អស្ចារ្យ​មិន​ធ្លាប់​មាន! សាយ នឹង​រត់អបអរ​ខួប​កំណើត​របស់​ខ្លួន​ ៩៩ថ្ងៃ កាត់ ២១ ខេត្ត-ក្រុង!

  • 2020-09-24 04:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង​វ័យ​ក្មេង​របស់​កម្ពុជា​ គឺ​លោក សាយ​ (Sai) បាន​ប្រកាស​ពី​ផែន​ថ្មី និង​អស្ចារ្យ​មួយ ដោយ​គ្រោង​នឹង​រត់​ឆ្លង​កាត់​ខេត្ត​ ក្រុង​ចំនួន ២១ ក្នុង​រយៈ​ពេល៩៩​ថ្ងៃ ទុក​ជា​ការ​អបអរ​ដល់​ខួប​កំណើត​របស់​ខ្លួន​គម្រប់ ៣០​ឆ្នាំ។

នេះ​ជា​យុទ្ធនាការថ្មី​បំផុត​របស់​បុគ្គល​ម្នាក់​សម្រាប់​អបអរខួប​កំណើត​របស់​ខ្លួន។ ប៉ុន្តែ​ផល​ពី​យុទ្ធនាការ​នេះ មិន​សម្រាប់​ខ្លួន​ឯង​នោះ​ទេ គឺ​សម្រាប់​សហគមន៍ និង​កុមារ។ ដូច្នេះ​ហើយ សាយ បាន​ដាក់​ឈ្មោះ​គម្រោង​ថ្មី​របស់​ខ្លួន​នេះ​ថា​ Run For Children With Sai ឬ​ រត់​ដើម្បីកុមារ​ជាមួយ​សាយ

តាម​ការ​បញ្ជាក់​របស់​អតីត​បេក្ខភាព​កម្មវិធី "ស្ដាប់​ចម្រៀង​ចម្រៀង​របស់​ខ្ញុំ" រដូវ​កាល​ទី​២ លោកនឹង​​រត់​ដល់​ទៅ​ ៩៩ថ្ងៃ និង​ប្រមាណ​ ៤០គីឡូម៉ែត្រ​ក្នុង​ ១ថ្ងៃ ដោយ​ឆ្លង​កាត់​ខេត្ត ក្រុង​ចំនួន ២១ ដើម្បី​ប្រមូល​មូលនិធិ ជួយ​ដល់​កុមារៗនៅមន្ទីរពេទ្យកុមារអង្គរ។ យ៉ាង​ណា​ម្ចាស់​គម្រោង​បាន​ឲ្យ​ដឹង​ថា អត្ថន័យ​នៃ​គម្រោង មិន​មែន​ជា​ «ថវិកា» តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​សារ​សំខាន់​បំផុត គឺ​ចង់​ឆ្លុះបង្ហាញ​ពី​ការ​ចូល​រួមជួយ​ដល់​កុមារ​កម្ពុជាប្រកប​ដោយ​ចីរភាព ​ដែល​ប្រឈម​ខ្ពស់នា​ពេល​បច្ចុប្បន្ន។

តាម​របាយការណ៍​ឆ្នាំ ២០១៨ របស់​អង្គការ Unicef បាន​ឲ្យ​ដឹង​ថា អត្រា​ស្លាប់​របស់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ក្នុង​ចំណោម​ការ​ផ្ដល់​កំណើត​ចំនួន​១ ០០០នាក់ មាន​ ២៨នាក់បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្សេងៗ ។ ដូច្នេះ​ហើយ សាយ ជឿ​ថា សកម្មភាព​តូច​មួយ​នេះ​របស់​ខ្លួន​នឹង​ជះ​ផល​វិជ្ជមាន​ដល់​ការ​បន្ថយ​អត្រា​នៃ​ការ​ស្លាប់​របស់​កុមារ​នេះ​។

ម្ចាស់​គម្រោង​លើក​ឡើង​ថា «ជួយ​ដល់​កុមារ ដូច​ជួយ​សង្គម​ជាតិ ព្រោះ​កុមារ គឺ​ជា​គន្លឹះ​នៃ​អនាគត​​របស់​ប្រទេស​ជាតិមួយ»។ សាយ ចង់​បាន​ការ​ចូល​រួម​ពី​យុវជន ព្រោះ​ពួក​គេ​គឺ​ជា សសរ​ស្ដម្ភ​ទ្រទ្រង់​ប្រទេស​ជាតិ ហើយ​វាជាការសំខាន់សម្រាប់សហគមន៍មួយដែលគួរ​ត្រូវបាន​ការ​ចូលរួមពី​ពួក​គេ ក្នុងការដោះស្រាយបញ្ហាមិនថាតូចឬធំទេ ដើម្បីរក្សាឯកភាព និងការ​រីក​ចម្រើន​ដ៏​គាប់​ប្រសើរ។ ពិសេសជាង​នេះ គឺសម្រាប់កុមារដើម្បីធានាថាពួកគេទាំងអស់ទទួលបានឱកាសដូចគ្នាដើម្បីធំធាត់មានសុខភាពល្អ និងក្លាយជាធនធានមនុស្សដ៏ល្អដើម្បីអភិវឌ្ឍប្រទេស។

នេះ​មិន​មែន​ជា​លើក​ទី​ ១​ទេ​ សម្រាប់​ សាយ ក្នុង​យុទ្ធនាការ​រត់​ ព្រោះ​លោក​មាន​បទពិសោធន៍​បែប​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ចូលរួម​កម្មវិធី​ប្រកួត​រត់​ម៉ារ៉ាតុង​លើសពី​ ១០ទៅ​ទៀត​ មាន​តាំង​ពី​ ២១គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ គិត​ចាប់​តាំងពី​ឆ្នាំ ២០១៧​ ដល់​ឆ្នាំ ២០២០​នេះ។

ជាមួយ​គ្នា​នេះ​ សាយ​ ក៏​សង្ឃឹម​ដែរ​ថា​ គ្រប់គ្នា​នឹង​ចូល​រូម​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​បាន​ទូលំទូលាយ និង​រួម​គ្នា​ឲ្យ​បាន​សស្រាក់សស្រាំជួយដល់កុមារកម្ពុជាដែលជាអនាគតរបស់​ប្រទេស៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី