Google Pixel 5 មាន RAM ធំជាងមុន ប៉ុន្តែញាត់ឈីបស៊េរីទាបជាងមុន
- 2020-08-11 08:10:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google Pixel 5 មាន RAM ធំជាងមុន ប៉ុន្តែញាត់ឈីបស៊េរីទាបជាងមុន
ចន្លោះមិនឃើញ
Google បានបង្ហាញដំណឹងពាក់ព័ន្ធនឹង Pixel 5 បន្តិចបន្តួចដែរ នៅអំឡុងពេលប្រកាសចេញ Pixel 4a កាលពីសប្ដាហ៍កន្លងទៅ ដោយបានប្រាប់អំពីទីផ្សារដែលនឹងដាក់លក់ និងរូបរាងមើលពីចំហៀងរបស់ទូរសព្ទ ដែលដំណឹងផ្សេងទៀតមិនបានបញ្ចេញនោះទេ។
យ៉ាងណាក្ដីមុនការបង្ហើបអំពី Pixel 5 គេធ្លាប់បានដឹងថាស្មាតហ្វូនថ្មីនេះនឹងប្រើប្រាស់នូវឈីបស៊េរីទាបខុសពីជំនាន់មុន ពោលគឺប្រើបន្ទះឈីប Snapdragon 765G។ ហើយពេលនេះដែរមានការបញ្ជាក់បន្ថែមទៀតអំពីឈីបរបស់ Pixel 5 តាមរយៈការធ្វើតេស្ត AI Benchmark ដែលបានលេចចេញថ្ងៃនេះ។
គេអាចឃើញយ៉ាងច្បាស់ថា Pixel 5 គឺមានបំពាក់ដោយឈីប Snapdragon 765G ពិតមែន ហើយវាមានបំពាក់ដោយ RAM ទំហំ ៨GB ធំជាង Pixel 4/4 XL (ទំហំ ៦GB) និងមានដំណើរការដោយ Android 11 ផងដែរ។
ដំណឹងលេចធ្លាយកន្លងមកអំពី Pixel 5 ក្រៅពីបន្ទះឈីប គឺមានដំណឹងអំពីមុខងារ Reverse Wireless Charging ដែលអាចសាកថ្មឲ្យឧបករណ៍ដទៃ, រំពឹងថានឹងមានតម្លៃល្បាក់ ៧០០ដុល្លារ, មានការរចនាចោះរន្ធអេក្រង់បំពាក់កាមេរ៉ា Selfie និងមានកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ។
Pixel 5 និង Pixel 4a 5G នឹងមានលក់លើទីផ្សារសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អៀរឡង់ បារាំង អាល្លឺម៉ង់ ជប៉ុន តៃវ៉ាន់ និងអូស្ត្រាលីផងដែរ។ Google និយាយថាក្នុងពេលប៉ុន្មានខែខាងមុខ ខ្លួននឹងបញ្ចេញដំណឹងបន្ថែមអំពីស្មាតហ្វូនថ្មីពីរនេះ ប៉ុន្តែមុនការបញ្ចេញរបស់ Google ច្បាស់ជាមានដំណឹងលេចធ្លាយជាហូរហែមិនខានទេ៕