ភ្ញាក់ព្រើត...ពេលលេចមុខ លឹម ឡានី ជាមួយនឹងកូន ទាំងមិនដែលឮពីដំណឹងចូលរោងការសោះ
- 2020-07-30 03:35:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ព្រើត...ពេលលេចមុខ លឹម ឡានី ជាមួយនឹងកូន ទាំងមិនដែលឮពីដំណឹងចូលរោងការសោះ
ចន្លោះមិនឃើញ
អតីតតារាបង្ហាញម៉ូត និងសម្ដែងស្រីល្បីឈ្មោះមួយរូប គឺអ្នកនាង លឹម ឡានី ហៅMichells ស្រាប់តែលេចមុខជាមួយនឹងអតីតដៃគូសម្ដែងរឿងរបស់នាង គឺលោក សាវិន ហ្វីលីប នៅខេត្តសៀមរាប ម្សិលមិញ។
តារាស្រីរូបស្រស់ លឹម ឡានី ដែលបាត់មុខពីសិល្បៈជាង១០ឆ្នាំទៅហើយនោះ បានប្រាប់ Sabay នៅថ្ងៃទី៣០ ខែកក្កដា នេះថា ភាពមមាញឹកក្នុងការងារជាតំណាងទូតសុច្ឆន្ទៈរបស់ស្រាបៀ Heineken បានធ្វើឲ្យនាងឡើងចុះប្រទេសនៅប៉ែកអឺរ៉ុបញឹកញាប់។ ទើបតែរយៈពេល៣ឆ្នាំចុងក្រោយនេះទេ ដែលនាងសម្រេចថាយកកូនដោយខ្លួនឯង ទើបនាងរស់នៅជាប់លាប់នៅស្រុកខ្មែរ ប៉ុន្ដែនៅតែមិនចេញមុខក្នុងសិល្បៈ និងជួបមិត្ដភ័ក្ដិដដែល។
ជុំវិញការមានកូនដោយពុំមានស្វាមី ឬបានឮដំណឹងពីគម្រោងរៀបមង្គលការម្ដងណាសោះនោះ ត្រូវបាន លឹម ឡានី បកស្រាយថា នាងពិតជាបង្កើតបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់មែនដែលគិតមកដល់ពេលនេះមានអាយុជាង២ខួបហើយ ហើយការណ៍ដែលនាងមានផ្ទៃពោះ គឺនាងបានទិញមេជីវិតពីបុរសជនជាតិបរទេសម្នាក់ដើម្បីពពោះ៖"ខ្ញុំលាក់រឿងនេះយូរហើយ ហើយខ្ញុំក៏មិនដែលទាក់ទងខាងភាគីបុរសនោះទៀតដែរ"។
អតីតតារាសម្ដែង និងបង្ហាញម៉ូត លឹម ឡានី មិនបានបង្ហាញមុខបុរសណាម្នាក់ដែលគេអាចសង្ស័យថាជាឪពុករបស់ក្មេងនោះទេក្នុងដំណើរកម្សាន្តទៅកាន់ខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាបក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ប៉ុន្តែនាងបានជួប និងថតរូបសែលហ្វីជាមួយអតីតដៃគូសម្ដែងរឿងមួយក្នុងឆ្នាំ២០១៤ ម្នាក់ គឺលោក សាវិន ហ្វីលីប នៅសៀមរាប។ បច្ចុប្បន្ននាង និងកូនមានឱកាសច្រើនសម្រាប់ដំណើរកម្សាន្តក្នុងស្រុក។
អ្នកនាង លឹម ឡានី ហៅMichelle បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៩ តាមរយៈការប្រឡងតារាបង្ហាញម៉ូត។ រូបនាងធ្លាប់ត្រូវបានក្រុមហ៊ុនផលិតស្ពតពាណិជ្ជកម្មល្បីៗហៅថតជាច្រើន ហើយនៅមុនពេលនាងបាត់មុខឈឹងពីសិល្បៈ ឡានី បានថតខ្សែភាពយន្តខ្នាតធំមួយក្នុងឆ្នាំ២០១៤ គឺរឿង"ហនុមាន" ដែលកាលណោះនាងបានដើរជាតួអង្គរងជាមួយតារាសម្ដែងប្រុស សាវិន ហ្វីលីប៕