ធ្លាប់អត់? អង្គុយចាំមើលផ្សោត នៅអន្លង់ផ្សោតកាំពី គយគន់ទេសភាពតាមដងទន្លេ!

  • 2020-09-29 04:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋានអន្លង់ផ្សោតកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី គឺជាទីតាំងទេសចរណ៍ដ៏មានសក្ដានុពលមួយ​ ក្នុងចំណោមតំបន់ទេសចរណ៍​ជាច្រើនកន្លែងនៅក្នុងខេត្តក្រចេះ។

ដើម្បីទៅដល់អន្លង់ផ្សោតកាំពី យើងត្រូវធ្វើដំណើរប្រមាណ ១៥គីឡូម៉ែត្រ ចេញពីទីរួមខេត្តក្រចេះ តាមបណ្ដោយផ្លូវលេខ ៣៧៧។ ក្នុងការទស្សនាសត្វផ្សោតនៅអន្លង់ផ្សោតកាំពី អ្នកទេសចរ​មានជម្រើស២ គឺទស្សនាសត្វផ្សោតពីចម្ងាយតាមច្រាំងទន្លេ ឬជួលទូកពីសហគមន៍ ដើម្បីជិះទៅទស្សនាសត្វផ្សោតនាដងទន្លេតែម្ដង។

ពេលធ្វើដំណើរតាមទូកទៅដល់កណ្ដាលទន្លេក្បែរអន្លង់ផ្សោត ទូកត្រូវពន្លត់ម៉ាស៊ីន ហើយអ្នកទេសចរ ត្រូវចាំស្ដាប់សម្លេងដង្ហើមរបស់សត្វផ្សោត នៅពេលពួកវាផូសចេញពីទឹក ដើម្បីដកដង្ហើម នៅក្នុងរយៈពេលពី ១២ ទៅ ១៥នាទីម្ដង។

សត្វផ្សោតទន្លេមេគង្គ ដែលចិញ្ចឹមកូនដោយទឹកដោះ គឺជាប្រភេទថនិកសត្វដ៏កម្រ ហើយមាននៅសល់តិចតួចណាស់នៅលើពិភពលោក។ នៅកម្ពុជា សត្វផ្សោតនិយមរស់នៅតាមដងទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតដល់ព្រំប្រទល់កម្ពុជា-ឡាវ ដែលមានចម្ងាយប្រមាណ ១៩០គីឡូម៉ែត្រ។ បើតាមអង្គការ WWF គិតត្រឹមឆ្នាំ២០២០ នេះ កម្ពុជាមានផ្សោតចំនួនជាង ៩០ក្បាល រស់នៅក្នុងអន្លង់ចំនួន ៩ ដែលមានអន្លង់៤ក្នុងខេត្តស្ទឹងត្រែង និង៥ទៀតក្នុងខេត្តក្រចេះ។ ក្នុងនោះអន្លង់ផ្សោតកាំពី មានសត្វផ្សោតរស់នៅច្រើនជាងគេបង្អស់។

សូមទស្សនា​វីដេអូពីកម្មវិធី ផ្លូវទៅស្រុគ វគ្គ៣ ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕