មិនទាន់ជោគជ័យខ្លាំងលើអាជីពសិល្បៈ នូ ឧសភា មិនទាន់គិតរឿងមួយនេះទេ

  • 2020-08-25 08:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ម៉ូដែល​ លោក នូ ឧសភា បង្ហើប​ថា​រូប​លោក​នឹង​ស្វែង​រក​អ្នក​យល់​ចិត្ត ឬ​ដៃគូ​ជីវិត​នៅ​អាយុ​ជាង​៣០​ឆ្នាំ ហើយ​បច្ចុប្បន្ន​លោក​ប្រឹងប្រែង​ក្នុង​អាជីព​សិល្បៈ​សិន ដើម្បី​មាន​ភាព​រឹងមាំ​ខាង​សេដ្ឋកិច្ច​មុន​ឈាន​ដល់​ដំណាក់កាលកាន់​ដៃ​នារី​ណា​ម្នាក់​ចូល​រោងការ។

តារា​សម្ដែង​រាង​ខ្ពស់​ស្រឡះ ថ្គាម​ខ្លា នូ ឧសភា ចាប់​ផ្ដើម​មាន​ទីផ្សារ​សិល្បៈ​ផ្នែក​សម្ដែង​ខ្លាំង​ជាង​អាជីព​ចម្រៀង ក្រោយ​ពី​លោក​បាន​ថត​រឿង​ពីរ​ជាប់​ៗ​គ្នា គឺ​រឿង​"លួច​ស្រឡាញ់​អ្នក​ជិត​ខាង" និង​រឿង"អ្នក​ម៉ាក់​វ័យ​ក្មេង" ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន។ លោក​ថា ភាព​ជោគជ័យ​នេះ មិន​ទាន់​គ្រប់​គ្រាន់​ឲ្យ​លោក​មាន​លទ្ធភាព​គិតគូរ​រឿង​គូស្រករ​នៅ​ឡើយ​ទេ ប៉ុន្ដែ​លោក​អាច​នឹង​គិត​វា​បណ្ដើរៗ​ចាប់​ពី​អាយុ​៣០​ឆ្នាំ​ទៅ។

បច្ចុប្បន្ន​បុរស​ដៃ​រពឹស មាត់​រអិល នូ ឧសភា មាន​អាយុ​២៧​ឆ្នាំ​ហើយ។ លោក​មិន​ទាន់ បង្ហើប​ថា​តើ​អត្តចរិត ឬ​ឥរិយាបថ​នារី​បែប​ណា​ដែល​លោក​ពេញ​ចិត្ត​នោះ​ទេ។ ប៉ុន្តែ​ប្រាកដ​ណាស់​ថា លោក​នឹង​ជ្រើសរើស​យក​នារី​ដែល​មិន​ប្រកាន់​ច្រើន ហើយ​អាច​សម្រប​ទៅ​តាម​ការ​លេងសើច​ប្រកប​ដោយ​ភាព​ក្រមិចក្រមើម​របស់​លោក ព្រោះ​ការ​លេងសើច​ច្រើន​គឺ​ជា​ចរិត​ពិត​របស់​លោក នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក នូ ឧសភា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ