ទូតអាមេរិកបញ្ជាក់ថា មិនមានករណីឆ្លងវិជ្ជមានកូវីដ១៩ នៅក្នុងសហគមន៍ទូត ប្រចាំកម្ពុជា

  • 2020-08-05 09:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ សូមបញ្ជាក់ថា មិនមានករណីវិជ្ជមាន នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ស្ថានទូត នៅត្រឹមថ្ងៃទី ៥ ខែសីហាទេ។ នេះបើយោងតាមប្រភពពី​ ផេករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានសរសេរបញ្ជាក់មុននេះ។

ប្រភពដដែលបានសរសេរទៀតថា សមាជិកបួនរូប នៃសហគមន៍ស្ថានទូតសហរដ្ឋអាមេរិក បានធ្វេីតេស្តវិជ្ជមាន ជំងឺកូវីដ១៩ បន្ទាប់ពីបានមកដល់ ប្រទេសកម្ពុជា ប៉ុន្តែពួកគាត់ ត្រូវបន្តដាក់នៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹង ក្នុងអំឡុងពេលនៃការធ្វេី​ចត្តាឡីស័ក និងមិនមានរោគសញ្ញាក្នុងពេលធ្វេីចត្តាឡីស័ក ហេីយតាំងពីពេលនោះមក ម្នាក់ៗក៏បានតេស្តអវិជ្ជមាន ចំនួន ២ ដង។

ស្ថានទូតសហរដ្ឋអាមេរិក ប្រកាន់ខ្ជាប់នូវការបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ១៩។ យេីងគោរពតាមការតម្រូវរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការមកដល់ ការធ្វេីតេស្ត និងការធ្វេីចត្តាឡីស័ក ចំពោះបុគ្គលិកការទូត និងសមាជិកក្រុមគ្រួសារ របស់ពួកគេ។ បុគ្គលិកស្ថានទូតទាំងអស់ ត្រូវតែមានលទ្ធផលតេស្តកូវីដ១៩ អវិជ្ជមានភ្លាមៗ មុនការធ្វេីដំណេីរមកកាន់ប្រទេសកម្ពុជា ត្រូវដាក់នៅដាច់ដោយឡែក និងធ្វេីតេស្តឡេីងវិញ នៅពេលមកដល់ ហេីយក៏ធ្វេីតេស្តឡេីងវិញមុនការបញ្ចប់ការធ្វេីចត្តាឡីស័ក ។

ស្ថានទូត មានការប្តេជ្ញាចិត្តក្នុងការធ្វេីឲ្យមានតម្លាភាពពេញលេញ លេីបញ្ហាសុខភាពសាធារណៈ និងបានជម្រាបទៅក្រសួងសុខាភិបាលកម្ពុជា នៅរាល់ពេលដែលបុគ្គលិករបស់យេីង មានតេស្តវិជ្ជមាន និងនៅពេលបុគ្គលិកនោះ ទទួលនូវលទ្ធផលអវិជ្ជមាន។ យេីងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងអាជ្ញាធរផ្សេងទៀត ក្នុងការបង្ការនូវការឆ្លងបន្ថែមទៀត ។

ទីភ្នាក់ងារសុខភាព របស់ស្ថានទូតសហរដ្ឋអាមេរិក ដោយរួមមាន មជ្ឈមណ្ឌល ទប់ស្កាត់និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក មានភាពជាដៃគូយ៉ាងយូរអង្វែង ជាមួយដៃគូកម្ពុជាដទៃទៀត ក្នុងការជួយព្រះរាជាណាចក្រនេះ ដេីម្បីឆ្លេីយតបនូវការរីករាលដាលជាសាកល ដោយរួមមានកម្មវិធី កសាងសមត្ថភាពសម្រាប់ការអង្កេត និងរកអ្នកប៉ះពាល់។ សហរដ្ឋអាមេរិក បានរួមចំណែកនូវជំនួយជាង ១១ លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជាតាំងពីមានការរាលដាលនៃជំងឺនេះ។

ប្រភព៖ ផេកស្ថានទូតអាមេរិក

អត្ថបទថ្មី