វិធី ១០ យ៉ាងធ្វើឲ្យម៉ាស៊ីនត្រជាក់រថយន្តដំណើរការបានល្អ លឿនជាងមុន

  • 2020-07-06 08:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់រថយន្តគ្រប់រូប តែងតែប្រាថ្នានូវការបើកបរប្រកបដោយផាសុកភាព ដែលក្នុងនោះ ប្រព័ន្ធម៉ាស៊ីនត្រជាក់ជាផ្នែកមួយដ៏សំខាន់ក្នុងការជួយសម្រួលដល់សីតុណ្ហភាពខាងក្នុងឲ្យមានភាពត្រជាក់ល្មម សមស្របទៅនឹងការកំណត់របស់អ្នកបើកបរ មិនថាសីតុណ្ហភាពនៅខាងក្រៅក្ដៅប៉ុណ្ណានោះឡើយ។ យ៉ាងណាមិញ ម៉ាស៊ីនត្រជាក់ក្នុងរថយន្តអាចនឹងដំណើរការយឺត ឬមានបញ្ហាក្នុងការរក្សាសីតុណ្ហភាព ដោយសារតែកត្តានានា ដូចជាការកំណត់របស់អ្នកបើកបរ ទីតាំងចតចោល និងអាកាសធាតុក្ដៅខ្លាំងពេកជាដើម។

ថ្ងៃនេះ Sabay សូមនាំយកវិធី ១០ យ៉ាងក្នុងការបង្កើនល្បឿនដំណើរការរបស់ម៉ាស៊ីនត្រជាក់រថយន្ត ឲ្យចុះត្រជាក់ឆាប់ និងបង្កើនអាយុកាលប្រើប្រាស់របស់វាបានមួយចំណែកធំដែរ៖

១. បើកម៉ាស៊ីនត្រជាក់ឲ្យហើយ

វិធីនេះល្អសម្រាប់ពេលបើកបរផ្លូវឆ្ងាយ ព្រោះថាអ្នកបើកបរមួយចំនួន មិនបើកម៉ាស៊ីនត្រជាក់ឡើយនៅពេលមេឃរាងព្រលឹមព្រោះសីតុណ្ហភាពនៅត្រជាក់។ ប្រការល្អបំផុត គឺអ្នកគួរបើកម៉ាស៊ីនត្រជាក់ (កម្រិតទាបបំផុត) ចាប់ពីពេលដំណើរការថយន្តមក ព្រោះវាងាយស្រួលគ្រប់គ្រងសីតុណ្ហភាពនៅពេលមេឃចាប់ផ្ដើមក្ដៅទៅៗ ដោយអ្នកអាចកំណត់សីតុណ្ហភាព និងល្បឿនកង្ហារបានប្រសើរជាងមុន។

២. ប្រើប៊ូតុងស្វ័យប្រវត្តិ (AUTO) សម្រាប់កំណត់ការស្រូបទាញយកខ្យល់

ការប្រើប្រាស់ខ្យល់ក្នុងរថយន្ត គឺជាការពេញនិយមសម្រាប់អ្នកបើកបរភាគច្រើន ព្រោះវាធ្វើឲ្យត្រជាក់បានលឿន និងមិនបានទាញខ្យល់ខាងក្រៅចូលមកជាមួយ។ ប៉ុន្តែ អ្នកអាចមិនដឹងថាការប្រើប្រាស់ខ្យល់ក្នុងរថយន្ត ពេលចូលប្រើប្រាស់ភ្លាមៗ អាចបណ្ដាលឲ្យកញ្ចក់របស់អ្នកចុះអ័ព្ទបាន ហើយធ្វើឲ្យផ្នែកអ្នកអង្គុយខាងក្រោយក្ដៅខ្លាំងទៀតផង។ ជម្រើសល្អ គឺពេលចូលក្នុងរថយន្តដំបូងគួរប្រើប៊ូតុត AUTO ដើម្បីឲ្យម៉ាស៊ីនត្រជាក់ធ្វើការបានដោយឯករាជ្យ និងមានប្រសិទ្ធភាព (អាចទាញខ្យល់ពីខាងក្រៅមកខ្លះ)។

៣. ចតរថយន្តក្រោមម្លប់

វាជារឿងពិតណាស់ ដែលរថយន្តចតក្រោមម្លប់មិនសូវឡើងកម្ដៅ ហើយម៉ាស៊ីនត្រជាក់ក៏ដំណើរការបានលឿនជាងរថយន្តដែលចតចោលក្រោមកម្ដៅថ្ងៃក្ដៅហែងដែរ។

៤. ប្រើរបស់ការពារកម្ដៅថ្ងៃ

ចំពោះតង់គ្របរថយន្តមួយចំនួន មានត្រឹមផ្នែកៗសម្រាប់កញ្ចក់មុខ និងក្រោយ ហើយមានសារធាតុចាំងផ្លាត ធ្វើឲ្យកម្ដៅមិនអាចឆ្លងកាត់ចូលរថយន្តតាមកញ្ចក់ឡើយ។ ម៉្យាងទៀត បើរថយន្តរបស់អ្នកអាចបើកដំបូលបាន ឬមានដំបូលកញ្ចក់ អ្នកគួរបិទវាឲ្យអស់ ហើយទាញរបាំងពន្លឺបិទវិញផង ដើម្បីកុំឲ្យពន្លឺថ្ងៃចាំងចូលខ្លាំងពេក។

៥. គ្របពូករថយន្តធ្វើពីស្បែក

ពូករថយន្តដែលធ្វើពីស្បែកអាចប៊ឺតកម្ដៅបានខ្លាំង និងងំបានយូរ។ ប្រការល្អ អ្នកគួរមានក្រណាត់សម្រាប់គ្របពីលើពូកទាំងនោះដើម្បីកុំឲ្យផ្នែកខាងក្នុងរបស់រថយន្ត ឡើងកម្ដៅខ្លាំងពេក។

៦. បញ្ចេញកម្ដៅទៅខាងក្រៅ

រឿងសាមញ្ញមួយដែលអ្នកបើកបរទាំងឡាយ​ គួរ​​តែ​ធ្​វើមុន​ពេល​ចូល​បើក​រថយន្ត​ គឺ​គួរ​ទម្លាក់​កញ្ចក់​ចុះ​។ ការ​ធ្​វើបែប​នេះ មិន​ត្រឹមតែ​បញ្ចុះ​សីតុណ្ហភាព​នៅ​ក្នុ​ង​រថយន្​តនោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​នាំ​យក​ជាតិ​ពុល ដែល​កើត​ឡើង​ដោយ​សារ​សារធាតុ​នានា​ក្នុង​រថយន្​តឡើង​កម្ដៅ ហើយ​ក៏​នឹង​ជួយ​កម្ចាត់​ក្លិន​ចេញ​ផង​ដែរ។

៧. ការបើកម៉ាស៊ីនត្រជាក់ចោលមុនពេលចូលរថយន្តគ្មានប្រសិទ្ធភាពឡើយ

វាជារឿងមួយ​ ដែលអ្នកបើកបរភាគច្រើនតែងយល់ច្រឡំ ដោយគិតថាការបើកម៉ាស៊ីនត្រជាក់ចោលមុនពេល ប្រើប្រាស់រថយន្តអាចជួយឲ្យម៉ាស៊ីនត្រជាក់ ដំណើរការបានឆាប់រហ័ស។ ផ្ទុយទៅវិញ​ ការធ្វើបែបនេះជាការខាងបង់ទៅវិញទេ។ ជាការពិតណាស់ កុំប្រែសស័រម៉ាស៊ីនត្រជាក់ដំណើរការពេញលេញតែនៅពេលម៉ាស៊ីនរថយន្តដំណើរការ តែប៉ុណ្ណោះ។ ដូចនេះ វិធីល្អគួរទម្លាក់កញ្ចក់ចុះ បើកបរ ១ ទៅ ២ នាទីឲ្យខ្យល់ខាងក្រៅចូលក្នុងរថយន្ត ហើយបិទកញ្ចក់វិញសឹមបើកម៉ាស៊ីនត្រជាក់ទើបជាការល្អ។

៨.​ បិទមុខងារ ពន្លត់ម៉ាស៊ីនស្វ័យប្រវត្តិ និង Eco-Mode

នៅលើរថយន្តមួយចំនួន នៅក្បែរប៊ូតុង Start-Stop វាមានប៊ូតុងមួយទៀត សម្រាប់កំណត់ឲ្យរថយន្តរលត់ដោយខ្លួនឯងនៅពេលឈប់ស្ងៀម មិនជាន់ហ្គែរ។ មុខងារនេះ អាចជួយសន្សំសំចៃសាំង តែត្រូវចាំថាកាលណាម៉ាស៊ីនរលត់ ម៉ាស៊ីនត្រជាក់ក៏ដំណើរការមិនបានពេញលេញដែរ ឬក៏អាចរលត់តាមម៉ាស៊ីនតែម្ដង។ កាលបើមឃក្ដៅហើយម៉ាស៊ីនត្រជាក់រលត់ទៀត វាច្បាស់ណាស់សីតុណ្ហភាពនៅក្នុងរថយន្តនឹងកើនឡើងយ៉ាងលឿន។

៩. បាញ់ខ្យល់ឲ្យចំទិសត្រឹមត្រូវ

នៅពេលមេឃក្ដៅខ្លាំង ទាំងអ្នកបើកបរ និងអ្នកអង្គុយនឹងកាច់ផ្លិតម៉ាស៊ីនត្រជាក់មកចំខ្លួន ព្រោះគិតថាវាជួយឲ្យខ្លួនត្រជាក់បានលឿន។ ផ្ទុយទៅវិញ ការដាក់ទិសខ្យល់ម៉ាស៊ីនត្រជាក់ឲ្យបាញ់ទៅលើនេះ ធ្វើឲ្យសីតុណ្ហភាពនៅក្នុងរថយន្តមិនងាយចុះត្រជាក់ឡើយ ព្រោះវានៅមានខ្យល់ក្ដៅនៅក្នុងរថយន្ត។ ប្រការល្អ អ្នកគួរដាក់ផ្លិតម៉ាស៊ីនត្រជាក់ឲ្យបាញ់ខ្យល់ត្រជាក់ឡើងទៅខាងលើ ព្រោះខ្យល់ត្រជាក់មានទម្ងន់ធ្ងន់ វានឹងធ្លាក់ចុះក្រោម ហើយធ្វើឲ្យខ្យល់ក្ដៅ ដែលស្ថិតនៅផ្នែកខាងលើនោះ ត្រជាក់បានលឿន។

១០. ការថែទាំ

ប្រព័ន្ធម៉ាស៊ីនត្រជាក់ មានសារៈសំខាន់ខ្លាំងសម្រាប់រថយន្ត ហើយវាក៏ត្រូវការការថែទាំឲ្យបានដិតដល់ដែរ ដើម្បីឲ្យអាយុកាលប្រើប្រាស់របស់វាយូរអង្វែង។ ដូចនេះ រៀងរាល់ ១៦ ០០០ ទៅ ២៤ ០០០ គ.ម អ្នកគួរតែត្រួតពិនិត្យមើលប្រព័ន្ធម៉ាស៊ីនត្រជាក់ម្ដង ហើយបើវាមានបញ្ហាហើយ គួរប្រញ៉ាប់រកជាងជួសជុលភ្លាមៗ៕

ប្រភព៖ Auto Express   ប្រែសម្រួល៖ ផាត សុវត្ថិ