សៀន សុភក្ត្រា៖ ប៉ះ​ក្រុម​កាន់​តែ​ខ្លាំង យើង​កាន់​តែ​ដឹង​ចំណុច​ខ្សោយ​យើង​អី​គេ

  • 2020-07-08 08:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀន សុភក្ត្រា បាន​បង្ហាញ​​អារម្មណ៍ប្លែក​ ពេល​ក្លឹប​អគ្គិសនី​កម្ពុជា មិន​ប្រើ​កីឡាករ​បរទេស ដ្បិត​ក្រុម​ខ្លួន​​ជួបឧបសគ្គ​ខ្លះ ពេលប្រកួត​ជាមួយ​បណ្ដាក្រុម​អាជីព​​សំបូរ​ដោយ​កីឡាករ​បរទេស​ល្អៗ ក្នុងការ​ប្រកួត​ដណ្ដើមពានរង្វាន់​លីគកំពូល​កម្ពុជា។ ទោះបីជាយ៉ាងណា អតីត​​យុវជន​សាលា​បាល់​ទាត់​ជាតិ​​បាទី ថានេះជា​ឱកាស​ដ៏ល្អ​សម្រាប់​គេក្នុង​ការ​អភិវឌ្ឍ​ខ្លួន ហើយរីករាយ​ប្រជែងលើទីលាន ដោយចាត់ទុក​វាជា​ការ​ដកស្រង់​បទពិសោធន៍​ដ៏​ល្អ​បំផុត។

រូបភាពក្លឹបអគ្គិសនីកម្ពុជា

ខ្សែប្រយុទ្ធក្លឹបអគ្គិសនី​កម្ពុជា សុភក្ត្រា បញ្ជាក់ ៖«ខ្ញុំមានអារម្មណ៍ប្លែកដែរ ពេលក្រុមរបស់ខ្ញុំអត់ប្រើប្រាស់កីឡាករបរទេស អ៊ីចឹងវាជាឱកាសល្អមួយដែលធ្វើឱ្យយុវជន ហើយកូនខ្មែរយើងមានឱកាសបានលេង​ច្រើន​ ប្រកួតប្រជែងច្រើន ហើយកុ្នុងនោះក៏មានផលពិបាកមួយចំនួនដែរ...ក្លឹបភាគច្រើនគេប្រើកីឡាករបរទេសមានកាយសម្បទារឹងមាំធំៗជាងយើង ជាហេតុផលមួយធ្វើឱ្យយើង ពិបាកក្នុងការប្រជែងជាមួយគេ ប៉ុន្តែវាមិនចោទជាបញ្ហាអីប៉ុន្មានទេ ហើយអ្វីខ្ញុំសប្បាយចិត្តកាលណាយើង ប៉ះក្រុមកាន់តែខ្លាំង ការអភិវឌ្ឍខ្លួន​របស់​យើង​ វាកាន់​តែ​ល្អជាងមុន ព្រោះអីធម្មតាក្នុងការប្រកួតនីមួយៗ យើងតែងតែមានកំហុសហើយ អ៊ីចឹងយើងលេងប៉ះ​ក្រុម​កាន់​តែ​ខ្លាំង យើង​កាន់​តែ​ដឹង​ថាចំណុច​ខ្សោយ​យើង​អី​គេ អ៊ីចឹងបន្ទាប់ពីការប្រកួតនេះមក យើងព្យាយាមកែកំហុស កុំឱ្យវាមានកំហុសដដែលៗ អ៊ីចឹងយើងអភិវឌ្ឍខ្លួនលឿនទៅតាមហ្នឹងដែរ»។

ទោះបីក្លឹបមិនប្រើកីឡាករបរទេស ប៉ុន្តែសៀនសុភក្ត្រាសប្បាយចិត្ត ពេលបានលេងនៅក្លឹបអគ្គិសនីកម្ពុជា ព្រោះ​ក្លឹបនេះជា​កន្លែង​បណ្ដុះបណ្ដាលមួយសម្រាប់​យុវជន​កម្ពុជា ជាពិសេស​គេ​មាន​ឱកាស​​បង្ហាញ​សមត្ថភាព​លើលាន​ច្រើន។

សៀន សុភក្ត្រា ពន្យល់បែបនេះថា ៖«​ទីមួយ​ខ្ញុំ​ស្រលាញ់​ក្លឹប​អគ្គិសនី ទី​ពីរគឺ​នៅ​ទី​នេះ ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​បង្ហាញ​ខ្លួន​បាន​ច្រើន​ជាង​ក្លឹប​ផ្សេងៗ»។

បើ​តាម​សម្ដី​របស់​គ្រូ​បង្គោល មាស សំអឿន កាល​ពី​ដើម​ឆ្នាំ​ ក្លឹបអគ្គិសនី​កម្ពុជាមិន​ប្រើ​កីឡាករ​បរទេស​ទេ ព្រោះ​ក្លឹប​ចង់​អភិវឌ្ឍ​យុវជន​កម្ពុជាឱ្យមាន​សមត្ថភាព​ល្អ ដើម្បី​ជា​ធន់ធានប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង ក៏ដូចជាការប្រកួតកម្មវិធីនានានៅកម្ពុជា ព្រោះ​យល់​ថាក្លឹបធំៗ​នៅ MCL តែង​ប្រើ​កីឡាករ​បរទេសជាជាងកីឡាករ​ខ្មែរ។

ខ្សែប្រយុទ្ធ សៀន សុភក្ត្រា បាន​ចូល​ធ្វើតេស្ត​ជាប់នៅ​សាលាបាល់ទាត់​ជាតិ​បាទី​នៅ​ឆ្នាំ២០១៤ ហើយរូបគេ​Fធ្លាប់លេង​ U16 U18 និង U19។ ចុង​ឆ្នាំ​២០១៨ គេ​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​អគ្គិសនី​កម្ពុជា រហូត​មក​ដល់​បច្ចុប្បន្ន។ ឆ្លងកាត់​ប៉ុន្មាន​ប្រកួត​មក​នេះ គេ​ទើប​រក​បានមួយ​គ្រាប់​ប៉ុណ្ណោះ គឺ​ស៊ុត​បញ្ចូល​ទី​ក្លឹប​អង្គរថាយហ្គឹរ ជួយឱ្យអគ្គិសនីកម្ពុជា ២-២ កាល​ពី​ពេល​ថ្មីៗ​នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ