មកដឹងតម្លៃទូរសព្ទ 5G ធូរថ្លៃបំផុតរបស់ Samsung

  • 2020-10-13 02:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បង្ហាញ​ចេញ​តម្លៃ Galaxy A42 5G ដែល​មាន​តម្លៃ​ ៣៤៩​ផោន (ប្រមាណ​ ៤៥៥​ដុល្លារ) នៅ​លើ​ទីផ្សារ​ចក្រភព​អង់គ្លេស។ តម្លៃ​នេះ​ធូរ​ថ្លៃ​ជាង​ Galaxy A51 5G ខ្ទង់ ៨០​ផោន (ប្រមាណ​ ១០៤ដុល្លារ) ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន 5G តម្លៃ​ធូរ​ជាង​គេ​របស់ Samsung នា​ពេល​នេះ។

​Galaxy A42 មាន​ប្រើ​ប្រាស់​នូវ​ឈីប Snapdragon 750G ដែល Qualcomm បាន​ប្រកាស​ចេញ​កាល​ពី​ខែ​មុន។ វា​ក៏​មាន​នូវ​អេក្រង់​ទំហំ ៦,៦អ៊ីញ ជា​ប្រភេទ OLED មាន​ក្បាល​ឆក​រាង​តំណក់​ទឹក​សម្រាប់​ដាក់​កាមេរ៉ា​ទំហំ ២០MP, មាន RAM ទំហំ 4GB ទៅ 8GB, អង្គ​ផ្ទុក​ទំហំ 128GB អាច​ពង្រីក​បាន, ថ្ម​ទំហំ 5000mAh និង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​ក្រោម​អេក្រង់។

នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ចំនួន​បួន​គ្រាប់​ ដែល​កាមេរ៉ា​មេ​មាន​ទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ៨MP, កាមេរ៉ា Macro ទំហំ ៥MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ៥MP សម្រាប់​បង្កើត​រូបភាព​ Portrait។

ស្មាតហ្វូន​ 5G តម្លៃ​ធូរ​នេះ​នឹង​ចេញ​លក់​លើ​ទីផ្សារ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ Samsung នៅ​មិន​ទាន់​បញ្ជាក់​អំពី​ការ​បញ្ចេញ​លក់​លើ​ទីផ្សារ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង