​លឹម ពិសុទ្ធ​ ​​តាំង​ចិត្ត​​ថា នឹង​សម្រេច​គោល​ដៅ​នេះ​ឲ្យ​បាន​ ៤ ឬ ៥ ឆ្នាំ​ទៀត​

  • 2020-10-05 03:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹ​ប​ភ្នំពេញ​ក្រោន លឹម ពិសុទ្ធ ​​បាន​តាំង​ចិត្ត​ថា នឹង​ធ្វើ​យ៉ាង​ណា​អាច​​ទៅ​លេង​នៅ​លីគ​កំពូល​ក្រៅ​ស្រុក​ឲ្យ​បាន​​​ក្នុង​រយៈ​ពេល ៤ ឬ ៥ ឆ្នាំ​ខាង​មុខ ។

លឹម ពិសុទ្ធ

​​​​​​ខ្សែ​ប្រយុទ្ធ​​​រូប​នេះ​មាន​មហិច្ឆតា​ធំ​ចង់​ទៅ​លេង​នៅក្រៅ​ស្រុក មិន​ថា​លីគ​នៅ​ប្រទេស​ណា​ឡើយ។ គេ​បាន​កំណត់​ថា ​ក្នុង​រយៈ​៤ ឬ​៥ ឆ្នាំ​ទៀត នឹង​​សម្រេច​គោល​ដៅ​របស់​ខ្លួន​នេះ​ឲ្យ​បាន។ ​​​ទោះ​បី​ជា​យ៉ាង​ណា​ ពិសុទ្ធ​ គិត​ថា ​គោល​ដៅ​មួយ​​នេះ​ពិត​ជា​អាច​ទៅ​រួច​នា​ថ្ងៃ​ណា​មួយ ។​

យុវជន​​មាន​ដើម​កំណើត​នៅ​ភ្នំពេញ​រូប​នេះ​ បាន​ប្រាប់​ពី​ផល​វិបាក​របស់​ខ្លួន​ថា ​ទី​១​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​តែង​មាន​សំពាធ​ផ្លូវ​ចិត្ត​នៅ​ពេល​ជួយ​ក្រុម​មិន​បាន​ល្អ ពី​សំណាក់​អ្នក​នៅ​ជុំវិញ​​ខ្លួន ​​ពិសេស​អ្នក​គាំទ្រ​ និង​ទី​២តែង​មាន​​​អារម្មណ៍​អន់​ចិត្ត​ នឹង​​​ខ្លួន​​ឯង​ នៅ​ពេល​ដែល​លេង​មិន​បាន​ល្អ។ ​ក្មួយ​ប្រុស​បង្កើត​ រស់ សំ​អឿន រូប​នេះ​​បញ្ជាក់​ថា ចំណុច​ទាំង​ពីរ​ខាង​លើ​នេះ​គឺ​ធំធេង​ខ្លាំង​សម្រាប់​គេ។

​​លឹម ពិសុទ្ធ​ ​កើត​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០០១ ​ដោយ​ចូល​ហាត់​បាល់​ដំបូង​ជា​មួយ​យុវជន​​ភ្នំពេញ​ក្រោន​នៅ​អាយុ ១៣ ឆ្នាំ​ក្នុង​ឆ្នាំ​២០១៤។ ក្នុង​ការ​ចូល​ហាត់​ U13​ ​ជាមួយ​ក្រោន​នេះ​គេ​ក៏​បាន​ជាប់​ជម្រើសជាតិ​ U13 ​ដល់​ឆ្នាំ​២០១៥ គេ​ក៏​បាន​ជាប់​ជម្រើសជាតិ​ U14 ម្ដង​ទៀត​ ហើយ​​បច្ចុប្បន្ន​​ក៏​បាន​ជាប់​ជម្រើសជាតិ​ U19 ​ផង​ដែរ​។

​​ខ្សែ​ប្រយុទ្ធ​កំពុង​លេច​ធ្លោ​រូប​​​នេះ​​មាន​បង​ប្អូន​បង្កើត​ចំនួន​ ៤ នាក់​គេ​ជា​កូន​ទី​២ ក្នុង​គ្រួសារ ឪ​ពុក​របស់​គេ​​ឈ្មោះ លឹម វុទ្ធី ធ្វើ​ការ​ងារ​អង្គការ​មួយ​ ម្ដាយ​ឈ្មោះ ផុង រ៉ា ​​​មេផ្ទះ​។ ​​​​​យុវជន​រូប​នេះ​បាន​ចូល​​ហាត់​បាល់​ដំបូង​ដោយសារ​ឪពុក​របស់​គេ​មើល​ឃើញ​​ចេះ​លេង​​បាល់ និង​ចូល​ចិត្ត​លេង​បាល់​ក៏​ប្រាប់​ពូ​បង្កើត​របស់​គេ​ រស់ សំអឿន ​ឲ្យ​ទាក់​ទង​ក្លឹប​ភ្នំពេញ​ក្រោន​​ដើម្បី​ធ្វើតេស្ត​ឲ្យ​ចូល​ហាត់​តែ​ម្ដង។

​ចំណង់​ចំណូលចិត្ត​ក្រៅ​ពី​ហាត់​បាល់ទាត់​ ពិសុទ្ធ ចូល​ចិត្ត​ទៅ​ហាត់​ប្រាណ​ ​យក​​សាច់​ដុំ ពី​ព្រោះ​គេ​គិត​ថា ខ្លួន​ប្រាណ​របស់​គេ​ល្អិត ត្រូវ​ការ​សាច់​ដុំ​ល្អ។ សម្រាប់​ការ​ហ្វឹកហាត់​​យុវជន​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩ ​ឆ្នាំ​រូប​នេះ​ចំណាយ​ពេល​២ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ហាត់​នៅ​​ក្លឹប ថ្ងៃ​ខ្លះ​ហាត់​ព្រឹក​​ពីរ​ម៉ោង ហើយ​បន្ថែម​ល្ងាច​១ ឬ​២​ម៉ោង​ទៀត ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី