vivo ប្រកាសចេញទូរសព្ទ 5G តម្លៃ ២៣០ដុល្លារ មានអេក្រង់ 120Hz

  • 2020-07-09 09:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន iQOO Z1x ក្រោយ​ពី​បាន​ចំណាយ​ពេល​រាប់​សប្ដាហ៍​​ក្នុង​ការ​បញ្ចេញ Teaser រួច​មក។ លក្ខណៈ​សម្បត្តិ​របស់​ស្មាតហ្វូន មាន​ភាគ​ច្រើន​ដូច​ជា​ការ​រំពឹង​ទុក ប៉ុន្តែ​គេ​ភ្ញាក់ផ្អើល​ខ្លាំង​ត្រង់​តម្លៃ។

សម្រាប់​តម្លៃ​ចាប់​ពី​ប្រមាណ ២៣០​ដុល្លារ នៅ​ប្រទេស​ចិន អ្នក​ប្រើ​ប្រាស់​អាច​ទទួល​បាន​​បន្ទះ​ឈីប 5G, ថ្ម​ទំហំ ៥០០០mAh ដែល​សាក​ថ្ម​ឆាប់​ពេញ និង​អេក្រង់​ដែល​មាន Refresh Rate 120Hz ទៀត។

iQOO Z1x ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 765G ដែល​មាន​ជម្រើស​​បួន​ប្រភេទ​គឺ RAM 6GB/អង្គ​ផ្ទុក 64GB, 6GB/128GB, 8GB/128GB និង 8GB/256GB។ RAM របស់​វា​ជា​ប្រភេទ LPDDR4X និង​អង្គ​ផ្ទុក​ប្រភេទ UFS 2.1។

អេក្រង់​ LCD របស់​វា​មាន​ទំហំ ៦,៥៧អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ FullHD+ និង​មាន​ចោះ​រន្ធ​លើ​អេក្រង់​សម្រាប់​បំពាក់​កាមេរ៉ា Selfie ទំហំ ១៦MP។ កាមេរ៉ា​ខាង​ក្រោយ​មាន​បី​គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា​ Macro 2MP និង​កាមេរ៉ា​វាស់​ជម្រៅ 2MP។

នៅ​ផ្នែក​ចំហៀង​​ខាង​ស្ដាំ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ ចំណែ​ខាង​ក្រោម​មាន​រន្ធ USB Type-C និង​​រន្ធ​កាស 3.5mm។ វា​មាន​គាំទ្រ​នូវ​សេវា Dual 4G VoLTE, 5G ហើយ​មាន Wi-Fi 6 និង Bluetooth 5.1។ ថាមពល​ថ្ម​របស់​វា​មាន​កម្ឡាំង​សាក 33W។

ជម្រើស​ពណ៌​របស់ iQOO Z1x មាន​ចំនួន​បី​គឺ​ពណ៌​ខ្មៅ ខៀវ និង​ពណ៌​ស ដែល​វា​មាន​លក់​នៅ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​នេះ ​ក្នុង​តម្លៃ​ពី ២៣០​ដុល្លារ ដល់​ថ្លៃ​បំផុត ៣៣០​ដុល្លារ៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង