ជ្រះ​មន្ទិល​ហើយ! ល្ហិចល្ហៀងរឿង ខេមរៈ សិរីមន្ដ ​ចូល​ហ្គាឡាក់​ស៊ី​តាម ព្រាប សុវត្ថិ

  • 2020-08-24 09:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បែក​ធ្លាយ​រូប​ថត​២​សន្លឹក​ដែល​បង្ហាញ​ពី​សកម្មភាព​ពិសា​អាហារ​ជុំ​គ្នា​រវាង​កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​នៅ​ផលិតកម្ម​រស្មីហង្ស មាស គឺ​លោក ខេមរៈ សិរីមន្ដ ជាមួយ​លោក​ឧកញ៉ា​វ័យក្មេង ឡេង ណាវាត្រា និង​ក្រុម​ការងារ​ផលិតកម្ម​ហ្គាឡាក់ស៊ី​នៅ​ថ្ងៃ​ទី២៤ ខែ​សីហា នេះ បាន​ធ្វើ​ឲ្យ​សារព័ត៌មាន និង​ប្រិយមិត្ដខ្លះ សង្ស័យ​ថា លោក ខេមរៈ សេរីមន្ដ អាច​ជា​តារា​ចម្រៀង​ទី២ ដែល​ចេញ​ពី​ហង្ស​មាស ហក់ចូល​ហ្គាឡាក់​ស៊ី បន្ទាប់​ពី​លោក​ព្រាប សុវត្ថិ។

ទាក់ទង​នឹង​ចម្ងល់​នេះ​តារា​ចម្រៀង និង​ជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់​ផលិតកម្ម​រស្មីហង្ស មាស លោក ខេមរៈ សិរីមន្ដ បាន​បក​ស្រាយ​តាម​រយៈ ​Sabay នៅ​មុន​នេះ​បន្តិច​ថា រូប​ថត​ដែល​បាន​បង្ហាញ​នោះ គឺ​ការ​ពិសា​អាហារ​សាមគ្គី​រវាង​រូប​លោក ជាមួយ​នឹងក្រុម​ការងារ​ផ្នែក​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ឡេង ណាវាត្រា ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​ការងារ​សិល្បៈ​ឡើយ។ លោក​បញ្ជាក់​ថា ក្រៅ​ពី​ចម្រៀង​ លោក​មាន​សិទ្ធិ​រកស៊ីផ្នែក​អចលនទ្រព្យ​ជាមួយ​អ្នក​ណា​ក៏​បាន។

ខេមរៈ សិរីមន្ដ៖ "**យើង​និយាយ​តែ​ពី​រឿង​រកស៊ី​ផ្នែក​អចលនទ្រព្យ​ទេ យើង​មិន​បាន​និយាយ​រឿង​កុង​ត្រា​ចម្រៀង​អី​ទេ ព្រោះ​បច្ចុប្បន្ន​ខ្ញុំ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់​ហង្សមាស។

Sabay៖ ចុះ​ទៅ​ថ្ងៃ​អនាគត​បង​អាច​នឹង​ប្ដូរ​ផលិតកម្ម​ដូច​បង ព្រាប សុវត្ថិ​ទេ ឬ​យ៉ាង​ម៉េច​ដែរ?

សិរីមន្ដ៖ រឿង​អនាគត​យើង​កុំ​ទាន់អាល​និយាយ​វា យើង​មិន​អាច​គូសវាស​វាមុន​បាន​ទេ**"។

រូបភាព៖ ហ្វេសប៊ុក យឹម តាស្រង់

តារា​ចម្រៀង​ប្រុស​លំដាប់​កំពូល​ប្រចាំ​នៅផលិតកម្ម​រស្មី ហង្សមាស លោក ខេមរៈ សិរីមន្ដ បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា បច្ចុប្បន្ន​រូប​លោក​មាន​កុង​ត្រា​ជាមួយ​ហង្ស​មាស ហើយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់​ហង្ស​មាសទៀតផង ដូច្នេះ​រឿង​ផ្លាស់​ប្ដូរ​ផលិតកម្ម​ថ្មី​នៅ​ពេល​នេះ នឹង​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ