អាសូរ​ណាស់! ក្មួយ​ស្រី​ដ៏​ស្រស់​ស្អាត​របស់ ម៉ាដូណា ត្រូវ​រថយន្ត​បុក​របួស​ធ្ងន់ធ្ងរ

  • 2020-07-24 02:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាដូណា និង​ក្រុម​គ្រួសារ​កំពុង​កើត​ទុក្ខ ក្រោយ​ពី​ក្មួយ​ស្រី​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ដែល​ជា​តារា​ម៉ូដែល​មួយ​រូប​ដែរ​នោះ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ធ្វើ​ឲ្យ​របួស​ធ្ងន់ធ្ងរ។

ហេតុការណ៍​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី ២២ នៅ​ម្ដុំ​ផ្សារ​ធំ​ថ្មី។ តាម ម៉ាដូណា បាន​ឲ្យ​ដឹង​ថា ក្មួយ​ស្រី​របស់​លោក គឺ​ជា​តារា​ម៉ូដែល​មួយ​រូប ហើយ​នៅ​យប់​កើត​ហេតុ គឺ​ក្មួយ​ស្រី​រូប​នេះ រួម​ជាមួយ​មិត្ត​ភ័ក្តិ​ម្នាក់ បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​ហាត់​ដើរ​ម៉ូដ និង​បាន​ឆៀង​ទៅ​ញុំា​អី ហើយ​ក៏​ជួប​ហេតុការណ៍​អាក្រក់​តែ​ម្ដង។ ក្រោយ​កើត​ហេតុ អ្នក​រួម​ដំណើរ​ជាមួយ រង​របួស​ស្រាល ឯ​ក្មួយ​ស្រី​លោក​ដែល​មាន​ឈ្មោះ​ថា ឃីណា រីយ៉ា ហៅ​អារីយ៉ា អាយុ ២០​ឆ្នាំ រង​របួស​ធ្ងន់ ត្រូវ​បញ្ជូន​ភ្លាម​ៗ​មក​មន្ទីរ​កាល់​ម៉ែត្រ។

ចំពោះ​ស្ថានភាព​របួស​ជាក់​ស្ដែង​ផ្ដល់​ដោយ​គ្រូពេទ្យ ម៉ាដូណា ប្រាប់​ថា ក្មួយ​ស្រី មាន​របួស​ពក​ធំ​ៗ​២កន្លែង​លើ​ក្បាល ប្រេះ​ថ្លើម និង​មាន​ឈាម​កក​ថែម​ទៀត។ គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​២៣ ម្សិលមិញ ក្មួយ​ស្រី​រូប​នេះ មិន​ទាន់​អាច​ផ្ដល់​ព័ត៌មាន​នៅ​ឡើយ ដោយ​សារ​នៅ​រវើរវាយ ហើយ​គ្រូ​ពេទ្យ​នៅ​បន្ត​តាម​ដាន​បន្ថែម​ទៀត។

ចំពោះ​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​មក​លើ​ក្មួយ​ស្រី ម៉ាដូណា និង​មិត្ត​ម្នាក់​ទៀត​នេះ មិន​ដឹង​ថា​ម៉ាក​អ្វី ពណ៌​អ្វី ហើយ​ហេតុការណ៍​ជាក់​លាក់​យ៉ាង​ណា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​នោះ​ទេ។ តារា​កំប្លែង​មាន​ប្រជាប្រិយ លើក​ឡើង​ថា អ្វី​ៗ​នៅ​មិន​ទាន់​យក​ជា​ការ ដោយ​សារ​តែ​ក្មួយ​ស្រី​លោក មិន​ទាន់​អាច​ផ្ដល់​ព័ត៌មាន​ច្បាស់​លាស់​បាន។

យ៉ាង​ណា​ក៏​ដោយ លោក ម៉ាដូណា ស្នើ​ឲ្យ​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​មក​លើ​ក្មួយ​ស្រី​លោក ចូល​ខ្លួន​មក​ដោះ​ស្រាយ​ជាមួយ​ក្រុម​គ្រួសារ​អ្នក​រងគ្រោះ​មុន​ពេល​លោក​អាច​រក​ឃើញ​អត្តសញ្ញាណ ហើយ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជា​សាធារណៈ។ លោក​ឲ្យ​ដឹង​បន្ថែម​ថា ក្រោយ​ពី​ច្បាស់​ពី​ទី​កន្លែង​កើត​ហេតុ លោក​នឹង​ស្នើ​សុំ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​របស់​បង​ប្អូន​ជា​ម្ចាស់​គេហដ្ឋាន ឬ​ហាង​នានា​ដែល​នៅ​ជិត​ៗ​នោះ មើល។

ប្រសិន​បើ​លោក​រក​បាន​វីដេអូ​ភស្តុតាង​នោះ លោក​នឹង​បង្ហោះ​បក​អាក្រាត​ពី​អត្តសញ្ញាណ​អ្នក​បង្ក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រសិន​ណា អ្នក​បើក​រថយន្ត​បង្ក​រូប​នោះ មិន​បាន​ចូល​ខ្លួន​មក​ទទួល​ខុសត្រូវ​លើ​រឿង​កើត​ឡើង​ចំពោះ​ក្មួយ​ស្រី​របស់​លោក​ជា​មុន​ទេ​នោះ៕​

អត្ថបទ៖ ទារិកា