បើតារាភ្លេចខ្លួនប្រព្រឹត្តិទង្វើ ៦យ៉ាងនេះ នឹងស៊យធំ រហូតនាំមហន្តរាយដល់អាជីព K-Pop

  • 2020-08-13 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​មហាជន​តែង​រំពឹង​ខ្ពស់​លើ​តារា​ K-Pop ដោយសារពួកគេ​មើល​មក​តារា​ថា​ជា​មនុស្សល្អ​ឥតខ្ចោះ​ធ្វើអ្វី​ក៏​ល្អ។ ពិត​ណាស់​តារា​មួយ​ចំនួន​អាច​ធ្វើបាន​ដោយគ្មាន​បញ្ហា​ ជាហេតុ​ចំនួនស្រឡាញ់​គាំទ្រកាន់​តែ​កើន​ ធ្វើ​ឲ្យពួកគេ​ល្បី និង​ជោគជ័យ​សម្រាប់អាជីព​មួយ​នេះ។ ប៉ុន្តែ​ក៏​នៅ​មាន​តារា​ខ្លះ​ទៀត​ ភ្លេច​ខ្លួន​ធ្វើ​ទង្វើ​ខ្លះ​ ដែល​បណ្ដាល​ឲ្យ​អ្នក​គាំទ្រ​មិនពេញ​ចិត្ត​ជា​ដើម។

គណនី​ YouTube មួយ​ឈ្មោះ​ថា​ KOOKIELIT បាន​បង្ហោះ​វីដេអូ​មួយ​ ដោយ​លើក​យក​រឿង​ខ្លះ​ដែលអាច​ធ្វើ​ឲ្យ​អាជីព​សិល្បៈ​របស់​តារា​ K-Pop ធ្លាក់​ក្នុង​សភាព​យ៉ាប់យ៉ឺន​មិនគួរ​ឲ្យជឿ។

១. ការ​មើល​ងាយ​ និង​ធ្វើ​បាប

អ្នកគាំទ្រ​តែង​ចាត់ទុក​ថា​ ទង្វើ​មួយ​នេះ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់​ ហើយ​តារា​មួយ​ចំនួន​ក៏​ត្រូវ​ជួប​បញ្ហាធំដោយសារ​រឿង​នេះ​ដែរ។ ដូច​ករណី​ល្បី​កក្រើក​មួយ​ដែល​កើតឡើង​ក្នុង​ពិភព K-Pop កាលពីប៉ុន្មាន​ឆ្នាំមុននោះគឺ​ ពេល​មហាជន​ជឿថា​ Hwayoung (អតីតសមាជិក T-ARA) ត្រូវ​បាន​សមាជិក​រួម​ក្រុម​ផ្សេង​ទៀត​មើល​ងាយធ្វើបាប។ ឧទាហរណ៍ជាក់ស្ដែង​ ផ្អែកតាម​ភស្តុតាង​មួយ​ពេល​ Eunjung បញ្ចុក​នំម្ស៉ៅបែប​បង្ខំ​ចូល​មាត់ Hwayoung។

ដោយសារ​តែហេតុនេះ​ហើយទើប​ មហាជន​ចាប់​ផ្ដើម​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដល់​សមាជិក​ក្រុម​​ចំពោះ​អាកប្បកិរិយា​មិនល្អ​នេះ។ ប្រជាប្រិយភាព​របស់ T-ARA ក៏ត្រូវ​ធ្លាក់ចុះ​ភ្លាម ស្ទើរមិន​អាច​ស្រង់​បាន​ឡើង​វិញ បន្ទាប់ពីមាន​រឿង។ ប៉ុន្តែ​ក្រោយ​មក​ គ្រប់គ្នា​ស្រាប់​តែ​សម្ដែង​មតិ​ជា​ថ្មី និង​រក​ឃើញ​ថា​គ្រប់​យ៉ាង​ដែល​ចេញ​ផ្សាយ​កន្លងមក​មិន​មែន​ជា​ការពិត​ ពេលដឹង​ថា​ ការពិត​ Hwayoung ទៅវិញ​ទេ​ដែល​ជា​អ្នក​មើល​ងាយ​ក្រុម។

ករណី​ស្រដៀង​គ្នា​នេះ​ដែរ ​កើត​ឡើង​ថ្មី​ៗ​ គឺ​ទាក់ទងនឹង​ Mina អតីត​សមាជិក AOA ដែល​បាន​ចេញ​មុខ​បើកទម្លាយ​រឿង​ទាំង​ប៉ុន្មាន​ដែល​បាន​ Jimin ធ្លាប់​ធ្វើ​បាប​ដាក់នាងកាលនៅជាក្រុមជុំគ្នា។

ដំបូង​ឡើយ​ Jimin ប្រកែក​មិនទទួលស្គាល់​ថា​ខ្លួន​បាន​ធ្វើ​រឿង​ទាំង​នោះ​ឡើយ ជាហេតុ​ក្រោយ​មក​ Mina បាន​បង្ហោះ​បន្ថែម​រាល់ទង្វើ​ដែល​ Jimin បង្កឡើង។ បែប​នេះ​ទើប​ Jimin ចេញ​មុខ​សុំទោស​ និង​សម្រេច​ចាកចេញពី​ AOA និង​វិស័យសិល្បៈទាំងមូលជា​រៀង​រហូត។

២. ការទាក់ទង​ស្នេហា

ប្រធាន​បទ​មួយ​នេះ​តែង​ក្ដៅជា​និច្ច​ ពេល​ណា​លេចឮព័ត៌មាន​ចេញ​ឡើង ដោយសារ​អ្នកគាំទ្រគិត​ថា​តារាៗ​មិន​គួរ​មានស្នេហា​ទេ ព្រោះអាចធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លះ​ឈឺចិត្ត។ ដូច​ថ្មីៗ Chen (ក្រុម EXO) បាន​ប្រកា​សថា​ខ្លួន​នឹង​រៀប​ការ ក៏ដូចជា​ត្រូវ​ក្លាយ​ជា​ឪពុកគេ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រមួយចំនួន​សាទរ តែ​វា​បែរជា​ប៉ះពាល់​ផ្លូវចិត្ត​អ្នក​គាំទ្រ​ខ្លះ (ជនជាតិកូរ៉េ) ទៅវិញ រហូតធ្វើ​បាតុកម្ម​បំណង​ដេញ​លោក​ចេញពីក្រុម​ទៀតផង។ ប៉ុន្តែ​ទោះជា​ប្រឹង​យ៉ាង​ណាក៏​មិន​បាន​សម្រេច​ ព្រោះ​ផលិតកម្ម SM បាន​ចេញ​សេចក្ដី​ប្រកាស​ច្បាស់ៗ​ថា​ Chen នឹង​នៅ​ជាមួយ​ EXO បន្ត​ទៀត។

៣. ការ​លេង​ល្បែង​ស៊ីសង​

នេះ​ជា​អំពើ​ខុសច្បាប់ក្នុង​ប្រទេស​កូរ៉េ ហើយ​គ្រប់ប្រភេទ​ល្បែង​ស៊ីសង​ទាំង​អស់​ ត្រូវ​បាន​ប្រជាជនកូរ៉េ​មើល​មក​ថា​ជា​ទង្វើមិនល្អ។ ដូច​ Andy (ក្រុម SHINHWA) ត្រូវ​បាន​គេ​ចាប់​បាន​ថា​បាន​លេង​ល្បែង​ចាក់បាល់​កាល​ពី​ឆ្នាំ ២០១៣ រហូត​លោក​ត្រូវ​គេហាម​មិនឲ្យ​ចេញ​មុខ​លើទូរទស្សន៍​ MBC រហូត​ដល់ទៅ ១ឆ្នាំ។

៤. ការ​ប្រើប្រាស់គ្រឿងញៀន

នេះ​ក៏​ជា​ចំណុច​មួយ​ដែល​អាច​នាំឲ្យ​ជីវិត​សិល្បៈ​របស់​តារាៗធ្លាក់​ចូល​សភាព​យ៉ាប់យ៉ឺន​ខ្លាំង​ដែរ ពេល​ណា​ដែល​គេ​រក​ឃើញ។ Park Bom ជា​អ្នក​ដែល​ទទួល​ជោគជ័យ​ខ្លាំង​លើ​វិថី​មួយ​នេះ​ពេល​ចេញ​មុខ​ដំបូង ប៉ុន្តែ​ដោយ​សារ​មាន​ព័ត៌មាន​លេចឡើង​ថា​នាង​ប្រើប្រាស់​សារធាតុ​ញៀន​ ទើប​បណ្ដាល​ឲ្យ​អាជីព​របស់​នាង​រង​ផល​ប៉ះពាល់​ខ្លាំង។

រម្លឹក​កាលពីឆ្នាំ ២០១០ Park Bom ត្រូវ​រង​ពាក្យ​ចោទ​ប្រកាន់ពីបទ​ព្យាយាមរត់ពន្ធ​ថ្នាំ​គ្រាប់​ប្រភេទ​ Amphetamine មកពី​សហរដ្ឋអាមេរិក។ តាមពិត​ទៅ​ថ្នាំ​គ្រាប់​ប្រភេទ​នេះ​ជា​ឱសថ​ស្របច្បាប់​នៅ​អាមេរិក ប៉ុន្តែ​សម្រាប់នៅ​ប្រទេស​កូរ៉េ​វិញ​ វា​គឺ​ជា​ឱសថខុសច្បាប់​ទៅវិញ។ ទោះ​បី​នាង​បាន​បង្ហាញ​ភស្តុតាង​ជា​វេជ្ជបញ្ជា​ចេញពីក្រុម​គ្រូពេទ្យ​យ៉ាងណា​ក៏មហាជន​ខ្លះ​នៅ​តែ​បន្ទោស​នាង​ដដែល។ ឈាន​ដល់​ចំណុច​នេះ​ហើយ ទើប​ Park Bom ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួនពី​ពិភព K-Pop មួយ​រយៈ​សិន រហូត​ពេល​មួយ​ដែល​នាង​សម្រេច​វិល​មក​ជាថ្មីមក​ជួបអ្នកគាំទ្រ​ដែល​តែង​ផ្ដល់​ក្ដី​ស្រឡាញ់​គាំទ្រ​នាង​កន្លងមក។

៥. ការ​បើកបរ​ក្រុមឥទ្ធិពល​គ្រឿង​ស្រវឹង

ញយ​ដង​ណាស់​ តារា​ K-Pop ត្រូវ​ចេញ​ពី​ក្រុម​ដោយសារ​ធ្វើ​រឿង​នេះ។ ដូច​ Kang In អតីត​សមាជិក​ក្រុម Super Junior ជា​ដើម​ បាន​ជាប់​ពាក់ព័ន្ធវ័ណ្ឌ​ក​នឹង​ករណី​នេះ​កាល​ពី​ឆ្នាំ ២០០៩​ រហូត​មហាជន​នាំគ្នា​សម្ដែង​ការ​មិនពេញ​ចិត្ត​មិនធម្មតា។ ប៉ុន្តែ​រហូត​ដល់​ឆ្នាំ ២០១៦ លោក​ស្រាប់​តែ​បង្ករឿង​នេះ​ម្ដងទៀត ជាហេតុ​សន្ធឹក​នៃ​ពាក្យរិះគន់​សម្រុក​មក​រក​ ឥតសំចៃ​ឡើយ ព្រោះ​គ្រប់គ្នា​ជឿថា​ Kang In មិន​ចេះ​ទទួល​កំហុស​ខ្លួន​ដែល​បាន​ធ្វើ​ទេ។ គ្រប់យ៉ាង​ដែល​បាន​កើតឡើង​នេះ​ហើយ​ ទើប​បង្ខំ​ចិត្ត​លោក​ត្រូវ​តែ​ចេញពី Super Junior។

៦. គេច​វេស​ពីកាតព្វកិច្ចចូល​បម្រើក្នុង​ជួរ​ទ័ព

កាតព្វកិច្ច​នេះ​ពិត​ជា​សំខាន់​បំផុត​ និង​មិន​អាច​ចៀសបាន​ឡើយ​សម្រាប់​គ្រប់​មនុស្ស​ប្រុស​របស់​កូរ៉េ​ខាងត្បូង ហើយ​មិនថា​អ្នក​នោះ​ជា​តារា ឬ​បុគ្គល​ល្បី​យ៉ាង​ណា​ក៏​ត្រូវ​តែ​បំពេញ​ជា​ដាច់ខាត។ ប៉ុន្តែ​កន្លងមក​មាន​តារា​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Steve Yoo (Yoo Seung Jun) បែរ​ជា​គេច​ពី​កាតព្វកិច្ច​មួយ​នេះ​ រហូត​លទ្ធផលចុង​ក្រោយ​ គ្មានអ្វី​ក្រៅពី​បញ្ចប់អាជីព​សិល្បៈ។

តាម​គោលការណ៍​ នៅ​ឆ្នាំ ២០០២ Steve Yoo ត្រូវ​ចូលបំពេញ​កាតព្វកិច្ច​នេះ​ ប៉ុន្តែ​លោកធ្វើ​ឲ្យ​គ្រប់គ្នា​ខក​ចិត្តខ្លាំង​ ពេល​លោក​សម្រេច​បោះបង់​សញ្ជាតិ​កូរ៉េ និងចូល​សញ្ជាតិអាមេរិក​វិញ។ ដោយសារ​ការ​ព្រងើយ​កន្តើយ​នេះ​ហើយ​ ទើប​លទ្ធផល​ លោក​ត្រូវ​បាន​គេបង្ខំ​ឲ្យ​ចាកចេញពី​ប្រទេស​កូរ៉េ។ យោង​តាម​ការសម្រេច​របស់​រដ្ឋាភិបាលកូរ៉េខាងត្បូង​ បានចាត់ទុក​ថា​នេះ​ជា​ទង្វើរត់ចោលជួរ។ ជាមួយ​គ្នា​នោះ​ Steve ក៏​ត្រូវជាប់​បម្រាម​មិន​ឲ្យ​ចូល​ប្រទេសនេះ​ដូចគ្នា។ រយៈពេល​ជិត​ ២០​ឆ្នាំ ឈ្មោះនិង​មុខមាត់​លោក​មិនដែល​ទទួល​បាន​មតិ​ល្អ​ម្ដង​ណាឡើយទល់សព្វថ្ងៃ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី