៅ​តាម​បណ្ដា​សួន​នៅ​ទី​ក្រុង​ភ្នំពេញ ឃើញ​មាន​ក្រុម​ធាក់​កង់​ជា​ច្រើន​បាន​ឡើង​មកធាក់​លេង​ជា​ប្រចាំ នេះ​បាន​ទាំង​កម្សាន្ត​ និង​ហាត់​កីឡា​ផង​ដែរ។ ដូច​ជា​គេ​និយាយ​ថា បាន​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ អ្នក​អាច​ធាក់​លេង​នៅ សួនច្បារ វិមានឯករាជ្យ មុខវាំង មុខវត្តថបុទម កោះពេជ្យ ទៅវិមានឈ្នះឈ្នះ ។​

៣. ផ្លូវ​ភូមិ

មិន​សូវ​មាន​ឡាន​ម៉ូតូ​ច្រើន មួយ​វិញ​ទៀត​អាច​ចំណេញ​​ដោយ​បាន​ដឹង​ពី​ស្ថានភាព​រស់​នៅ​របស់​អ្នក​ស្រុកតាម​ភូមិ ប្លែកភ្នែក ភ្លែកអារម្មណ៍ ពិសេស​បានស្គាល់​ទិសតំបន់កន្លុកកន្លៀតនៅភ្នំពេញផង​។ ឆ្លៀត​ឱកាស​មើល ស្ថានភាពដីធ្លី​ និង​តំបន់កំពុង​អភិវឌ្ឍបានថែម​​ទៀត។ ់

អ្នកអាចធាក់កង់ទៅ​ទៅ ខាង​ព្រែកឯក តាម​ផ្លូវក្នុងៗ តាមមាត់​ទឹក អ្នក​នឹង​អាចគយគន់ទេសភាពស្រស់ស្អាត​ប្លែកភ្នែក ឬ ក៏ធាក់​​តាម​ផ្លូវ​សួនសុបិន្ត ចាក់​មកតាមតាខ្មៅដើម្បីចូលក្រុងវិញ ផ្លូវ​នេះចម្ងាយប្រមាណ ៣០គីឡូម៉ែត្រប៉ុណ្ណោះ។

បើចង់បានបរិយាកាសប្លែកបន្តិចតិច អាច​ជិះស្រឡាងទៅ ខាង​អរិយក្សត្រ ទៅកោះដាច់ និង កោះអន្លង់ចិន ចម្ងាយផ្លូវនេះ ប្រមាណជា ៤០គីឡូម៉ែត្រ​ប៉ុណ្ណោះពេលត្រលប់ចូលក្រុងវិញ ។

៤. ផ្លូវ​ខ្សាច់ និង ថ្ម

ផ្លូវ​ប្រភេទ​នេះ​ បើ​ជិះ​ជា​ក្រុម​កាន់​តែ​សប្បាយ ព្រោះ​ថា​បើ​ជិះ​តែ​ផ្លូវ​ស្រួល​ អាច​នឹង​មាន​អារម្មណ៍​ធុញ​ទ្រាន់​ ឬ​មិន​ចង់​ជិះ​ក្បែរ​ឡាន​ម៉ូតូ ។ ផ្លូវ​បែប​នេះ​ ឡាន​ម៉ូតូ​ចូលមិនកើត ឬ​មិនសូវ​ប្រើ​ទេ។ តែ​ត្រូវ​ដឹងថា​ ផ្លូ​វខ្សាច់ពិបាកធាក់កង់ណាស់ ត្រូវ​សារ៉េលីបមកធូរ ។

៥. ផ្លូវ​ឡើង​ភ្នំ

អ្នក​អាច​ដឹក​កង់​របស់​អ្នក​តាម​ឡាន រួច​ចាំ​ដល់​ទី​តាំង​ចាំចាត់ផ្តើមធាក់​ក៏​បាន។ ការ​ធាក់​កង់​មិន​គួរ​បង្ខំ​កម្លាំង​ខ្លាំង​នោះ​ទេ គួរ​ជិះ​តាម​សម្រួល ប្រសិន​បើ​ហត់​ឈប់​សម្រាក​សិន​ចាំ​ទៅ​ត​ទៅ​មុខ​ទៀត។ គួរចាំ​ថា ដើម្បីជិះផ្លូខ្ពង់រាប ឬ តំបន់ភ្នំរួច ត្រូវ​ប្រើ​កង់ ប្រភេទ Mountain Bike និង​ពូកែទប់លំហ្នឹង និង​សារ៉េលីបកង់​ឲ្យបាន​រហ័សផង ។

អ្នក​ចូលចិត្តធាក់​កង់​ ច្រើនធាក់ពីភ្នំពេញទៅ ភ្នំប្រសិទ្ធ , ទៅតំបន់ធម្មជាតិ​ក្នុងខេត្តកំពង់ស្ពឺ ឬ គេ​យក​កង់​ទៅធាក់នៅ ខេត្ត​កំពត ឡើងភ្នំបូកគោ គីរីរម្យ និង​ រតនគីរី ឬ មណ្ឌលគីរី ព្រោះអាកាសធាតុត្រជាក់ស្រួលខ្លួន ។

៦ .ពេលវេលាល្អបំផុតសម្រាប់ធាក់កង់

ចំពោះ​ពេលវេលា ដែល​ល្អ​បំផុត​សម្រាប់​ធាក់​កង់​នោះ ​គឺ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ព្រោះ​ថា​អាកាស​ធាតុ​ត្រជាក់​ស្រួល និង​មិន​ធ្វើ​ឲ្យ​ខូច​ស្បែក ឬ ឈឺក្បាលខ្លាំងដោយ​សារកម្តៅថ្ងៃ។ បើ​អ្នក​ចេញធាក់កង់​​ពីព្រឹកព្រហាម អ្នក​អាច​មើលឃើញថ្ងៃរះ ដ៏ស្រស់ស្អាត ហើយ​បើអ្នក​ធាក់ពេលល្ងាច កុំភ្លេចគយគន់ទេសភាពថ្ងៃលិច ដ៏ស្រស់ត្រកាលផង ដែលទេស​ភាពទាំងពីរនេះ នឹង​ផ្តល់ឲ្យអ្នក​នូវ​អារម្មណ៍ស្រស់ស្រាយភ្លាមៗ បំភ្លេចអស់​រាល់ទុក្ខកង្វល់ក្នុងចិត្ត​។

ប៉ុន្តែ​ប្រសិន​បើ​ជិះ​ពេល​ល្ងាច គួរ​តែ​មាន​របស់​ការពារ និង​​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ ដើម្បី​សុវត្ថិភាព ៖

  • គួរ​មាន​អំពូល​ភ្លើង​ជាប់​កង់​ ការពារ​ពេល​ងងឹត ( អំពូល ទាំងខាងមុខ និង​ខាងក្រោយ)

  • ត្រូវ​ស្គាល់​ផ្លូវ​ឲ្យ​ច្បាស់ ជៀស​វាង​វង្វេង​នៅ​ពេល​យប់​

  • គួរ​មាន​សោ​ជួសជុល​កង់ ខណៈ​កង់​មាន​បញ្ហា​ណា​មួយ​

  • អាវ​ដែល​​មាន​ចំណាំង​ប្លាត ឬ​ភ្លឺ​ៗ

  • ជិះ​ជា​ក្រុម មិន​គួរ​ជិះ​ម្នាក់​ឯង​ពេល​ល្ងាច ឬ​មេឃ​ងងឹត ឬ ផ្លូវស្ងាត់ពេកឡើង។

ដើម្បី​បាន​សុខភាព​ល្អ រាងកាយ​មាំមួន​អ្នក​គួរ​ឧស្សាហ៍​ហាត់​ប្រាណ​ យ៉ាង​ហោច​ណាស់ ១ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​បើ​មាន គ្នា​ជិះ​កង់​វិញ ដូច​បាញ់​ព្រួញ​មួយ​ បាន​សត្វ​​ពីរ​អ៊ីចឹង បាន​ទាំង​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ លីដា