ចង់ក្លាយជាតារា JYP ត្រូវ​តែគោរពវិន័យទាំង ៥នេះជា​ដាច់ខាត

  • 2020-09-07 02:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម JYP គឺជា​ផលិត​កម្មដ៏​ធម​មួយ​ក្នុង​ចំណោម​ផលិតកម្មធំទាំង ៤​ប្រចាំ K-Pop ដែល​ល្បី​ខ្លាំង​ថា​មាន​វិន័យ​តឹងរឹង​បំផុត​ជាមួយ​នឹង​អ្នក​ហ្វឹកហាត់​ចំណូល​ថ្មី។

ប្រសិន​អ្នកណា​ម្នាក់ចង់​ក្លាយ​ជា​តារា​របស់​ផលិតកម្ម​ JYP ដាច់​ខាត​ត្រូវ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ គោរព​នូវ​វិន័យ​ដ៏​តឹងរឹង​ទាំង​ ៥នេះ​ជា​ដាច់​ខាត៖

១. មិន​អាច​ចូល​បារ​ដែល​មាន​តែ​អ្នក​បម្រើការ​នារីៗសុទ្ធ​ទេ

នេះ​ជា​វិន័យ​ដែល​តម្រូប​ឲ្យ​អ្នកដែល​ស្ថិត​នៅ​ក្រោម​ផលិតកម្ម​នេះ គោរព​ឲ្យ​បាន​ទាំងអស់គ្នា មិន​គិតត្រឹម​តែ​អ្នក​ហ្វឹកហាត់ទេ។ Park Jin Young ធ្លាប់​បាន​និយាយ​ថា​ ប្រសិន​ដឹង​ថា​អ្នកណា​ហ៊ាន​ល្មើស​វិន័យ​នេះ លោក​មិន​ខ្លាច​នឹង​បញ្ឈប់ការងារ​នោះទេ។

២. ការតម​របបអាហារ

Trainee នៅ​ JYP នឹង​ត្រូវ​តម​អាហារ ក៏ដូចជាត្រូវ​បាន​គេ​សង្កេត​យាមការ​យ៉ាង​តឹងរឹង​បំផុត។ តួ​យ៉ាង​ដូច​អាហារ​ដែលញ៉ាំទៅ​ឆ្អែត​ខ្លាំង​ ឬ​អាហារជា​ Set ដូចជា​ Jokbal (អាហារ​កូរ៉េដែល​មាន​ជើង​ជ្រូក និងទឹក​ជ្រលក់) ត្រូវ​បាន​ហាម​មិន​ឲ្យ​ញ៉ាំ​ដាច់ខាត។

៣. រយៈពេល​កំពុង​វាយតម្លៃ Trainee ទាំង​អស់​មិន​ឲ្យ​ច្រៀង​បទ​កូរ៉េ​ឡើយ

H.O សមាជិក​ក្រុម MADTOWN ធ្លាប់​បាន​និយាយ​ម្ដង​ថា​ អ្នក​ហ្វឹកហាត់ចំណូល​ថ្មី​របស់ JYP មិន​ត្រូវ​បានអនុញាតិ​ឲ្យ​ច្រៀង​បទ​កូរ៉េ​ដាច់​ខាត​អំឡុង​ពេល​ដែល​គេ​កំពុង​វាយ​តម្លៃ។ ជាឧទាហរណ៍​ប្រសិន​អ្នក​ សួរ​គ្រូបង្វឹក​ថា​ «តើ​ខ្ញុំ​អាច​ច្រៀង​បទ​កូរ៉េ​បានទេ?» នោះ​អ្នក​នឹង​ត្រូវ​ទទួល​មួយកំភ្លៀង​មិន​ខាន។

៤. របៀប​ច្រៀង​ត្រូវ​ប្រើក្បាច់ «ពាក់កណ្ដាលខ្យល់ ពាក់​កណ្ដាល​សំឡេង»

Park Jin Young មាន​ស្ទីល​ច្រៀង​ប្រចាំខ្លួន ដូចនេះ​លោក​ក៏​បាន​ជម្រុញ​ឲ្យ​តារា​របស់​ខ្លួន​ច្រៀង​តាម​ស្ទីល​នោះដែរគឺ «ពាក់កណ្ដាលខ្យល់ ពាក់កណ្ដាលសំឡេង»។ តារា​ភាគ​ច្រើន​ដែល​ហ្វឹកហាត់​នៅ​ក្រុមហ៊ុន​នេះ សុទ្ធ​តែ​ត្រូវ​បាន​បង្វឹក​ឲ្យ​ច្រៀង​តាម​ស្ទីល​នេះ​ទាំង​អស់​ ស្របពេល​ JYP ជឿថា​កត្តា​នេះ នឹង​ជួយ​ឲ្យ​សំឡេង​ស្រទន់​ និង​បុក​ខ្យល់​ស្រែកចេញ ចូល​បាន​ធូរ។

៥. បម្រាម​នៃ​ការ​ទាក់ទង​មាន​ស្នេហា

បើ​ទោះ​បី​បាន​ជោគជ័យ​ជីវិត​ជា​ Trainee និង​បានចេញ​មុខ​ជា​ផ្លូវការ​ក៏ដោយ​ ក៏​នៅតែ​មាន​វិន័យ​ដែល​តារា​ទាំង​នោះ​ត្រូវ​គោរព​តាម​ដែរ នោះគឺ​ច្បាប់​មាន​ស្នេហា។ តារា​របស់​ផលិតកម្ម​នេះ​មិន​ត្រូវ​បាន​អនុញាតិ​ឲ្យ​ទាក់ទងមាន​ស្នេហា​ឡើយ​ក្នុង​រយៈពេល​ ៣​ឆ្នាំ​ដំបូង ស្របពេល​ Park Jin Young ជឿថា​ប្រសិន​បើ​មិន​ដាក់​វិន័យ​ វា​អាច​នឹង​នាំ​រឿង​ច្របូល​ច្របល់​រំខាន​ដល់​ការ​កសាង​កេរ្តិ៍ឈ្មោះ​របស់​តារាៗ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី