Samsung OnePlus និង Xiaomi បញ្ឈឺ Apple ចុកៗរឿងដកដុំសាក និងកាស

  • 2020-10-16 02:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី Apple បាន​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី ប្រធាន​បទ​នៃ​ការ​ដក​ដុំ​សាក និង​កាស​ស្ដាប់​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​មួយ​ក្នុង​បណ្ដាញ​សង្គម។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ជា​គូ​ប្រជែង​របស់ Apple ក៏​បាន​បង្ហោះ​សារ​ឌឺ​ដង​ជា​ហូរហែ​ផង​ដែរ។

ទំព័រ Facebook ផ្លូវ​ការ​របស់​ Samsung ប្រចាំ​នៅ​តំបន់ Caribbean បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៃ​ដុំ​សាក​របស់​ខ្លួន ​ដែល​មាន​ភ្ជាប់​ជា​មួយ​ពាក្យ​ចាក់​ដោត​មួយ​ឃ្លា​ថា​ "Included with your Galaxy” ដែល​មាន​ន័យ​ថា​ "មាន​បន្ថែម​មក​ជា​មួយ​​ស្មាតហ្វូន Galaxy របស់​អ្នក"។

ចំណែក​ OnePlus ឯណោះ​បាន​​យក​​ឱកាស​បង្ហាញ​ចេញ​ស្មាតហ្វូន OnePlus 8T កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​តុលា​ ដោយ​បាន​​សង្កត់​ធ្ងន់​ថា​ ​ដុំ​សាក​គឺ​មាន​​ដាក់​ជូន​ដោយ​ឥត​គិត​ថ្លៃ​​​នៅ​ក្នុង​ប្រអប់។

ចំពោះ Xiaomi វិញ បាន​ប្រើ​ប្រាស់​គណនី Twitter ដោយ​បង្ហោះ​នូវ​វីដេអូ​ខ្លី​មួយ​បង្ហាញ​អំពី​ការ​បើក​ប្រអប់​ Xiaomi Mi 10T Pro និង​បាន​ភ្ជាប់​ពាក្យ​មួយ​ឃ្លា​ថា "កុំ​បារម្ភ​អី, ពួក​យើង​មិន​យក​របស់​ណា​មួយ​ចេញ​ពី​ប្រអប់​ Mi 10T Pro ឡើយ”។

គួរ​ដឹង​ថា​គូ​ប្រជែង​ទាំង​បី​ខាង​លើ​នេះ ក៏​ធ្លាប់​មាន​ប្រវត្តិ​សើច​ចំអក​ Apple លើ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​កាល​ពី​ពេល​កន្លង​ទៅ ដូច​ជា​សើច​ចំអក​រឿង​ដក​រន្ធ​កាស 3.5mm និង​ការ​ប្រើ​​រចនាបថ​ក្បាល​ឆក​ជា​ដើម។ ប៉ុន្តែ​ចុង​ក្រោយ​ពួក​គេ​សុទ្ធ​តែ​បាន​ធ្វើ​តាម Apple៕​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី