រកស៊ីផលិតឡេបថបបាន ៣៥ឆ្នាំ ឥឡូវក្រុមហ៊ុនជប៉ុន Toshiba ប្រកាសដកខ្លួន
- 2020-08-10 08:31:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកស៊ីផលិតឡេបថបបាន ៣៥ឆ្នាំ ឥឡូវក្រុមហ៊ុនជប៉ុន Toshiba ប្រកាសដកខ្លួន
ចន្លោះមិនឃើញ
ការចុះផ្សាយរបស់សារព័ត៌មាន Gizmodo បានឲ្យដឹងថាក្រុមហ៊ុន Toshiba បានលក់នូវភាគហ៊ុន ១៩,៩% ដែលសេសសល់មានក្នុងម៉ាកយីហោផលិតឡេបថប Dynabook ទៅឲ្យក្រុមហ៊ុន Sharp ដោយស្ងាត់ៗ ដែលនេះគឺជាការដើរចេញពីអាជីវកម្មផលិតឡេបថបជាផ្លូវការរបស់ Toshiba។
គួរដឹងថា Toshiba ធ្លាប់ជាជើងខ្លាំងមួយលើទីផ្សារផលិតឡេបថប ដោយកាលពីឆ្នាំ ១៩៨៥ ក្រុមហ៊ុនបានបង្ហាញចេញផលិតផល T1100 ដែលគេចាត់ទុកថាជាឡេបថបពេញលេញដំបូងគេក្នុងលោក ហើយវាបានក្លាយជាគំរូមួយសម្រាប់ការផលិតឡេបថបរបស់ក្រុមហ៊ុនផ្សេងៗទៀតផងដែរ។ Toshiba មានកេរ្ត៍ឈ្មោះបោះសំឡេងខ្លាំងក្នុងទស្សវត្សឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ ជាមួយឡេបថបម៉ូដែល Satellite, Portégé និង Qosmio។
គួរដឹងថាកាលពី ២ឆ្នាំមុន Toshiba បានលក់ភាគហ៊ុនអាជីវកម្មផលិតឡេបថបរបស់ខ្លួនចំនួន ៨០,១% ដល់ក្រុមហ៊ុន Sharp សម្រាប់ទឹកប្រាក់ចំនួន ៣៦លានដុល្លារ ដែលពេលនោះ Sharp បានប្ដូរឈ្មោះអាជីវកម្មផលិតឡេបថបរបស់ Toshiba ទៅជា Dynabook វិញ។ Sharp ទទួលបានសិទ្ធទិញភាគហ៊ុនដែលនៅសេសសល់កាលពីខែមិថុនា ហើយ Toshiba ទើបបានប្រកាសជាផ្លូវការអំពីការលក់នេះនាថ្ងៃទី៤ ខែសីហា ពេលការលក់បានបញ្ចប់៕