ចូលរួម​រំលែក​ទុក្ខ!​ ក្រុម​គ្រួសារ​កីឡា​ហែលទឹក​ ដោយ​លោក​ ហែម​ លំផាត់​ បាន​ទទួល​មរណភាព​

  • 2020-07-15 06:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ និង​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កីឡា​ហែល​ទឹក​នៅ​កម្ពុជា​ លោក​ ហែម​ លំផាត់​ បាន​ទទួល​មរណភាព​ហើយ​កាល​ពី​យប់​ម៉ោង​១ ​ថ្ងៃ​ទី១៥​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នេះ​ដោយ​រោគាពាធ។​

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ និង​ជា​ប្អូន​របស់​លោក​ ហែម​ លំផាត់​ បាន​បង្ហោះ​លើ​ហ្វេសបុក​របស់​ខ្លួន​ថា​ «បងខ្ញុំទៅហើយ សូមអោយបងទៅអោយបានសុខ ! »។​ «វាលឿនហួសដែលពួកយើងពិបាកនិងទទួលយកបាន តែបងទៅបានសុខហើយឈប់ឈឺ ឈប់ពិបាក និងឈប់គិត ទៅអោយដល់ទីផុតទុក្ខណាបងប្រុសជាទីគោរពនិងស្រលាញ អោយប្អូនសូមទោសដែលប្អូនមិនអាចជួយបងបាន !​ »

តាម​ដំណឹង​មក​ថា​លោក​ ហែម​ លំផាត់​ មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ​ បើ​ទោះ​ជា​មាន​ការ​ខំប្រឹង​ប្រែង​សង្គ្រោះ​យ៉ាង​ណា​ពី​សំណាក់​គ្រូពេទ្យ​ក៏​នៅ​មិន​អាច​ជួយ​ស្រោចស្រង់​ជីវិត​របស់​លោក​បាន​ដែរ។​ រំលឹក​ដែរ​ថា​អតីត​កីឡាករ​ហែល​ទឹក​ និង​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ខាង​លើ​បាន​ទទួល​មរណភាព​កាល​ពី​ម៉ោង​១​យប់​មិញ ​ថ្ងៃ​ទី១៥ ​កក្ដដា​ ឆ្នាំ​២០២០។

ខាងក្រោម​នេះ​ជា​ស្នាដៃរបស់លោកគ្រូ ក្នុងការជួយកីឡាហែលទឹកកម្ពុជា៖

-ឆ្នាំ២០១១ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៦ ប្រទេស ឥណ្ឌូនេស៊ី បានទទួល មេដាយ ប្រាក់១គ្រឿង សំរឹទ្ធិ៤គ្រឿង

-ឆ្នាំ២០១៤ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៧ ប្រទេស ភូមា បានទទួល មេដាយមាស១គ្រឿង

-ឆ្នាំ២០១៥ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៨ ប្រទេស សឹង្ហបុរី មេដាយ សំរឹទ្ធិ១គ្រឿង

-ឆ្នាំ២០១៧ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ប្រទេស ម៉ាឡេស៊ី មេដាយ ប្រាក់១គ្រឿង សំរឹទ្ធិ១គ្រឿង

សរុបមកក្នុងការដឹកនាំរបស់ លោកគ្រូ ហែម លំផាត់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានទទួលមេដាយផ្នែកហែលទឹកសរុប មាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធិ៦គ្រឿង។

អត្ថបទ៖ នួន សីណា