​សម្លឹង​មើល​ទូរសព្ទ​ពេល​យប់​​ប៉ះ​ពាល់​ភ្នែក​​​​​ ដេក​​អត់​​លក់​ គួរ​ធ្វើ​បែប​ណា?

  • 2020-07-22 09:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្លឹង​មើល​អេក្រង់​ឧបករណ៍​អេឡិចត្រូនិក​ដូច​ជា​ស្មាតហ្វូន​ ឬ​ ថេប្ល៊ែត​​​​នៅ​ពេល​យប់​វា​ជា​បញ្ហា​​​បង្ក​ឲ្យ​ដេក​ពុំ​លក់ ព្រោះ​ថា​ពន្លឺ​ពណ៌​ខៀវ​ដែល​ចេញ​ពី​អេក្រង់​​​ឧបករណ៍​ទាំង​នោះ​ វា​រំខាន​ដល់​ការ​​ផលិត​អ័រម៉ូន​ម៉េឡាតូនីន (Melatonin) (ជា​​អ័រម៉ូន​មួយ​ប្រភេទ​​​​​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ខួរ​ក្បាល​​ នៅ​ពេល​យប់ ​ឬ​ក្នុង​ស្ថាន​ភាព​ងងឹត​ ហើយ​វា​ប្រាប់​ឲ្យ​រាង​កាយ​បាន​ដឹង​ថា​វា​ជា​ពេល​យប់​និង​ជា​ពេល​ដែល​ត្រូវ​ដេក)។ ដូច្នេះ​ដើម្បី​ការពារ​​នូវ​ការ​ប៉ះពាល់​នេះ​ ​​សូម​អនុវត្ត​តាម​គន្លឹះ​ខាង​ក្រោម៖

gallery_nrm_1424861698-woman-staring-at-phone-before-bed

១. ​​ឈប់​ប្រើ​មុន​ពេល​ចូល​គេង ២ ម៉ោង

រៀង​រាល់​មុន​ពេល​ចូល​គេង​រយៈ​ពេល​​២ម៉ោង ​អ្នក​ប្រើ​ប្រាស់គួរ​បញ្ឈប់​ការ​ប្រើ ​ឬ​សម្លឹង​​មើល​ទៅ​អេក្រង់​ ស្មាតហ្វូន​ ឬ​ ថេប្ល៊ែត។ រាង​កាយ​របស់​មនុស្ស​ចាប់​ផ្ដើម​បង្កើត​អ័រម៉ូន​​ម៉េឡាតូនីន​​ប្រហែល​ជា​មុន​ពីរ​ម៉ោង​ប៉ុណ្ណោះ​មុន​​ម៉ោង​ចូល​គេង​។ មាន​ន័យ​ថា ​​​បើ​ទម្លាប់​ចូល​គេង​​​គឺ​ម៉ោង​ ១២ ដូច្នេះ​រាង​កាយ​​នឹង​មិន​ចាប់​​ផ្ដើម​ផលិត​អ័រម៉ូន​ម៉េឡាតូនីន​មុន​ម៉ោង​ ១០ នោះ​ទេ។ ដូច្នេះ​​គួរ​តែ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ឧបរណ៍​ទាំង​នោះ​​ពីរ​ម៉ោង​មុន​ម៉ោង​ចូល​គេង ​ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ការ​ផលិត​អ័រម៉ូន​ម៉េឡាតូនីន។

២. ​គួរ​ប្រើ​ឧបករណ៍​មាន​ផ្ទៃ​អេក្រង់​តូច ​ បើកាល​ណា​ការ​សម្លឹង​មើល​ផ្ទៃ​អេក្រង់​កាន់​តែ​ធំ​ វា​នឹងទទួល​ពន្លឺ​ក៏​កាន់​តែ​ខ្លាំង​ដែរ​ ជា​ពិសេស​ពន្លឺ​ពណ៌​ខៀវ​ដែល​ចេញ​ពី​អេក្រង់​​ដែល​ជា​ហេតុ​ធ្វើ​​ឲ្យ​​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ផង​ដែរ។

៣. ​បន្ថយ​ពន្លឺ​អេក្រង់

18ixd7uak5w35png ​ ជា​មួយ​គ្នា​នោះ​ដែរ​ បើ​កាល​ណា​ពន្លឺ​ចេញ​ពី​អេក្រង់​កាន់​តែ​ភ្លឺ​ វា​អាច​ជះ​ឥទ្ធិពលកាន់​តែ​​ខ្លាំង​ដល់​ភ្នែក​ ហើយ​​នឹង​នាំ​ឲ្យ​មាន​ការ​រំខាន​​កាន់​តែ​ខ្ពស់​ដល់​ការ​ផលិត​អ័រម៉ូន​​ម៉េឡាតូនីន​កាន់​តែ​ច្រើនផង​ដែរ​។ ដូច្នេះ​គួរ​បន្ថយ​ពន្លឺ​អេក្រង់​ឲ្យ​ស្ថិត​ក្នុង​កម្រិត​សមរម្យ​មួយ​​ដើម្បី​ជួយ​កាត់​បន្ថយ​នូវ​ចំនួន​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចូល​ភ្នែក។

  ៤. ​ប្រើ​ Kindle ជំនួស

amazon-kindle-fire-reading-book

ជា​ការ​ពិត​ណាស់​​​នៅ​ពេល​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​ដែល​មាន​ពន្លឺ​ខ្លាំង​នៅ​ពេល​យប់​ វា​នឹង​ធ្វើ​ឲ្យមាន​ការ​រំខាន​ដល់​ការ​គេង ដូច្នេះ​អ្នក​ប្រើ​ប្រាស់​​​​អាច​ងាក​មក​​​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ជំនួស ​ដែល​មិន​បញ្ចេញ​ពន្លឺ​ខ្លាំង។ ​ជាក់​ស្ដែង​ដូច​ជា​ឧបករណ៍​ Kindle ជា​ដើម​ដែល​យើង​អាច​ប្រើ​វា​​សម្រាប់​ការ​​​​អាន​សៀវភៅ​បាន។

៥. ប្រើ​កម្មវិធី​ជំនួយ​ដើម្បី​ជួយ​សម្រួល​ពន្លឺ

បើ​និយាយ​ពី​កម្មវិធី​ជួយ​សម្រួល​ពន្លឺវិញ​​ គឺ​មាន​កម្មវិធី​មួយ​ចំនួន​ដែល​អាច​ប្រើ​បាន​ជា​មួយ​នឹង​ទូរសព្ទ​ស្មាតហ្វូន​ និង​ថេប្ល៊ែត​ ដោយ​កម្មវិធីទាំង​នោះ​​អាច​ជួយ​សម្រួល​នូវ​អាំងតង់ស៊ីតេ​ពណ៌​​នៃ​ការ​ជះ​ពន្លឺ​ចេញ​ពី​អេក្រង់។ កម្មវិធី​ដែល​អាច​ប្រើ​បាន​មាន​ដូចជា​​​ f.lux ​ដោយ​វា​អាច​សម្រួល​ពន្លឺ​ ​និង​ពណ៌​បាន​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​ផ្អែក​ទៅ​តាម​ពន្លឺ​ថ្ងៃ​។ ចំណែក​ឯ​កម្មវិធី​មួយផ្សេង​​ទៀត​នោះ​គឺ​ Night Filter​ ដែល​មាន​មុខងារ​ដូច​គ្នាដែរ។

៦. ​ពាក់​វ៉ែនតា​ការពារ​ពន្លឺ

31FC-p7fnHL

ជំនួស​ដោយ​ការ​ប្រើ​កម្មវិធី​ដើម្បី​សម្រួល​ពន្លឺ​​ អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ជ្រើសរើស​ការ​ប្រើប្រាស់​នូវ​វ៉ែន​តា​ការពារ​ពន្លឺ​​បាន ដោយ​វ៉ែន​តា​​ប្រភេទ​នេះ​អាច​ជួយ​ការ​ពារ​ និង​ជួយ​រារាំង​ពន្លឺ​ពណ៌​ខៀវ​មិន​ឲ្យ​ចូល​ដល់​ប្រស្រី​ភ្នែក​បាន។

៧. ចេញ​ក្រៅ​ឲ្យ​បាន​ច្រើន​នៅ​ពេល​ថ្ងៃ

ការ​ដើរ​ចេញ​ក្រៅ​​នៅ​ពេល​ថ្ងៃ​បាន​ច្រើន​ក៏​ជា​ផល​ល្អ​មួយ​ផង​ដែរ​ដើម្បី​ឲ្យ​ការ​គេង​នៅ​ពេល​យប់​​បាន​ស្រួល​ ​ព្រោះថា​​វា​ធ្វើ​ឲ្យ​រាង​កាយ​ទទួល​បាន​ពន្លឺ​ពណ៌​ខៀវ​ធម្មជាតិ​បាន​ច្រើន និង​អាច​​​ប្រឆាំង​ទៅ​នឹង​ការ​ប៉ះពាល់​ពន្លឺ​ពណ៌​ខៀវ​ចេញ​ពី​អេក្រង់​ឧបករណ៍​អេឡិចត្រូនិច​នៅ​ពេល​យប់​បាន​ថែម​ទៀត​ផង។ ​ទោះ​បី​ជា​ពន្លឺ​ពណ៌​ខៀវ​វា​មាន​ផល​ប៉ះពាល់​នៅ​ពេល​យប់​មែន ​ប៉ុន្តែ​វា​​ក៏​មាន​ផល​ល្អ​ផង​ដែរ​​​ជា​ពិសេស​គឺ​​វា​មាន​ផល​ល្អ​សម្រាប់​មុខងារ​ជីវសាស្ត្រ។ ​ពន្លឺ​ពណ៌​ខៀវ​មាន​មុខងារ​​ឲ្យ​ដំណឹង​​​ប្រាប់​ទៅ​កាន់​រាង​កាយ​ឲ្យ​ដឹង​ថា​វា​ជា​ពេល​ថ្ងៃ​ ហើយ​វា​ជា​ពេល​ដែល​ត្រូវ​ធ្វើ​ការ​។ ប៉ុន្តែ​វា​អាច​ជា​ផល​អាក្រក់​​នៅ​ពេល​ដែល​យើង​ទទួល​វា​ច្រើន​ពេក​នៅ​ពេល​យប់ព្រោះ​វា​នឹង​ប្រាប់​ឲ្យ​រាង​កាយ​​របស់​យើង​មិន​ឲ្យ​​ដេក​៕

 ប្រភព៖ fastcompany

អត្ថបទពេញនិយម