អេលីត​ ចំរើន៖​ ប្រកួត​ជា​មួយ​ សេរីវណ្ណថង​ ពិបាក​ជាង​កាល​ប៉ះ​ ប៊ុន​ សុធា​ ទៅ​ទៀត​

  • 2020-08-05 05:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្រវាត់​មាស​ អេលីត​ ចំរើន​ ថា​សម្រាប់​ការ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ ឈិត​ សេរីវណ្ណថង​ នេះ​គឺ​ពិបាក​ជាង​វ៉ៃ​ជា​មួយ​កីឡាករ​ ប៊ុន​ សុធា​ ពី​ពេល​មុន​នោះ​ទៀត។​

អេលីត ចំរើន (ខៀវ)

អេលីត​ ចំរើន​ បាន​ឲ្យ​ដឹង​ក្រោយ​ប៉ះ​ សេរីវណ្ណថង​ ថា​ខ្លួន​មាន​ពិបាក​ខ្លាំង​ចំពោះ​ការ​ប្រកួត​មួយ​នេះ​ទម្រាំ​អាច​យក​ឈ្នះ​បាន​គឺ​មាន​ការ​ផ្លាស់ប្ដូរ​វិធី​សាស្ត្រាថ្មី​វ៉ៃ​តាម​គ្រូ​ផង​ដែរ​នៅ​ទឹក ៤-៥​ ទើប​ទទួល​បាន​ជ័យជម្នះ​បែប​នេះ។​

កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ខ្លួន​ និង​ វណ្ណថង​ ចូល​ចិត្ត​ស្ដាយ​ថយ​វ៉ៃ​ដូច​គ្នា​ ហេតុ​នេះ​ហើយ​អ្នក​ដែល​ចូល​ដេញ​វិញ​គឺ​ត្រូវ​ច្រើន។​ មួយ​វិញ​ទៀត​ វណ្ណថង​ ដឹង​ពី​ស្នៀត​របស់​ខ្លួន​ល្អ​ទាត់​ឆ្វេង​ និង​ម៉ាត់​ ដូច្នេះ​ហើយ​នៅទឹក ២-៣​ គឺ​ដៃគូ​ថយ​ផុត​ៗ​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការវ៉ៃ​តែ​ម្ដង។

អេលីត ចំើរន ពេលឈ្នះ វណ្ណថង

ម្ចាស់​ខ្សែក្រវាត់​មាស​រូប​នេះ​លើក​ឡើង​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​ជា​មួយ​ វណ្ណថង​ នេះ​គឺ​ពិបាក​ជាង​ប៉ះ​ ប៊ុន​ សុធា​ នៅ​ PNN​ ទៅ​ទៀត។​ ប៊ុន​ សុធា​ គឺ​គេ​ដើរ​ចូល​វ៉ៃ​ និង​ចាប់​វ៉ៃ​ជង្គង់​ ដូច្នេះ​ស្រួល​វ៉ៃហើយ​អាច​ទាត់​បាន​ច្រើន​ទៀត​ ចំណែក​ វណ្ណថង​ មិន​អញ្ចឹង​ទេ។​

រំលឹក​ដែរ​ថា​ អេលីត​ ចំរើន​ បាន​ប្រកួត​ឈ្នះ​ពិន្ទុ​ ឈិត​ សេរីវណ្ណថង​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១​ ខែ​សីហា​ ឆ្នាំ​២០២០​ កម្មវិធី​ដណ្ដើម​ប្រាក់​លាន​នៅ​ CNC។​ កីឡាករ​រូប​នេះ​ក៏​ធ្លាប់​ទម្លាក់​ ប៊ុន​ សុធា​ ១ដង​ដែរ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ លើ​សង្វៀន​ PNN​ ប៉ុន្មាន​ខែ​មុន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​