អ្នកប្រើ iOS 14 ត្រូវដឹងរឿងពីក្រោយ សញ្ញាពណ៌ទឹកក្រូច និងពណ៌បៃតងដែលបង្ហាញចេញមក

  • 2020-09-21 02:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 14 មាន​បន្ថែម​នូវ​មុខងារ​ថ្មីៗ​ជា​ច្រើន ហើយ​ក៏​មាន​កែ​សម្រួល​លើ​ចំណុច​តូចៗ​ជា​ច្រើន​ផង​ដែរ។ អ្នក​ប្រើ​ iOS 14 ប្រហែល​ជា​បាន​សង្កេត​ឃើញ​សញ្ញា​ថ្មី​មាន​រាង​មូល​ពណ៌​ទឹក​ក្រូច និង​ពណ៌​បៃតង​ ដែល​បង្ហាញ​ខ្លួន​​នៅ​របារ​បង្ហាញ​​ដំណឹង​ ដែល​ស្ថិត​នៅ​ផ្នែក​​លើ​ខាង​ស្ដាំ​ក្បែរ​កន្លែង​បង្ហាញ​​បរិមាណ​ថ្ម​។ ​តាម​ពិត​ទៅ​សញ្ញា​ទាំង​ពីរ​នេះ គឺ​ជា​សញ្ញា​ឲ្យ​ដំណឹង​ដែល​ជួយ​ឲ្យ​អ្នក​ការពារ​​ភាព​ឯកជន​បាន​ល្អ​ប្រសើរ​ជាង​មុន។

  • អត្ថន័យ​សញ្ញា​ពណ៌​ទឹក​ក្រូច​

សញ្ញា​ពណ៌​ទឹក​ក្រូច​មាន​ន័យ​ថា​ មាន​កម្មវិធី​លើ​ទូរសព្ទ​របស់​អ្នក​កំពុង​ប្រើ​ប្រាស់​រន្ធ​ស្រូប​សំឡេង។ រន្ធ​ស្រូប​សំឡេង​នេះ​អាច​ប្រើ​ដើម្បី​ស្ដាប់​សំឡេង និង​អាច​ថត​សំឡេង​បាន​ផង​ដែរ។ ជា​ធម្មតា​វា​បង្ហាញ​ចេញ​នៅ​ពេល​អ្នក​​ប្រើ​ប្រាស់​ Siri ឬ​ពេល​អ្នក​ធ្វើ​ការ​ហៅ​ចេញ​ជា​ដើម ដែល​​រន្ធ​ស្រូប​សំឡេង​ត្រូវ​ការ​ស្រូប​យក​សំឡេង​របស់​អ្នក។

ប្រសិន​បើ​សញ្ញា​ពណ៌​ទឹក​ក្រូច​នេះ​លេច​ចេញ​នៅ​ពេល​អ្នក​ប្រើ​កម្មវិធី​ ដែល​មិន​សម​ថា​នឹង​ប្រើ​រន្ធ​ស្រូប​សំឡេង ដូច​ជា​ពេល​អូស​ Facebook លេង ឬ​មើល​ YouTube ជា​ដើម វា​មាន​ន័យ​ថា​កម្មវិធី​នោះ​បាន​ល្មើស​នឹង​​ភាព​ឯកជន​របស់​អ្នក។

  • អត្ថន័យ​សញ្ញា​ពណ៌​បៃតង​

សញ្ញា​ពណ៌​បៃតង​បង្ហាញ​នៅ​ពេល​ដែល​កម្មវិធី​ណា​មួយ​ប្រើ​ប្រាស់​កាមេរ៉ា ដូច​ជា​ពេល​កំពុង​ថត​រូបភាព ឬ​វីដេអូ​ជា​​ដើម។ ពេល​ដែល​ប្រើ​ប្រាស់​កាមេរ៉ា​ មាន​ន័យ​ថា​រន្ធ​ស្រូប​សំឡេង​ក៏​ត្រូវ​បាន​ប្រើ​ដូច​គ្នា ប៉ុន្តែ​អ្នក​នឹង​មិន​ឃើញ​សញ្ញា​ពណ៌​ទឹក​ក្រូច​លេច​ចេញ​មួយ​ទៀត​នោះ​ទេ។

ប្រសិន​បើ​កម្មវិធី​ណា​មួយ​ប្រើ​ប្រាស់​កាមេរ៉ា​ដោយ​មិន​សម​ទំនង ប្រហែល​ជា​មាន​ន័យ​ថា​កម្មវិធី​នោះ​បាន​រំលោភ​ភាព​ឯកជន​របស់​អ្នក។ គួរ​ដឹង​ថា​សញ្ញា​ពណ៌​បៃតង​នេះ​មិន​មាន​ន័យ​ថា​រូបភាព​ដែល​កាមេរ៉ា​មើល​ឃើញ​ត្រូវ​បាន​ថត​​ ឬ​រក្សា​ទុក​នោះ​ទេ អ្វី​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS អាច​ដឹង​បាន​នោះ គឺ​កម្មវិធី​នោះ​បាន​ប្រើ​ប្រាស់​កាមេរ៉ា៕​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម