ខេត្តព្រៃវែង នឹងមានបង្គន់អនាម័យប្រើប្រាស់គ្រប់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ

  • 2020-10-02 11:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានឲ្យដឹងថា ទូទាំងខេត្ត នៅសល់ចំនួនជាង១ម៉ឺន៦ពាន់ខ្នងផ្ទះទៀតដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ ក្នុងចំណោមផ្ទះសរុបចំនួនជាង២៣ម៉ឺនខ្នងផ្ទះ ខណៈបច្ចុប្បន្នខេត្តនេះ មានបង្គន់អនាម័យចំនួនជាង២១ម៉ឺនខ្នងផ្ទះ ស្មើនឹងជាង៩៣ ភាគរយ។ ស្រុកភូមិគោលដៅ ដែលត្រូវអនុវត្តបន្តសាងសង់បង្គន់អនាម័យមានចំនួន៥ គឺស្រុកកំពង់ត្របែក ស្រុកបាភ្នំ ,ស្វាយអន្ទរ, ស្រុកកំចាយមារ និងក្រុងព្រៃវែង ខណៈក្រុងព្រៃវែងនេះ មានបង្គន់អនាម័យជាង៩០ភាគរយហើយ ។

លោកបានឱ្យដឹងថា ការសាងសង់បង្គន់អនាម័យនេះ គឺមានការចូលរួមគ្រាំទ្រ ពីសប្បុរសជន, មូលនិធិឃុំសង្កាត់,ដែលហៅថាប្រាក់សេវាសង្គម, អង្គការក្រៅរដ្ឋភិបាល, មានដូចជា អង្គការICE, អង្គការ EMW ,និងអង្គការ plan, ជាពិសេសក្រសួង អភិវឌ្ឍន៍ជនបទតែម្ដង ។ លោកបានឱ្យដឹងទៀតថា បង្គន់អនាម័យជាង១ម៉ឺន៦ពាន់ខ្នងផ្ទះដែលនៅសេសសល់ ភាគច្រើនជាប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ដែលមិនមានលទ្ធភាពធ្វើ ។ លោកបន្ថែមថា មន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូនានា កំពុងបន្តចុះអប់រំ និងជួយប្រជាពលរដ្ឋបន្ថែមទៀត ដោយធ្វើយ៉ាងណា ជំរុញការងារនេះ ឱ្យហើយរួចរាល់ត្រឹមឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តព្រៃវែង មានភូមិចំនួន១៨៨ក្នុង ចំណោមភូមិ១១៣៩ទូទាំងខេត្ត បានបញ្ឈប់ការបន្ទោរបង់ ពាសវាលពាសកាល១០០ភាគរយហើយ ៕

ប្រភព៖ ក្រសួងព័ត៍មាន