វីរៈជនជួរមុខ វេជ្ជបណ្ឌិត​ គីមសួរ ភីរុណ៖ យើងពុះពារទាំងយប់ទាំងថ្ងៃដើម្បីប្រយុទ្ធនឹងកូវីដ១៩ នៅខេត្តកំពង់ចាម

  • 2020-06-06 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេជ្ជបណ្ឌិត​ គីមសួរ ភីរុណ និង​ក្រុមការងារ​វេជ្ជសាស្ត្រ​មក​ពី​គ្រប់​ផ្នែក​នៃ​ក្រសួង​សុខាភិបាល បាន​ក្លាយ​ជា​ក្រុម​កម្លាំង​ជួរ​មុខ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូវីដ១៩ នៅខេត្ត​កំពង់​ចាម ដែល​ក្រុមការងារ​គាត់​ត្រូវ​គ្រប់គ្រង​ និង​ព្យាបាល​ថែរក្សា​អ្នក​ផ្ទុកជម្ងឺ​កូវីដ១៩ ចំនួន ១៦នាក់ ដែល​បាន​ឆ្លង​នៅ លើ​ការប៉ាល់​ ទេស​ចរណ៍ វីឃីង និង ៨នាក់​ផ្សេង​ទៀត​ដែលជា​ជនជាតិ​ខ្មែរ​ឥស្លាម ដែល​បាន​រង​ការ​ចម្លង​ពី​កម្មវិធី​សាសនា​មួយ​នៅឯប្រទេស​ម៉ាឡេស៊ី​។

ដោយ​សង្កេត​ឃើញ​ថា​ អ្នក​ផ្ទុក​ជម្ងឺ​កូវីដ​១៩ ស្ទើរ​តែ ទាំងអស់​​បានជាសះស្បើយ​ បន្ទាប់​ពីទទួល​បាន​ការ​មើល​ថែ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់​​ពីសំណាក់​ក្រុម​ការងារ សុខាភិបាល​ យ៉ាង​យកចិត្តទុកដាក់​ ។

លោកវេជ្ជបណ្ឌិត​បាន​ឲ្យដឹងថា​៖ «ខ្ញុំពិត​ជា​​រីករាយ ដោយសារ​ការ​លះបង់​​កម្លាំង​កាយចិត្ត​ពីថ្នាក់ដឹក​នាំ​ខេត្ត​ និងក្រសួង និង ក្រុមបុគ្គលិក ស្ម័គ្រចិត្ត និង​ការចូលរួម​យល់ដឹង​អំពី​ជម្ងឺ​កូវីដ១៩ ពីសំណាក់​ប្រជាពលរដ្ឋ​ផងដែរ។ ជា​លទ្ធផល​មកទល់​ពេល​​នេះ​យើង​សង្កេតឃើញ​ថា​វា​មិន​ទាន់​មានករណី​ផ្ទុក​ថ្មីកើតឡើង​នៅឡើងទេ​»

លោកបន្តថា​ ៖ «យើង​បាន​លះបង់​​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ យកចិត្ត​ទុកដាក់​ក្នុង​ការ​ព្យាបាល​អ្នកជម្ងឺ​យ៉ាង​សស្រាក់​សស្រាំ ដោយ​ធ្វើការ​មើល​ថែ​អ្នក​ជម្ងឺ​ស្ទើរ​គ្រប់ម៉ោង​ខិត​ខំពិនិត្យ​ រកមើល​ក្រែង​លោ​មានករណី​ថ្មី​កើត​ឡើង ជាដើម។ យើង​កំពុង​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​វីរុស​កូវីដ១៩ នេះ និង​ទទួល​ឆ្លើយសំនួរ​ និង​ប្រឹក្សា​យោបល់​ ទៅកាន់​អ្នកសង្ស័យ​ផ្ទុក​វីរុស ២៤ម៉ោង ក្នុង​មួយថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយសប្តាហ៍​»​

យុទ្ធ​នាការ​នេះ ប្រព្រឹត្ត​ទៅ បាន​យ៉ាង​រលូន​ដោយ​មានការ​ជ្រោមជ្រែង​ទាំងស្មារតី ​និង​សម្ភារ​ពីសំណាក់​​ថ្នាក់ដឹក​នាំ រដ្ឋាភិបាល​ គ្រប់​ជាន់​ថ្នាក់រួម​មានឯកឧត្តមគណៈ អភិបាល​ខេត្ត ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង​សុខាភិបាល សម្តេច​ និង​ក្រុមការងារ គ្រូពេទ្យ បុគ្គលិក ស័្មគ្រចិត្ត​ និង​ការ​រួមចំណែក​យកចិត្ត​ទុកដាក់​​អំពីអនាម័យ​ សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ។

«ពួកយើង​គិត​ថា​យុទ្ធនាការ​ប្រឆាំង​ និង​វិបត្តិ​កូវីដ១៩ នេះ​អាច​ចាត់​ទុកបានថាជាមេរៀន និង​បទពិសោធន៍ ដ៏ល្អ មួយសម្រាប់​​យក​ទៅ​អនុវត្ត​ប្រសិន​បើ​មានវិបត្ត​នានា​ដែល​ពាក់​ព័ន្ធ​ នឹង​វិស័យ​សុខាភិបាល ក្នុង​ប្រទេស​កម្ពុជា​ពេល​ខាង​មុខ ។ ពួកគាត់ បានទទួល​នូវ​ចំណេះ ដឹង​វិធីសាស្ត្រ​ថ្មីៗ ជាច្រើន​និង​បានដឹងពីភាពខ្លាំង និង​ភាពខ្សោយ​របស់​វិស័យ​ សុខាភិបាល ក្នុង​ប្រទេស​កម្ពុជា​យើង​ក្នុង​កំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នេះ​ដែរ។ សរុប​មក​ពួក​យើង​គិត​ថា​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស កូវីដ ១៩ លើកនេះ​បាន​យ៉ាង​ល្អ គួរ​ឲ្យ​កត់សម្គាល់​»​។ លោក​បន្ថែម​។

«ពួកយើង​យល់​ច្បាស់​ពី​គុណតម្លៃ​នៃ​ការ​ធ្វើការ​រួមគ្នា​ ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​នេះ ។ ភាព​សាមគ្គី​គ្នា​របស់​​ពួក​យើង​មិន​ត្រឹមតែ​អាច​ជួយ​ព្យាបាល​​អ្នកជម្ងឺ ឲ្យជា​សះស្បើយ​ពីជម្ងឺ​នោះ ទេ តែ​ក៏បាន​ចូលរួម​ចំណែក​ដើម្បីជួយ​ប្រទេសជាតិ​ទាំងមូល​ពីវីរុស​កូវីដ​១៩​នេះ ដែរ​។ ពួកយើង​មានមោទនភាព នៅពេល​បាន​ឃើញ​ពីលទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ រួប​រួមគ្នា​រហូត​បានសម្រេច​ជោគជ័យ​នេះ​» ។

តែ​ទោះ​យ៉ាង​ណា​ក្រុម​ការងារ​របស់​លោក​វេជ្ជបណ្ឌិត​​ នៅ​តែ​ប្រឹង​នៅបន្ត​ដំណើរ​នៅក្នុង​សមរភូមិ ដឹក​នាំ និងជួយ​​បងប្អូន ប្រជាពលរដ្ឋ​ ម្យ៉ាង​ទៀត​ដោយ​សារ​តែ ម្នាក់ៗ​សុទ្ធ​តែ​បាន​យល់ច្បសា់​ពីវិធី​ការពារ​ និង​ជា​កាតព្វកិច្ច​យើង​នឹង​មាន​ឧបករណ៍​ការពារ​គ្រប់គ្រាន់​ផង​នោះ ដូច្នេះ ភាពភ័យ​ខ្លាច​មិនមែន​ជាឧបសគ្គ​របស់​ក្រុម​ជួរ​មុខ​យើង​ក្នុង​ការ​ប្រឆាំង​តទល់​នឹង​សង្គ្រាម​កូវីដ​១៩ នេះឡើយ ។

« ទោះ​បី​ជា​មានហានិភ័យយ៉ាង​ណា​ក៏ដោយ​យើង​ប្ដេជ្ញា​នូវ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុងការបំពេញ​តួនាទី​ និងជំនាញ​រៀង​ៗ​ខ្លួន វា​ជារឿង​ចាំបាច់​បំផុត ដែល​ត្រូវ​ប្រកាន់ខ្ជាប់​ក្នុង​កំឡុង​ពេលស្រុកទេស​កំពុង​ស្ថិត​នៅក្នុងស្ថានការណ៍ដែល​មានវិបត្តិដូច្នេះ» ​។

ទោះ​បី​ជា​ខេត្ត​កំពង់​ចាម​ និង​ទូទាំង​ប្រទេស​យើង​ទាំងមូល​​មិនទាន់​ឃើញ​មានវិវត្តន៍​ករណីថ្មី នៃ​វត្តមាន​វីរុសកូវីដ ១៩ ទៀត​ក៏ដោយ ក៏ពួក​យើង​គិត​ថា​ការងាររបស់​ពួក​យើង​មិនទាន់​អាច​បញ្ចប់​បាន​នោះទេ​ ព្រោះវីរុស​អាច​កើត​មា​សារជាថ្មី គ្រប់​ពេល​វេលា​ ដែល​មិនអាច​ស្មាន​ដឹង ដូច្នេះ​ពួកយើង​យកពេលនេះ​ដើម្បី ខិតខំសិក្សា​ស្រាវជ្រាវ​ចំណេះដឹង​ និង​វិធិសាស្ត្រ​ថ្មីៗ នានា សម្រាប់​បង្ការ​ការពារ​គ្រោះវិបត្តិ​នានាដែល​អាច​កើត​ឡើង​នៅ​ពេល​អនាគត​ វា​ជា​រឿង​ដែលត្រូវ​ធ្វើ​ពេលនេះ ៕