អោក សំនាង៖​ ជា​ការ​លើក​ទឹកចិត្ត​ធំធេង​ណាស់​ ពេល​ប្រធាន​សហព័ន្ធ​ចុះ​ផ្ទាល់​ដល់​ក្លឹប​បែប​នេះ​

  • 2020-10-08 08:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​របស់​ក្លឹប​ក្ដីចាស់​ អោក សំនាង ថា​ការ​ចុះ​មក​ដល់​ក្លឹប​ផ្ទាល់​នៅ​បាក់ខែង​នេះ​ ពិត​ជា​មោទកភាព​ និង​រឹតតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​ការ​ខំប្រឹង​បន្ថែម​ទៀត​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​ថ្នាល​ថ្មីៗ​ដើម្បី​រួម​ចំណែក​ឲ្យ​ ITF​ កាន់​តែ​ខ្លាំង។​

លោកគ្រូ អោក សំនាង (រាប់ពីស្ដាំមកទី២)

អោក សំនាង បាន​ឲ្យ​ដឹង​ថា​ ក្លឹប​ក្ដី​ចាស់​នេះ​គឺ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៥​ មក​ម្ល៉េះ​ និង​បណ្ដុះ​បាន​កីឡាករ​​ចូល​ក្នុង​ជម្រើស​ជាតិ​ឈុត​ធំ​ និង​ថ្នាល​ជា​ច្រើន​នាក់​មក​ហើយ។​ បច្ចុប្បន្ន​នេះ​ក្លឹប​កំពុង​បណ្ដុះ​ថ្នាល​ក្មេងៗ​ជា​ច្រើន​ទៀត​ផង​ដែរ។​

គ្រូ​បង្វឹក​ និង​ជា​កីឡាករ​ជម្រើស​ជាតិ​ ITF​ ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ ​ក្លឹប​បាន​ធ្វើ​ពិធី​ប្រកួត​ដំឡើង​ខ្សែក្រវាត់​ដល់​កីឡាករ​របស់​ខ្លួន​ផង​ដែរ​ ខណៈ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ កែវ ​រ៉េមី​ ប្រធាន​សហព័ន្ធ​ទៀត​ផង។​

ទិដ្ឋភាពថ្នាក់ដឹកនាំ ITF​ ថតរូបជុំ​គ្នា

កា​ផ្ដល់​វត្តមាន​ផ្ទាល់ ក៏​ដូច​ជា​ការ​ផ្ដល់​អនុសាសន៍​ផ្សេង​ៗដល់​ក្លឹប​ក្ដី​ចាស់​នេះ​ ពី​សំណាក់​ប្រធាន​សហព័ន្ធ​គឺ​ពិត​ជា​មាន​សារសំខាន់​ និង​ជា​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​មែនទែន​ចំពោះ​សិស្ស​គុន​ក្នុង​ក្លឹប​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ដើម្បី​ជា​ធនធាន​ជួយ​រក​មេដាយ​ជូន​ប្រទេស​ជាតិ។​ គ្រូ​បង្វឹក​ខាង​លើ​នេះ​ក៏​រឹតតែ​មាន​ចិត្ត​ខំប្រឹង​បន្ថែម​ទៀត​មែន​ ក្នុង​ការ​ជួយ​ស្វែង​រក​ធនធាន​ថ្មី ​បណ្ដុះ​សមត្ថភាព​សិស្ស​ឲ្យ​ខ្លាំង​ដើម្បី​ជួយ​ដល់​ តេក្វាន់ដូ​ ITF​ រក​ភាព​ជោគជ័យ​ជូនប្រទេស​ជាតិ​ នៅ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ ជា​ពិសេស​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ នេះ​តែ​ម្ដង។​

ទិដ្ឋភាពថ្នាក់ដឹកនាំ ITF​ ថតរូបជុំ​គ្នា

រំលឹក​ដែរ​ថា​ ក្លឹប​តេក្វាន់ដូ​ ITF​ ក្ដី​ចាស់​ នៅ​ឯ​បាក់ខែង​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣​ ខែ​តុលា​ ឆ្នាំ​២០២០​ បាន​ធ្វើ​ពិធី​ប្រកួត​ដំឡើង​ខ្សែក្រវាត់​សិស្ស​គុន​របស់​ខ្លួន។​ ក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​វត្តមាន​ចូលរួម​ពី​ប្រធាន​សហព័ន្ធ​ឯកឧត្ដម​ កែវ​ រ៉េមី​ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ៗជា​ច្រើន​រួម​ចូលរួម​ផង​ដែរ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម