អ្នកប្រើប្រាស់គេហទំព័រ Freepik ជាង ៨លាននាក់ត្រូវបានលួចទិន្នន័យ!

  • 2020-08-25 01:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះក្រុមអ្នកគ្រប់គ្រងគេហទំព័រ Freepik បានជូនដំណឹងដល់អ្នកប្រើប្រាស់ ពីការជ្រៀតចូលរបស់ជនអនាមិក ដែលបានលួចយកអុីមែល ឬលេខសម្ងាត់ដែលបានអុិនគ្រីប (Hashed Password) របស់អ្នកប្រើប្រាស់ប្រមាណជា ៨.៣លាននាក់។ សម្រាប់លោកអ្នកដែលមិនធ្លាប់បានប្រើប្រាស់គេហទំព័រ Freepik វាជាកម្មវិធីដ៏ពេញនិយមមួយដែលអាចឱ្យលោកអ្នកទាញយករូបភាព ឬក្រាហ្វិចឌីហ្សាញស្អាតៗ ដែលមានគុណភាពច្បាស់ដើម្បីឱ្យលោកអ្នកបង្កើតរូបភាពផ្ទាល់ខ្លួនបាន។

ទាក់ទងនឹងការជ្រៀតចូលនេះ ក្រុមហ៊ុនបានប្រាប់ថា ជនអនាមិកបានធ្វើការវាយប្រហារតាមរយៈ SQL injection ដោយបញ្ចូលកូដដែលមានមេរោគតាមរយៈនៃភាពចន្លោះប្រហោងរបស់គេហទំព័រនេះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីពេលវេលាដែលត្រូវរងការវាយប្រហារ ឬពេលវេលាដែលក្រុមហ៊ុនបានរកឃើញពីបញ្ហានេះទេ។ ក្នុងចំណោមអ្នកប្រើប្រាស់ប្រមាណ ៨.៣លាននាក់ មាន ៤.៥លាននាក់ បានប្រើគណនីពីក្រុមហ៊ុនផ្សេងៗទៀត ដូចជា Google, Facebook ឬ Twitter ដើម្បី login ដូច្នេះមានតែអុីមែលរបស់ពួកគេប៉ុណ្ណោះ ដែលត្រូវបានលួចយក ចំណែកឯលេខសម្ងាត់វិញ ពុំត្រូវបានលួចយកនោះទេ។

ដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកគួរតែប្ដូរលេខសម្ងាត់ ប្រសិនបើលោកអ្នកប្រើគេហទំព័រនេះ ហើយពុំបានប្រើគណនីពីក្រុមហ៊ុនផ្សេងៗទៀតដូចជា Google, Facebook ឬ Twitter ដើម្បី login នោះ។ ជាងនេះទៅទៀតប្រសិនបើលោកអ្នកបានប្រើលេខសម្ងាត់នេះជាមួយគេហទំព័រផ្សេងទៀតនោះ លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់នៅក្នុងគេហទំព័រទាំងនោះផងដែរ៕

ប្រភព៖ Anti Cyber Crime Department

អត្ថបទថ្មី