ក្រោយ​ចុះ​ពិនិត្យ​រោង​ភាពយន្ត​ចប់​សព្វ​គ្រប់ លោក ប៉ុក បូរក្ស អោយ​តម្រុយ​ហើយ!

  • 2020-08-05 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ និង​ជា​សមាសភាព​មួយ​ក្នុង​គណៈកម្មការ​ចម្រុះ​ក្រសួង បាន​ប្រាប់​តម្រុយ​ថា ឆ្លង​ការ​ត្រួត​ពិនិត្យ រោងភាពយន្ត​ធំ​ក្នុង​ស្រុក​បាន​អនុវត្ត​បាន​ល្អ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​អំពី​វិធាន​នៃ​ការ​បង្ការ និង​ទប់​ស្កាត់​មេរោគ​ខូវីដ ១៩។

នៅ​ម្សិល​មិញ​នេះ គណៈ​កម្មការ​ចម្រុះ​ក្រសួង​ដឹកនាំ​ដោយ​នាយកដ្ឋាន​ភាពយន្ត បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​រោងភាពយន្ត ទាំង​អស់​ចំនួន ២៤ ទីតាំង ក្នុង​នោះ​រោងភាពយន្ត​ប្រភេទ​ធំ​ដែល​មាន​កៅអី​លើស​ពី ២០០ ចំនួន ១៤ទី​តាំង រោងភាពយន្ត​ខ្នាត​តូច​ដែល​មាន​កៅអី​ក្រោម ២០០ ចំនួន ១០​ទីតាំង​ទៀត។ នេះ​គឺ​ជា​បេសកកម្ម​កម្មការ​ចម្រុះ ដើម្បី​ធានា​ថា រោងភាពយន្ត​ទាំង​អស់​បាន​អនុវត្ត​បាន​ត្រឹម​ត្រូវ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួម​គ្នា​ទប់​ស្កាត់​ការ​រីក​រាល​ដាល ក៏​ដូច​ជា​រលក​ទី​២​នៃ ខូវីដ ១៩ មុន​ពេល​រោងភាពយន្ត​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើងវិញ។

ក្រោយ​ការ​ត្រួត​ពិនិត្យ លោក បូរក្ស បាន​មើល​ឃើញ​ពី​ចំណុច​វិជ្ជមាន​ដែល​ថា រោងភាពយន្ត​ក្នុង​ស្រុក​ទំនង​អាច​ត្រូវ​បាន​អនុញ្ញាត​ឡើង​វិញ​ឆាប់​ៗ។ “យើង​បាន​មើល​រួច​ហើយ ហើយ​រោងកុន​ទាំង​អស់ គឺ​គាត់​បាន​ត្រៀម​នូវ​វិធានការណ៍ ការពារ​ប្រការ​ទប់​ស្កាត់​ហ្នឹង គឺ​បាន​ត្រឹម​ត្រូវ​អស់​ហើយ ល្អ លើស​ពី​ការ​រំពឹង​ទុក​របស់​យើង!”។

ប្រធាន​នាយកដ្ឋាន​ដដែល បាន​គូស​បញ្ជាក់​ថា គណៈកម្មការ​ចម្រុះ​បាន​ទៅ​ដល់​រោងភាពយន្ត​ខ្នាត​ធំ​ចំនួន ៦ទីតាំងក្នុង​នោះ មាន​រោងភាពយន្ត Major Cineplex សាខាអ៊ីអន​១ និង​សូរិយា រោងភាពយន្ត​លីជេន​សាខា អេឌិន​ហ្គាឌិន និង Exchange Square និង​រោងភាពយន្ត Prime នៅ​ទួលគោក និង​ចោមចៅ។ ការណ៍​នេះ លោក​ថា អះអាង​ថា រោងភាពយន្ត​ធំ​ៗ​ទាំង ៦​ក្នុង​ចំណោម ១៤ទីតាំង​នេះ គណៈកម្មការ​ចម្រុះ​បាន​វាយ​តម្លៃ​ជា​រួម​ថា មាន​ការ​អនុវត្តន៍​បាន​ល្អ។

“យោង​លើ​ការ​ចុះ​អង្កេត​លើ​រោង​ទាំង ៦​នេះ យើង​អាច​វិនិច្ឆ័យ​ថា រោងភាពយន្ត​បាន​រៀប​ចំ​ខ្លួន​បាន​ត្រឹមត្រូវ​ទៅ​លើ​វិធាន​នៃ​ការ​ការពារ ប្រការ​និង​ទប់​ស្កាត់​មេរោគ​នេះ។ ដូច្នេះ​ជា​យោបល់​របស់​ក្រុម​ការងារ យើង​យល់​ថា គួរ​តែ​អនុញ្ញាត​ជូន!”។

បែប​នេះ​ក្ដី លោក​ថា នេះ​គ្រាន់​តែ​ជា​យោបល់​របស់​គណៈកម្មការ​ចម្រុះ​ក្រសួង​ប៉ុណ្ណោះ ប៉ុន្តែ​ការ​សម្រេច​បែប​ណា​នោះ លោក​ថា ជា​សមត្ថកិច្ច​របស់​ក្រសួង​សុខាភិបាល​ប៉ុណ្ណោះ ដែល​បន្ទាប់​ពី​នេះ​ក្រុម​ការងារ​គណៈកម្មការ​ចម្រុះ​ក្រសួង​នឹង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ក្រសួង​សុខាភិបាល​ពិនិត្យ និង​សម្រេច។

ក្រៅ​ពី​រោងភាពយន្ត​ធំ​ៗ​នៅ​ក្នុង​ស្រុក​ដែល​ទទួល​បាន​ការ​វាយ​តម្លៃ​ល្អ​ពី​ការ​អនុវត្ត​តាម​គោលការណ៍​សុវត្ថិ​បញ្ចៀស​ខ្លួន​ពី​ខូវីដ១៩​នោះ លោក ប៉ុក បូរក្ស ប្រាប់​ថា រោងភាពយន្ត​តូច​ៗ​ដែល​មាន​១០​ទីតាំង​ផ្សេង​ទៀត ត្រូវ​បាន​ប្រគល់​ជូន​ទៅ​មន្ទីរ​ធ្វើ​ការ​បន្ត ត្បិត​ថា​រោងភាពយន្ត​ខ្នាត​តូច​ទាំង​នោះ​អាជ្ញាប័ណ្ណ​ផ្ដល់​ដោយ​មន្ទីរ។ ទោះ​យ៉ាង​ណា លោក​លើក​ឡើង​ថា រោងភាពយន្ត​ខ្នាត​តូចៗ​ដែល​ខ្លះ​មាន​កៅអី​ត្រឹម ១០ ឬ​តិច​ជាង​នេះ​នោះ ទំនង​មិន​ជា​កន្លែង​ប្រឈម​ខ្លាំង​នោះ​ទេ៕

អត្ថបទ៖ ទារិកា