មើលតម្លៃឡាន RAV4 សាកភ្លើងបាន លក់នៅជប៉ុន

  • 2020-06-09 03:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ដាក់​លក់​នៅ​ទីផ្សារ​អាមេរិក​ខាង​ជើង​រួច​មក Toyota បាន​នាំ​យក​ RAV4 ប្រភេទ Plug-in Hybrid ដែល​អាច​សាក​ភ្លើង​បាន ទៅ​លក់​នៅ​ប្រទេស​កំណើត​របស់​ខ្លួន។

នៅ​ជប៉ុន​រថយន្ត​នេះ​មាន​ប្រើ​ប្រាស់​ឈ្មោះ​ជា​ RAV4 PHV ខុស​ពី​នៅ​អាមេរិក​ខាង​ជើង​ដែល​មាន​ឈ្មោះ RAV4 Prime ប៉ុន្តែ​វា​មាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​ដូច​គ្នា។ ប្រព័ន្ធ Toyota Hybrid System II ថ្មី​ដែល​បំពាក់​លើ​រថយន្ត​នេះ​អាច​បង្កើត​កម្លាំង​បាន​ ៣០៦​សេះ ដែល​មាន​គួប​ផ្សំ​ពី​កម្លាំង ១៧៥​សេះ បាន​ពី​ម៉ាស៊ីន​សាំង ២,៥លីត្រ ៤​ស៊ីឡាំង និង​ម៉ូទ័រ​មុខ​កម្លាំង ១៨០សេះ ជា​មួយ​ម៉ូទ័រ​ក្រោយ​ ៥៣សេះ ហើយ​មាន​អាគុយ​ទំហំ ១៨,១ គីឡូវ៉ាត់​ម៉ោង។

ប្រព័ន្ធ​នេះ​អាច​ឲ្យ RAV4 PHV ជិះ​ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​បាន​រយៈ​ចម្ងាយ ៩៥ គីឡូម៉ែត្រ ហើយ​វា​មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម ៤,៥លីត្រ ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។ ប្រព័ន្ធ​ Hybrid ដ៏​ខ្លាំង​ក្លា​នេះ​ដែរ អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៦វិនាទី។

Toyota បាន​កំណត់​លក់​រថយន្ត RAV4 PHV ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៤២ ៨២០​ដុល្លារ លើ​ទីផ្សារ​ប្រទេស​ជប៉ុន ខណៈ​ដែល​នៅ​អាមេរិក​វា​មាន​តម្លៃ​ចាប់​ពី​ ៣៨ ១០០​ដុល្លារ មិន​ទាន់​គិត​បញ្ចូល​ថ្លៃ​ដឹក​ជញ្ជូន​ និង​សេវា​ផ្សេងៗ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង