B.I ត្រូវ​បាន​តែងតាំងជានាយកប្រតិបត្តិក្រុមហ៊ុនរបស់ Jo In Sung ជាផ្លូវការ

  • 2020-09-28 04:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​មេក្រុម​ iKON គឺ​ B.I ត្រូវបាន​ក្រុមហ៊ុន​ IOK ប្រកាស​តែង​តាំង​ជា​ផ្លូវការ​ជា​នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែល​ជា​ជម្រក​របស់​តារា​ជាច្រើន។

យោង​តាម​សចក្ដី​ថ្លែងការ​​ដែល​ ក្រុមហ៊ុន​ IOK បាន​ចេញ​នៅ​ថ្ងៃទី ១១ ខែកញ្ញា​កន្លងទៅ​ ជំនួប​ជួបជុំ​ក្រុម​ម្ចាស់ភាគ​ហ៊ុន​លើក​ទី ២១​របស់​ក្រុម​ហ៊ុន​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែកញ្ញា ឆ្នាំ២០២០​នេះ។ ក្នុង​ជំនួប​នេះ​ B.I ត្រូវ​បានគេ​ឃើញ​ និង​ដឹង​ថា​ លោក​នឹង​ចូលរួម​ក្នុង​នាម​ជា​នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន។

ដូចនេះ​ក្នុង​ចំណោម​នាយកប្រតិបត្តិ​ ៨នាក់​ដែល​នឹង​ត្រូវ​តែង​តាំង​​ថ្ងៃ​នេះ​ B.I គឺជា​អ្នក​ដែល​មាន​វ័យ​ក្មេង​ជាងគេ ហើយ​តំណែង​នេះ​លោក​ត្រូវ​កាន់កាប់​បន្តរយៈ​ពេល​ ៣ឆ្នាំទៀត។

គួរបញ្ជាក់​ផងដែរ​ថា​ IOK គឺជា​ជម្រក​របស់​តារា​ល្បី​ជា​ច្រើន​រួមមាន៖ Jo In Sung, Ji Suk Jin, Moon Hee Jun, និង Lee Young Ja។ បន្ថែម​ពី​លើ​នេះ​ក៏​មាន​ការ​ឲ្យដឹង​ដែរ​ថា​ B.I ថ្មីៗនេះត្រូវ​បាន​ចុះ​បញ្ជី​ជា​តារា​របស់​ផលិតកម្ម​ 131 Label ដែល​ល្ហេចល្ហៀង​ថា​ជា​ផលិតកម្ម​បង្កើត​ឡើង​ដោយ​លោក​ខ្លួន​ឯង​ផ្ទាល់។

មូលហេតុ​ដែល​អ្នកគាំទ្រ​នាំគ្នាសន្និដ្ឋាន​បែប​នេះ​ក៏​ដោយ​សារ​ ក្រោយ​ចេញ​ពី​ផលិតកម្ម YG លោក​បាន​បង្ហោះ​បទ​ចម្រៀង​ដែល​លោក​ធ្វើ​ផ្ទាល់​ចូល​ក្នុង​ គណនី​ Soundcloud ហើយ​ក៏​សំដៅ​ដល់ 131 ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី