សត្វខ្ទីងមួយក្បាលត្រូវបានក្រុមជនល្មើសសម្លាប់ ពន្លះសាច់នៅឧទ្យានជាតិ ជួរភ្នំក្រវ៉ាញខាងត្បូងខេត្តពោធិ៍សាត់

  • 2020-06-24 01:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីជាក់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថាសត្វខ្ទីងដែលជាប្រភេទសត្វដ៏កម្រនៅកម្ពុជាត្រូវបានគេប្រទះឃើញជាប់អន្ទាក់ ត្រូវបានព្រានព្រៃសម្លាប់និងពន្លះសាច់ជាដុំៗហើយត្រូវបានមន្ត្រីឧទ្យានុរក្សនិងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រទះឃើញនៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០នេះ។

ជុំវិញបញ្ហានេះលោក នេត្រ ភក្ត្រា រដ្ឋលេខា ធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២៣ ខែមិថុនា នេះដែរបានឱ្យដឹងថាសត្វខ្ទីងនេះត្រូវបានមន្ត្រីឧទ្យានុរក្សនិងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រទះអំឡុងពេលចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ខេត្តពោធិ៍សាត់។

លោករដ្ឋលេខាធិការបានបង្ហាញការ សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សត្វខ្ទីងមួយក្បាលនេះ និងថ្កោលទោសចំពោះក្រុមជនល្មើសដែលតែងតែងលួចប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរបាញ់សត្វកម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងក្នុងការការពារអភិរក្ស បង្កើនការផ្សព្វផ្សាយ អប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដឹងឬស្គាល់ពីអត្តសញ្ញានៃជនល្មើសជួយរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីចាត់វិធានការតាមច្បាប់។

ទាក់ទិនក្នុងរឿងនេះលោក នេត្រ ភក្ត្រា បានថ្លែងថា ក្រុមជនល្មើសបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថាក្រុមមន្ត្រីឧទ្យានុរក្សដើរល្បាតនៅក្នុងតំបន់នោះដោយបន្សល់ទុកនូវសាច់សត្វខ្ទីងដែលបានពន្លះជាដុំៗបម្រុងនឹងដឹកចេញ។

បើតាមការបញ្ជាក់ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន សត្វខ្ទីងដែលត្រូវបានសម្លាប់ នេះមានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់ បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម។

លោក នេត្រ ភក្រ្តាបានឱ្យដឹងបន្ថែមថា «នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹងថាបានស្លាប់នៅក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ ឆ្នាំ ត្រូវបានដឹងថាត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកានៅក្នុងខេត្តព្រះវិហារកាលពីខែឧសភាកន្លងទៅ»

យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាប រហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២០០០ ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងក្នុងខេត្តកំពង់ស្ពឺជាដើម។ សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹកនិងពេល ល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វាគឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន ១ បន្ទាប់ពីពពោះរយៈពេល ៩ ខែ។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ដែរថា សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនសត្វខ្ទីងត្រូវបានគេដឹងថា ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់ជាសកលនៅឆ្នាំ១៩៨៦ ហើយនៅឆ្នាំ ២០១៦ សត្វខ្ទីងនៅលើពិភពលោកមានចំនួនប្រមាណ ២១០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍។ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។

ដើម្បីចូលរួមការពារនិងអភិរក្សសត្វព្រៃជាពិសេសសត្វព្រៃកម្រៗនៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ។

ជាមួយគ្នានេះលោក នេត្រ ភក្ត្រា ក៏បានស្នើ សុំប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងសូមនិយាយថា ទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បីផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយនិងលុបបំបាត់របរ ចូលព្រៃកាប់ឈើនិងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់សត្វដែលប្រជាពលរដ្ឋមួយចំនួនកំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕

ប្រភព៖ រស្មីកម្ពុជា   អត្ថបទ៖ dp

អត្ថបទពេញនិយម