Galaxy Note20 លក់នៅប្រទេសកំណើត អាចនឹងប្រើឈីប Snapdragon

  • 2020-07-15 06:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ Samsung តែ​បញ្ចេញ​លក់​ស្មាតហ្វូន​ប្រើ​ឈីប Snapdragon នៅ​ទីផ្សារ​ប្រទេស​ចិន និង​អាមេរិក ខណៈ​ដែល​ទីផ្សារ​ផ្សេង​ទៀត​គឺ​ប្រើ​ប្រាស់​ឈីប Exynos។ យ៉ាងណាក្ដី​នៅ​ដើម​ឆ្នាំ ២០២០ នេះ មាន​ការ​ផ្លាស់​ប្ដូរ​ខុស​ពី​ធម្មតា ដោយ​ត្រកូល​ Galaxy S20 ប្រើ​ឈីប Snapdragon ត្រូវ​បាន Samsung ដាក់​លក់​នៅ​កូរ៉េ​ខាង​ត្បូង។

ផ្អែក​តាម​របាយការណ៍​ថ្មី​ពី​សារព័ត៌មាន​កូរ៉េខាងត្បូង Ddaily បាន​ឲ្យ​ដឹង​ថា​ Samsung នឹង​បន្ត​​ចេញ​លក់​ Galaxy Note20 និង Note20 Ultra ប្រើ​ឈីប​ Snapdragon ​នៅ​កូរ៉េ​ខាង​ត្បូង ដែល​លើក​នេះ​គឺ​ជា​ឈីប Snapdragon 865+ ដែល Qualcomm ទើប​ប្រកាស​ចេញ។ ហេតុផល​ដែល Samsung បន្ត​ប្រើ​យុទ្ធសាស្ត្រ​លក់​ស្មាតហ្វូន Snapdragon នៅ​ទឹកដី​កំណើត គឺ​ដោយ​សារ​ឈីប Snapdragon មាន​ GPU កម្លាំង​ខ្លាំង​ជាង​ឈីប Exynos។

​​​​មាន​ការ​រាយការណ៍​ថា​ GPU បាន​ក្លាយ​ជា​ចំណុច​​សំខាន់​មួយ ហើយ​ Samsung បាន​សង្កេត​ឃើញ​ចំណុច​ខុស​គ្នា​រវាង​​កម្លាំង​ក្រាហ្វិក​រវាង​ឈីប​ Exynos 990 និង Snapdragon 865។ វា​ក៏​ជា​ហេតុផល​ដែល Samsung ​សម្រេច​ប្រើ​ឈីប Snapdragon 855 នៅ​លើ​ Galaxy Fold។ បន្ថែម​ពី​នេះ​ឈីប Snapdragon ក៏​មាន​បំពាក់ Modem 5G ដែល​មាន​ល្បឿន​ដោនឡួដ និងអាប់ឡូដ​លឿន​ជាង។

ទន្ទឹម​នឹង​នេះ​ដែរ Samsung ក៏​កំពុង​ព្យាយាម​បង្កើន​សមត្ថភាព​ក្រាហ្វិក​លើ​ឈីប Exynos របស់​ខ្លួន ដោយ​សហការ​ជា​មួយ​ AMD ប្រើ​ប្រាស់​បច្ចេកវិទ្យា Radeon។ គេ​អាច​នឹង​ឃើញ​ឈីប Exynos ដែល​ប្រើ​ប្រាស់​ក្រាហ្វិក AMD Radeon ​ក្នុង​អំឡុង​ឆ្នាំ​ក្រោយ​នេះ ដែល​អាច​មាន​ឈ្មោះ​ថា Exynos 1000។ Galaxy S21 (ឬ Galaxy S30) អាច​ជា​ស្មាតហ្វូន​ដំបូង​ដែល​ប្រើ​ប្រាស់​ឈីប Exynos 1000៕​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង