សប្បាយមើលទៀតហើយ! ម្ចាស់ខ្សែក្រវាត់មាស ប៉ះម្ចាស់ពាន ISI ដណ្ដើមប្រាក់លាន
- 2020-07-29 03:30:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្បាយមើលទៀតហើយ! ម្ចាស់ខ្សែក្រវាត់មាស ប៉ះម្ចាស់ពាន ISI ដណ្ដើមប្រាក់លាន
ចន្លោះមិនឃើញ
កីឡាករកំពុងឡើងកូដខ្លាំង និងជាម្ចាស់ខ្សែក្រវាត់មាស អេលីត ចំរើន នឹងត្រូវប៉ះម្ចាស់ពាន ISI ឈិត សេរីវណ្ណថង ដណ្ដើមប្រាក់លាននារសៀលថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០ នៅសង្វៀន CNC ។
ច្បាស់ជាកក្រើកហើយគូនេះព្រោះម្នាក់ៗសុទ្ធតែអ្នកមានថ្វី មានស្នៀតប្រយុទ្ធគ្រោះថ្នាក់ និងមានសន្ទុះអ្នកគាំទ្រច្រើនរៀងៗខ្លួន។ កីឡាករ អេលីត ចំរើន អ្នកតាមដានគុនខ្មែរច្បាស់ជាស្គាល់ហើយសមត្ថភាពប្រកួត និងរន្ទះជើងរបស់គេ ជាពិសេសការប្រកួតដណ្ដើមខ្សែក្រវាត់ប្រាក់ ខ្សែក្រវាត់មាស របស់ PNN។ អ្នកប្រដាល់រូបនេះមានស្នៀតទាត់ធ្ងន់ល្អ និងកែងដ៏គ្រោះថ្នាក់។
ចំណែកអ្នកលេងគុនខ្មែរប្រចាំក្លឹបរ៉ាហ៊ូកីឡាខេត្តបាត់ដំបង ឈិត សេរីវណ្ណថង វិញមួយរយៈពេលនេះហាក់ធ្លាក់បន្តិច ប៉ុន្តែប្រកួតចុងក្រោយយកឈ្នះសិស្សច្បង ម៉ន សាម៉េត ថ្មីៗនេះ។ វណ្ណថង ជាកីឡាករល្អគ្រប់គ្រឿងម្នាក់ដែរ ស្នៀតទាត់ កែង ម៉ាត់ សុទ្ធតែល្អ បើទោះជាអ្នកប្រដាល់រូបនេះភាគច្រើនថយវ៉ៃក៏ដោយ។ ការប៉ះគ្នារវាង វណ្ណថង និង អេលីត ចំរើន នេះពិបាកស្មាន់លទ្ធផលមុនណាស់ព្រោះសមត្ថភាពប្រហាក់ប្រហែលគ្នា អ្នកណាប្រហែសអាចនឹងចាញ់ភ្លាមៗតែម្ដង។
រំលឹកដែរថា កីឡាករ ឈិន សេរីវណ្ណថង នឹងត្រូវប្រកួតដណ្ដើមប្រាក់លានក្នុងកម្មវិធីខារ៉ាបាវ របស់សង្វៀន CNC នៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០ នេះចាប់ពីម៉ោង២តទៅ។ កុំភ្លេចរង់ចាំទស្សនាការប្រកួតនេះទាំងអស់គ្នា៕