"នាគ​បួស" ប្រាសាទ​លើ​កូន​ភ្នំ​ លាក់​ខ្លួន​ ឆ្ងាយ​អ្នក​ផង​ក្នុង​ព្រៃ​ក្បែរ​ជើង​ភ្នំ​ដងរែក​

  • 2020-10-19 06:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រាសាទ​នាគ​បួស ឬ​អ្នកបួស មាន​ឈ្មោះ​ដើម​ច័ន្ទ​គិរី មាន​ទីតាំង​នៅ​លើ​កូន​ភ្នំ​ជិត​ជើង​ភ្នំ​ដងរែក នៅក្នុង ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។​ ប្រាសាទ​នេះ​ស្ថិត​នៅ​កណ្តាល​ព្រៃ​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញសាសនា​។

ចេញ​ពី​ផ្លូវ​គ្រួស​ច្រក​អានសេះ​មាន​ផ្លូ​វ​បំបែក​មួយ​ទៅ​កាន់​ផ្លូវ​ប្រាសាទ​អ្នក​បួស ​ជា​ផ្លូវ​មួយ​មាន​ចម្ងាយ​ប្រហែល ៣គីឡូម៉ែត្រ​។ តែ​នៅ​ជ្រលង​ភ្នំ​ស្រះស្រង់ ឬ​បារាយណ៍​ទឹក​បុរាណ​មួយ​នៅ​ជើង​ភ្នំ​ខាង​ក្រោម​ប្រាសាទ ដែល​មាន​ទំហំ​ដ៏​ធំ​ល្វឹងល្វើយ​មាន​ទឹកថ្លា​សម្រាប់​ធ្វើ​ពិធី​សាសនា​ព្រហ្មញ្ញ និង​សម្រាប់​ការ​បង្ហូរ​ទឹក​ស្រោចស្រព​ស្រូវ​ប្រាំង​នៃ​ស្រែចម្ការ​របស់​សហគមន៍​ខ្មែរ​តាំង​បុរាណ​រហូត​ដល់​សព្វថ្ងៃ​។

​សាងសង់​បែរ​មុខ​ទៅ​ទិស​ខាងត្បូង គេ​​ឃើញ​មាន​ជណ្ដើរ​ឡើង​ចំនួន​១១កាំ ទទឹង​មាន​ប្រវែង​ប្រហែល ១០០ម៉ែត្រ បណ្ដោយ​៣០០ម៉ែត្រ ប្រាសាទ​នេះ​គឺជា​ក្រុម​ប្រាសាទ​មាន​ប៉ម​តូច​ៗ ចំនួន​៨ និង​ប្រាង្គ​ខ្ពស់​មួយ ហើយ​មាន​ប្រាសាទ​នៅ​ខាង​ក្រៅ​កំពែង​ផ្សេង​ទៀត​ផង។

​នាគ​បួស​សាងសង់​អំពី ឥដ្ឋ ថ្មបាយក្រៀម និង ថ្មភក់ ដែល​ត្រូវ​បាន​សាងសង់​ចាប់​ពី​សតវត្ស​ទី​៧​ដល់​សតវត្ស​ទី ១១​នៃ គ.ស។​ ទីនេះ​អាច​​ជា​កន្លែង​មូលដ្ឋាន​សហគមន៍​មួយ​នៅ​សម័យ​បុរេ​អង្គរ​៕ រូបភាព៖ មន្ទីរវប្បធម៌ខេត្តព្រះវិហារ

កែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម