ឡាន SUV ថ្មីរបស់ Suzuki រាងមិនខុសអីពី Toyota RAV4

  • 2020-07-02 03:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki បាន​បង្ហាញ​រថយន្ត​ម៉ូដែល Across ប្រភេទ Plug-in Hybrid សម្រាប់​លក់​លើ​ទីផ្សារ​អឺរ៉ុប ដែល​នេះ​ជា​ផលិតផល​ដំបូង​កើត​ចេញ​ពី​សហការ​គ្នា​រវាង Suzuki និង Toyota។

រថយន្ត Suzuki Across ថ្មី​នេះ​គឺ​ផលិត​ឡើង​ផ្អែក​តាម​ Toyota RAV4 Plug-in Hybrid ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​រូបរាង​បន្តិច​បន្តួច ប៉ុន្តែ​នៅ​រក្សា​​ទ្រង់ទ្រាយ​ដូច​ជា RAV4 ដដែល។ អំពូល​ភ្លើង LED ថ្មី​មាន​គួប​ផ្សំ​ដោយ​ផ្ទាំង​ប៉ាណា​ទំហំ​ធំ និង​​យ៉ាន់​ Alloy ទំហំ ១៩​អ៊ីញ។

ចំពោះ​គ្រឿង​ម៉ាស៊ីន​នៅ​រក្សា​ដូច​ដើម មាន​ន័យ​ថា​មាន​ប្រើ​ម៉ាស៊ីន ២,៥លីត្រ ៤​ស៊ីឡាំង កម្លាំង ១៧៣សេះ គួប​ផ្សំ​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ពីរ ដែល​បាន​កម្លាំង​ពី​អាគុយ​ទំហំ ១៨,១ kWh។ ម៉ូទ័រ​អគ្គិសនី​ខាង​មុខ​ផលិត​កម្លាំង​បាន ១៨០​សេះ ចំណែក​នៅ​ខាង​ក្រោយ​ផលិត​កម្លាំង​បាន ៥៤សេះ។ Suzuki មិន​បាន​ប្រាប់​អំពី​កម្លាំង​សរុប​នោះ​ទេ ប៉ុន្តែ​ជា​មួយ​ប្រព័ន្ធ​ម៉ាស៊ីន​នេះ​លើ​រថយន្ត RAV4 វា​អាច​ផលិត​កម្លាំង​បាន​សរុប ៣០២សេះ។ Suzuki អះអាង​ថា​រថយន្ត Across ថ្មី​នេះ អាច​បើកបរ​ទៅ​មុខ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៧៥គ.ម។

នៅ​ផ្នែក​ខាង​ក្នុង​ឯណោះ​វិញ មិន​មាន​ការ​ផ្លាស់​ប្ដូរ​ធំ​ដុំ​ខុស​ពី Toyota RAV4 នោះ​ទេ ដោយ​មាន​ប្រើ​ប្រាស់​អេក្រង់​កម្សាន្ត​ទំហំ ៩​អ៊ីញ ដែល​គាំទ្រ​មុខងារ Apple CarPlay និង Android Auto។ Suzuki នឹង​បញ្ចេញ​លក់​រថយន្ត Across ថ្មី​លើ​ទីផ្សារ​អឺរ៉ុប​នា​​អំឡុង​ចុង​ឆ្នាំ​នេះ ដោយ​នឹង​បង្ហាញ​តម្លៃ​លក់​នា​ពេល​ក្រោយ៕​

ការ​ប្រៀប​ធៀប​រវាង Suzuki Across និង Toyota RAV4 ៖

​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម