​ភស្តុតាង​ច្រើនសន្ធឹកបង្ហាញថា​ សត្វ​រមាស​ធ្លាប់​មាននៅ​ស្រុក​ខ្មែរ​ ប៉ុន្តែ​ត្រូវ​វិនាស​ផុត​ពូជ​

  • 2020-10-12 02:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមាស​ជា​សត្វ​ចតុប្បាទ​ព្រៃ​មួយ​ប្រភេទ រាង​មាំ​សំបុក​ពោះ​ទ្រយុក​ស្រដៀង​នឹង​ជ្រូក​ស្រុក, ប្រអប់​ជើង​ស្រដៀង​នឹង​ដំរី, ក្បាល​តូច​ឆ្លឺម​មិន​សម​នឹង​មាត្រ, ស្បែក​ក្រាស់, មាន​កុយ​ដុះ​ចំ​ពី​លើ​ច្រមុះ។ សត្វ​រមាស​ក្នុង​ប្រទេស​អាស៊ី​មាន​កុយ​តែ​មួយ តែ​ក្នុង​ប្រទេស​អាហ្វ្រិក​មាន​កុយ​ពីរ​ដុះ​មួយ​មុខ​មួយ​ក្រោយ​បន្ទាប់​គ្នា​។ វា​ជា​ពពួក​សត្វ​សាហាវ បរិភោគ​សត្វ​ដូចគ្នា​ជា​អាហារ​ ហើយ​ក៏​បរិភោគ​រុក្ខជាតិ​ដែរ។​​

បើ​តាម​ព្រះគុណម្ចាស់ មុិញ ឡៃយ៉ា​ បានបកស្រាយថារយៈ​ការ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​សម័យ​បុរាណ ពោល​គឺ​តាំង​តែ​ពី​សម័យ​នគរភ្នំ​មក យើង​ឃើញ​ថា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ជំនួញ​ជួញ​ដូរ​ក្នុង​សម័យ​នោះ​ជាមួយ​ប្រទេស​ចិន ឥណ្ឌា ជ្វា ចម្ប៉ា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​សម័យ​នោះ​បន្ទាប់​ពី​គ្រឿង​អលង្ការ​ដែល​ធ្វើ​អំពី មាស ប្រាក់ ត្បូង​កែវ លង្ហិន សំរឹទ្ធ ភ្លុក​ដំរី ស្បែក​ខ្លា ក៏​នៅ​មាន​វត្ថុ​សំខាន់​មួយ​ប្រភេទ​ទៀត​គឺ កុយ​រមាស។

ឯកសារ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​នៅ​ក្នុង​ដែន​ដី​ខ្មែរ​តាំងតែ​ពី​សម័យ​បុរាណ​កាល​មក​គឺ​សម្បូរ​សត្វ​រមាស​រស់នៅ​ជាច្រើន ដូច្នេះ​ហើយ​ទើប​មាន​ការ​ជួញ​ដូរ​កុយ​រមាស​សន្ធឹកសន្ធាប់​ទៅ​កាន់​ប្រទេស​នានា ដូច​បាន​រៀបរាប់​ខាង​លើ​មក​ហើយ​។ ភស្តុតាង​ពី​សត្វ​រមាស​ផ្សេង​ទៀត​គឺ​នៅ​តាម​ភូមិ​ស្រុក​ ប្រាសាទ​មួយ​ចំនួន​នៅ​សល់​ឈ្មោះ​សត្វ​រមាស​ជាប់​ជាមួយ​ដូចជា ក្រោល​រមាស, រមាស​ហែក, ក្បាល​រមាស, ខ្នាចរមាស​ -ល-។

នៅ​លើ​ប្រាសាទ​ខ្មែរ​សម័យ​អង្គរ​មាន​សេសសល់​ចម្លាក់​សត្វ​រមាស​លើ​ជញ្ជាំង​ប្រាសាទ​ លាយ​លំ​នឹង​សត្វ​ព្រៃ​ដទៃ​ និង​មាន​ក្នុង​ចម្លាក់​រៀបរាប់​ពី​ទេវកថា​ ជាមួយ​អាទិទេព។ នេះ​នៅ​មិន​ទាន់​និយាយ​ពី​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ដូនតា​ខ្មែរ​ដែល​មាន​ឆ្លាក់​រូប​សត្វ​រមាស​ នៅ​សម័យ​កណ្ដាល​ផង។​​

នៅ​សម័យ​ឧត្តុង្គ​ពោល​គឺ​មុន​សម័យ​អាណានិគម​ព្រះ​បាទ​អង្គ​ឌួង​បាន​សរសេរ​ព្រះរាជសារ​​ទី២ ថ្វាយ​ទៅ ព្រះ​ចៅ​ណាប៉ូឡេអុង​ទី​៣ សុំ​អន្តរាគមន៍​ពី​បារាំង​ដោយ​​អម​ជាមួយ​លិខិត​នោះ​មាន​តង្វាយ​ដូចជា៖ ភ្លុកដំរីធំៗ៤, កុយរមាស ២​, ជ័រចុង ៧​បាវ (៣០០ គីឡូ), ស្ករស ៣០០គីឡូ, ម្រេច ៣០០ គីឡូ​បាន​ដឹក​ចេញ​ពី​សិង្ហបុរី តាម​កប៉ាល់​ទៅ​ដល់​ប៉ារីស​ឆ្នាំ​១៨៥៧។​

​តាម​រយៈ​ឯកសារ​នេះ​បាន​បង្ហាញ​​ថា ប្រទេស​កម្ពុជា​នៅ​មាន​វត្តមាន​សត្វ​រមាស​រស់នៅ​ នៅឡើយ។ ឯកសារ​ចុង​ក្រោយ​មួយទៀត​ដែល​បាន​បង្ហាញ​ប្រាប់​យើង​ឱ្យ​ដឹង​គឺ​តាម​រយៈ​រូបភាព​សត្វ​រមាស​លើ​តែម​ប្រៃសណីយ៍​ (៣៛) នៅ​ក្នុង​សម័យ​សាធារណរដ្ឋខ្មែរ ចន្លោះ​ឆ្នាំ ១៩៧០-១៩៧៥។​ ទាំង​នេះ​គឺជា​ឯកសារ​ដ៏​សំខាន់​ប្រាប់​ជនជាតិ​ខ្មែរ​យើង​គ្រប់រូប​ឱ្យ​ដឹង​ថា​សត្វ​រមាស​ធ្លាប់​រស់នៅ​លើ​ទឹកដី​ខ្មែរ​តាំង​តែ​ពី​សម័យ​បុរាណ​កាល​មក​រហូត​រាប់​រយ​ពាន់​ឆ្នាំ​​ បើ​ទោះ​ជា​បច្ចុប្បន្ន​ត្រូវ​ផុត​ពូជ ឬ​អ្នក​ស្រាវជ្រាវ​រក​មិន​ទាន់​ឃើញ​ក៏​ដោយ​៕

អត្ថបទ៖ សៀនហួរ