ដើមឈើបន្ដដាំទៀតហើយ នៅរមណីយដ្ឋានអង្គរ

  • 2020-08-28 07:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានរៀបចំពិធី ដាំកូនឈើនៅវត្តទេពប្រណម្យ ចូលរួមដោយលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទ មន្ដ្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណ១៥០ អង្គ-នាក់។ កូនឈើ ប្រណីតមានគ្រញូង១០០ដើម ធ្នង់៥០ដើម ច្រេស៥០ ដើម ឈើទាល៥០ដើម និងដើមផ្ការំដួល ៥០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្តទេពប្រណម្យ។

ការដាំដើមឈើនៅព្រឹកនេះ គឺដើម្បីរួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។ ពិសេស គឺបណ្តុះគំនិតពុទ្ធបរិស័ទ្ធគ្រប់ស្រទាប់វណ្ណៈឱ្យមានការចូលរួម ស្រលាញ់ ថែរក្សា និងការដាំកូនឈើឡើងវិញឱ្យផុលផុសបំផុតដើម្បីថែរក្សាបរិយាកាស រួមទាំងការរស់នៅមានខ្យល់បរិសុទ្ធដល់មនុស្សសត្វផង។

អាជ្ញាធរជាតិអប្សរាក៏សូមថ្លែងអំណរគុណដល់ព្រះសង្ឃ ពុទ្ធបរិស័ទ មន្ដ្រី បុគ្គលិក ដែលបានចូលរួមក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គ។ ជាថ្មីម្ដងទៀត អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ថា សម្រាប់បងប្អូនដែលមានបំណងចង់ដាំកូនឈើឬត្រូវការកូនឈើយកទៅដាំនោះ សូមទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា៕

រូបភាព៖ លោក ហាប់ គឹមអាន

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី

អត្ថបទពេញនិយម