កម្មវិធីប្រគល់​ពានរង្វាន់​ដ៏ធំ​ "Asian Television Awards" នឹងធ្វើឡើង​នៅ​កម្ពុជា ជាលើកដំបូង

  • 2020-07-07 03:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នៅលើកទី២៥ ឆ្នាំ២០២០ នេះ នឹងធ្វើឡើង​​នៅ​​កម្ពុជា ជាលើកដំបូង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមករា ឆ្នាំ២០២១។ កម្មវិធីនេះជាកម្មវិធីដ៏​ល្បីល្បាញខ្លាំងមួយ​ ដែល​មាន​ពានរង្វាន់ជាច្រើនប្រភេទ សម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈ កម្សាន្ត​ ភាពយន្ត និងពានរង្វាន់សម្រាប់តារាល្បីៗជាច្រើនប្រចាំទ្វីបអាស៊ី។ ក្រុមហ៊ុនរៀបចំកម្មវិធីនេះ នឹងផ្តល់ព័ត៌​មានបន្ថែម ចំពោះទីតាំងនៃការប្រារព្ធកម្មវិធី នៅពេលក្រោយ។

កម្មវិធីនេះ ត្រូវបានគេចាត់ទុកជាកម្មវិធីដែលប្រមូលផ្តុំ ផ្តល់ការកោតសរសើរ និងប្រគល់ពានរង្វាន់ដល់សង្គមមនុស្សនៅក្នុងវិស័យសិល្បៈ ដែលរៀបចំប្រចាំឆ្នាំនៅតំបន់អាស៊ី។ កមុ្មវិធី Asian Television Awards នេះផងដែរ បានប្រគល់ពានរង្វាន់ ជូនដល់បណ្តា​ អ្នកដឹកនាំរឿង តួសម្តែង អ្នកបង្កើតកម្មវិធី ពិធីករ ពិធីការនី ព្រមទាំងកម្មវិធីទូរទស្សន៍ និងបានភ្ជាប់ទំនាក់ទំនងនៅលើវិស័យជាច្រើនចាប់តាំងពីឆ្នាំ១៩៩៦ មកម៉្លេះ។

កម្មវិធីនេះនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១ ជាមួយនឹងការប្រគល់ពានរង្វាន់ប្រភេទ​បច្ចេកទេសថត និងកម្មវិធីល្អៗ ដែលមានចំនួន ៣៥រង្វាន់ ជាការផ្តល់ការកោតសរសើរដល់ ការប្រឹងប្រែងរៀបចំកម្មវិធីនីមួយៗ ការយកចិត្តទុកដាក់ទៅលើសកម្មភាពក្រោយឆាក ព្រមទាំងក្រុមហ៊ុនផ្សព្វផ្សាយពត៌មានផ្សេងៗ។ ថ្ងៃទី២ ជាថ្ងៃសំខាន់ ដែលយើងនឹងធ្វើការប្រារព្ធឡើងនៃការប្រគល់ពានរង្វាន់ទៅផ្នែក សិល្បៈកំសាន្ត និងការសម្តែងនាៗ ដែលមានចំនួន ១៦រង្វាន់។ កម្មវិធីនេះនឹងចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍ប្រចាំប្រទេសនីមួយៗ ទៅដល់ទស្សនិកជនជាង ៥០០លាននាក់ នៅតាមគេហដ្ឋាន នៅថ្ងៃទី៣។ នៅប្រទេសកម្ពុជាផងដែរ កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards បានសហការជាមួយប៉ុស្ត៍ទូរទស្សន៍បាយ័ន ដែលនឹងធ្វើការចាក់ផ្សាយតាមប៉ុស្ត៍ទូរទស្សន៍ និងប្រព័ន្ធបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ ប៉ុស្ត៍ទូរទស្សន៍បាយ័ន ព្រមទាំងបណ្តាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតផងដែរ។

តារាល្បីៗ ចូលរួម​ក្នុងកម្មវិធី Product Launch ថ្ងៃទី៦ ខែកក្កដា

កម្មវិធីប្រគល់ពានរង្វាន់នេះ បានទទួលការចុះឈ្មោះចូលរួម ពីបណ្តាក្រុមហ៊ុនផ្សព្វផ្សាយជាង១០០ ពីប្រទេសជាច្រើនដូចជា ប្រទេសឥណ្ឌា ចិន ម៉ុងហ្គោលី ស្រីលង្កា ហុងកុង តៃវ៉ាន់ អូស្រាលី ញូវសែឡែន កម្ពុជា វៀតណាម ម៉ាឡេស៊ី ហ្វីលីភីន ឥណ្ឌូនេស៊ី សិង្ហបុរី កូរ៉េ ជប៉ុន និង កាហ្សាក់ស្ថានផងដែរ។ ជារៀងរាល់ឆ្នាំមានភ្ញៀវកិត្តិយសជាង ៣០០នាក់ ដែលជា អ្នកផលិតកម្មវិធី អ្នកដឹកនាំរឿង តារាសម្តែង ពិធីករជាច្រើនរូបបានចូលរួមអបអរសាទរពិធីនេះទាំងអស់គ្នា។

លោក Lee Keen Whye ប្រធានគ្រប់គ្រងកម្មវិធី Asian Television Awards បានឲ្យដឹងថា “អ្នកទាំងនេះជាអ្នកដែលមានឥទ្ធិពលលើការធ្វើការសម្រេចចិត្ត ទៅលើអ្វីដែលត្រូវថត ពេលវេលា និងទីតាំងនៃការថត។ វាជាឱ​កាសមួយសម្រាប់ពួកគេ ដើម្បីបង្កើតទំនាក់ទំនងល្អៗជាមួយម្ចាស់ប្រទេស និង​អាចក្លាយជាគាំទ្រ ទៅលើការផ្សព្វផ្សាយអំពីវិស័យសិល្បៈកំសាន្ត របស់ប្រទេសមួយនោះ ដោយរួមមានទាំង ឱកាសក្នុងការធ្វើអាជីវកម្មផងដែរ។ នៅក្នុងអំឡុងពេលដែលមានការរៀបចំ កម្មវិធីនេះ ពួកយើងក៏ដឹងច្បាស់ផងដែរអំពីផលប៉ះ​ពាល់នៃជំងឺ កូវីត១៩ ដែលនឹងកំពុងកើតមានឡើង ពួកយើងបានរៀបចំវិធានការសុវត្ថិភាពមួយចំនួន រួចជាស្រេច។ ទោះបីជានៅឆ្នាំ២០២១ ខែមករា ការធ្វើដំណើរជាលក្ខណៈអន្តរជាតិ មិនប្រព្រឹត្តទៅរលូនយ៉ាងណាក្តី ក៏កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃដដែល ដោយមានតែការចាក់ផ្សាយតាមបណ្តាប្រព័ន្ធបណ្តាញសង្គម និងប៉ុស្តទូរទស្សន៍ដែលជាដៃគូទាំងអស់សម្រាប់ទស្សនា ជាង ៥០០លាននាក់ នៅតាមតំបន់ដែលជាដៃគូសហការយើង។”

លោក Alan Encharis Choo នាយកប្រតិបត្តិក្រុមហ៊ុន Wonder Paradise ក៏បាន​លើកឡើងផងដែរថា៖ “ក្នុងនាមពួកយើងជាដៃគូសហការរបស់កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នេះយើងមានកិត្តិយសជាខ្លាំង ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការបង្តើតកម្មវិធីនេះ ដោយមានក្រុមហ៊ុន របស់យើងនៅប្រទេសកម្ពុជា។ ដោយសារតែបញ្ហាជំងឺកូវីត១៩ ពួកយើងបានរៀបចំផែនការបន្ទាប់សម្រាប់អោយកម្មវិធីនេះប្រព្រឹត្តទៅបានតាម ប្រព័ន្ធអនឡាញ ហើយពួកយើងជឿជាក់ថាគុណភាពនៃការផលិតកម្មវិធីទាំងនេះគឺមានភាពដូចគ្នា។ ក្នុងនាមជាក្រុមហ៊ុនដែលចូលរួមផ្នែកផលិត និងរៀបចំកម្មវិធីផ្ទាល់ យើងសម្រេចអោយបាននូវភាពជោគជ័យនៃកម្មវិធីនេះសម្រាប់ទស្សនិកជន អោយបានទស្សនានៃកម្មវិធីដ៏អស្ចារ្យមួយដែលមានការចូលរួមពីគ្រប់សំណាក់នៃវិស័យសិល្បៈ។”

លោក Francis Zhuo នាយកប្រតិបតិ្តប្រចាំប្រទេសកម្ពុជា នៃ ក្រុមហ៊ុន Wonder Paradise Cambodia ដែលជា​ផលិតករ នៃកម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards មានប្រសាសន៍ថា​៖ "យើងមានសេចក្តីសាមនស្សរីករាយយ៉ាងខ្លាំងក្នុងការចូលរួមរៀបចំកម្មពិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី ២៥ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ យើងមានសេចក្ដីរំភើបក្នុងការបង្ហាញពីវប្បធម៌ និងទេពកោសល្យដ៏សំបូរបែបរបស់ប្រទេសកម្ពុជា ទៅកាន់ទ្វីបអាស៊ី។ អំឡុងពេលដែលខ្ញុំនៅប្រទេសកម្ពុជា ខ្ញុំបានជួបជាមួយអ្នកសំដែង សិល្បករ និងបុគ្គលដែលមានទេពកោសល្យជាច្រើន ដែលខ្ញុំចង់បង្ហាញសមត្ថភាពរបស់ពួកគាត់តាមរយៈ ការប្រើវេទិកា​កម្មពិធីប្រគល់ពានរង្វាន់ ATA នេះ។ ដោយមានការគាំទ្រយ៉ាងខ្លាំងពីដៃគូរបស់យើងដូចជា ប៉ុស្ត៍ទូរទស្សន៍បាយ័ន ក្រុមហ៊ុន Lvls, ក្រុមហ៊ុន Victory និង ក្រុមហ៊ុន ភ្លើងគប់ យើងជឿជាក់ថា កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី ២៥ នឹងទទួលបានជោគជ័យ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សណ្ឋាគារ Lyve Inc នឹង ភោជនីយដ្ឋាន Killiney ដែលឧបត្ថម្ភដល់យើងសម្រាប់កម្មវិធី Product Launch យើងនៅថ្ងៃនេះ ដើម្បីចាប់ផ្ដើមកម្មវិធីរបស់យើង"។

ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

ទំព័រ​ហ្វេសប៊ុក​របស់ Asians Television Awards , Instagram Asians Television Awards

ទំព័រហ្វេសប៊ុក Wonder Paradise និង Instagram https://www.instagram.com/wonderparadiseofficial/

អត្ថបទពេញនិយម