នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៥៤​គីឡូក្រាម​របស់​ PNN​ ខណៈ​បេក្ខភាព​ប្រជុំ​ជើង​ខ្លាំង​ទម្ងន់​នេះ

  • 2020-10-01 08:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​ PNN​ ប្រកាស​បើក​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​៥៤​គីឡូក្រាម​ព្រឹក​មិញ​នេះ​ដែល​មាន​ប្រាក់​រង្វាន់​សម្រាប់​ជើងឯក​នោះ​បាន​រហូត​ដល់​ ៣០​លាន​រៀល។​ តើ​នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​នេះ​ក្នុង​ចំណោម​ជើង​ខ្លាំង​លេចធ្លោ​ទាំង​ ៨រូប​ រិន​ ដេវីត​ ឃួន​ ឡាំកូស៊ីន​ ធន់​ អៀងឡៃ​ ស៊ឺន​ ថៃសាន់​ ពេជ្រ​ ប៊ុនសិទ្ធ​ ខេម​ ចាន់​ ម៉ន​ ភារម្យ​ យីប​ ឌុក។​

ទិដ្ឋភាពសន្និសីទសារព័ត៌មានព្រឹកមិញ

លោក​ ស្រឺ​ ស្រេង​ អ្នក​គ្រប់គ្រង​កម្មវិធី​កីឡា​របស់​ PNN​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី៣​ នេះ​អាច​ថា​ជា​ប្រវត្តិសាស្ត្រ​ផង​ដែរ​ ព្រោះ​ជា​ទូទៅ​គេ​ផ្ដោត​លើ​ប្រភេទ​ទម្ងន់​ធ្ងន់​ ចាប់​ពី​ ៥៧​ ៦០​ ឬ​ ៦៣,៥​ ឡើង​ទៅ​ប៉ុណ្ណោះ។​

អ្នក​គ្រប់គ្រង​ផ្នែក​កីឡា​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ដោយ​មាន​ការ​ពេញ​ចិត្ត​ពី​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឲ្យ​រៀបចំ​លើ​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​នេះ​ រួម​និង​ការសម្លឹង​ឃើញ​ពី​សមត្ថភាព​ក៏​ដូច​ជា​ទឹកចិត្ត​ពុះកញ្ជ្រោល​ចង់​ល្បី​ពី​សំណាក់​កីឡាករ​ទៀត​នោះ​ទើប​ខាង​ស្ថានីយ​ ខាង​ម្ចាស់​ឧបត្ថម្ភ​សម្រេច​បង្កើត​ខ្សែក្រវាត់​ទម្ងន់​នេះ​តែ​ម្ដង។​ លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា​រដូវ​កាល​ទី៣​នេះ​នឹង​នៅ​តែ​ធ្វើឲ្យ​អ្នក​គាំទ្រ​ជក់ចិត្ត​ និង​ពេញ​ចិត្ត​ជា​បន្ត​ទៀត។​

បេក្ខភាពទាំង៨នាក់

ជើងឯក​ខ្សែក្រវាត់​ទម្ងន់​៥៤​គីឡូក្រាម​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៣០​លាន​រៀល​ ចំណែក​ជើងឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់​ ១០​លាន​រៀល។​ ការ​ប្រកួត​នេះ​បែងចែក​ជា​២ពូល ហើយ​កីឡាករ​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​អ្នក​ដែល​ជាប់​លេខ​ ១-២​ បាន​ឡើង​ទៅ​វគ្គ​ខ្វែង​បន្ត​ទៀត។​ បើ​ឆាក​សប្ដាហ៍​ទី១ ​ថ្ងៃ​អាទិត្យ​នេះ​ រិន​ ដេវីត​ ប៉ះ​ ស៊ឺន​ ថៃសាន​ ចំណែក​ ឃួន​ ឡាំងកូស៊ីន​ ប៉ះ​ ធន់​ អេងឡៃ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី