សុខ ធី កំពុង​សម្រុក​ហាត់​នៅថៃ ត្រៀម​ប៉ះ​​ Mongkolpetch នៅ ONE

  • 2020-08-07 05:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ ធី នឹងត្រូវ​ឡើង​សង្វៀន ONE ជាថ្មី ដោយ​ប៉ះ​ជើងខ្លាំងថៃ Mongkolpetch Petchyindee Academy ក្នុង​កម្មវិធី ONE: NO SURRENDER III នាថ្ងៃទី២១ ខែសីហា នៅរាជធានីបាងកក ប្រទេសថៃ។

បច្ចុប្បន្ននេះ សុខ ធី កំពុង​ហ្វឹកហាត់​យ៉ាងខ្លាំងក្លា ធ្វើ​យ៉ាងណា អាចរកជ័យជម្នះ​លើក​ដំបូង​ក្នុង​សង្វៀន​លំដាប់​អន្តរជាតិ​មួយនេះ ខណៈ ៣ប្រកួត​កន្លងមក សុខ ធី ចាញ់​រហូត គឺចាញ់ Lerdsila ២ដង និងចាញ់ Rodtang ម្ដង។

សុខ ធី កំពុងហាត់នៅថៃ

លោក សាន សៅយ៉ាន់ ដែលជាគ្រូបង្វឹករបស់សុខ ធី នៅ​កម្ពុជា បានថ្លែងប្រាក់​គេហទំព័រ​ ONE ជាភាសាខ្មែរថា៖ "និយាយ​ទៅ សុខ ធី ខំ​ប្រឹង​ហាត់​យូរ​ហើយ ហើយ​ពេល​មាន​ឈ្មោះ​វ៉ៃ​គេ​កាន់​តែ​ប្រឹង​ទ្វេ​ឡើង។ ខ្ញុំ​ជឿ​​ថា​ សមត្ថភាព​គេ​ល្អ​ជាង​មុន​ ​ព្រោះ​ហាត់​នៅ​ថៃ​ជាប់លាប់​ល្អ។ ប្រៀប​ធៀប​សមត្ថភាព​ជើង​ខ្លាំង​កម្ពុជា​ និង​ម្ចាស់​ផ្ទះ​​ត្រូវបាន​គ្រូ​បង្វឹក​​រូប​នេះ​លើក​ឡើង​ថា​ Mongkolpetch មាន​បទ​ពិសោធ​ និង​ចាស់​វស្សា​​ច្រើន​ជាង​ សុខ ធី"។

លោកសៅយ៉ាន់ បន្តថា៖ "គេ​ល្អ​ជាង​យើង​ តែ​មិន​ដាច់​ឆ្ងាយ​ខ្លាំង​ទេ។ គ្រាន់​តែ​កាយ​សម្បទា​គេ​​មាន​ប្រៀប​តិច​តួច​ ហើយ​ទម្ងន់​គេ​លើ​យើង​ ព្រោះ​យើង​ទម្លើង​គីឡូ​វ៉ៃ​ជា​មួយ។ ​និយាយ​ទៅ​ គូ​នេះ​​ល្អ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ អាច​ស៊ី​សង​គ្នា​បាន"។

សុខ ធី កំពុងហាត់នៅថៃ

សូមបញ្ជាក់ថា សុខ ធី បានទៅហ្វឹកហាត់នៅថៃ ក្នុង​ក្លឹប Paedminburi Gym យូរដែរមកហើយ ពោលគឺតាំងពីដឹងថាមានឈ្មោះប្រកួតមកម្ល៉េះ។

អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យរូបនេះ បាន​និយាយប្រាប់វិបសាយ ONE ថា៖ "ខ្ញុំ​បាន​​ហ្វឹក​ហាត់​យូរ​ដែរ​ តាំង​ពី​មុន​មាន​ឈ្មោះ​ប្រកួត​។ អ្វី​ដែល​ខ្ញុំ​ប្រឹង​ហាត់​ខ្លាំង​ គឺ​បង្កើន​ទម្ងន់​អាវុធ​របស់​ខ្ញុំ។ ​និយាយ​ទៅ រាង​កាយ​ខ្ញុំ​មាន​លក្ខណៈ​ពេញ​ល្អ ហើយ​កម្លាំង​ស៊ុហ្វ​ក៏អត់​អី​ទេ។ ការ​ហ្វឹកហាត់​នៅ​ទី​នេះ​ល្អ មាន​ដៃ​គូ​ឡាំ​​រាល់​ថ្ងៃ។ ​ខ្ញុំ​បាន​កំពុង​ហ្វឹក​ហាត់យ៉ាង​ទៀង​ទាត់ ដើម្បី​ត្រៀម​ខ្លួន​ប្រកួតខាង​មុខ​នេះ"។

សុខ ធី កំពុងហាត់នៅថៃ

គួរដឹងផងដែរថា Mongkolpetch ជាអ្នកប្រដាល់​ថៃ​កំពុង​ឡើង​ដៃមកពីក្លឹប Petchyindee Academy ដែលធ្លាប់ជាប់ជា​អ្នកប្រដាល់​ល្អបំផុត​​ប្រចាំឆ្នាំ ២០១៧ នៅប៉ុស្តិ៍លេខ ៧ ថៃ។ មុនចូលសង្វៀន ONE អ្នកប្រដាល់វ័យ ២៥ឆ្នាំ មកពីខេត្តរ៉យអេត​រូបនេះ ធ្លាប់ឈ្នះខ្សែក្រវាត់ទម្ងន់ ១៣០ផោន (៥៩គីឡូក្រាម) ប្រចាំសង្វៀន Lumpinee កាលពីឆ្នាំ២០១៧ និងឈ្នះជើងឯក​ប្រដាល់​ម៉ារ៉ាតុង ទម្ងន់ ១៤០ផោន (៦៣,៥គីឡូក្រាម) កាលពីឆ្នាំ២០១៨ ផងដែរ។ វាយ២ប្រកួតនៅ ONE កន្លងមក គឺឈ្នះទាំងប្រកួត៕

Mongkolpetch (រូបភាព៖ ONE Championship)

ចុចអាន៖ មកមើលសមត្ថភាពរបស់ Mongkolpetch មុនប៉ះ សុខ ធី នៅសង្វៀន ONE

ចុចអាន៖ ច្បាស់​១០០%! សុខ ធី ជួប Mongkolpetch វាយ​តំណែង​​គូ​ឯក​រង​នៅ ONE

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម