ស្មាត់ជឿនកំពង់ស្ពឺ ពីមុនធ្លាប់តឱ្យ យុន បីទល់បួន ឥឡូវមកស្គាល់អេគីបថ្មីវិញម្ដង

  • 2020-10-23 04:57:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កេរ្តិ៍ឈ្មោះរបស់ សៀក ជឿន ឬប្រិយមិត្តច្រើនស្គាល់ថា «ជឿនកំពង់ស្ពឺ» ក៏មិនធម្មតាដែរ កាលពីអំឡុងឆ្នាំ២០១៥ ដល់ ២០១៧ ពោលគឺស្មាត់ឆ្វេងរូបនេះ លេងបាល់ទះឡើងខ្លាំងគួរសម្យ ហើយក៏ធ្លាប់តឱ្យស្មាត់ យុន (យុននៅស្ទើរ) ប្អូនប្រុសបង្កើតរបស់អធិរាជប្រអប់សុវណ្ណរាជបីទល់បួន ប៉ុន្តែពេលនោះគេមិនទទួលបានជ័យជម្នះឡើយ។

ផានិត, ជឿន, ខ្លឹង

កីឡាករមកពីកងពលលេខ៧ខេត្តព្រះវិហារ ក៏ធ្លាប់លេងតទល់ជាមួយស្មាត់ធំៗជាច្រើនដូចជា រាជ ឌូក ក្ដូ និងបីស្មើជាមួយស្មាត់ធំៗដូចជា ឃុន វាសនា ហៅស្មាត់យក្សមហាផ្ទៃជាដើម ខណៈលទ្ធផលឈ្នះចាញ់ឈ្នះចាញ់។ បច្ចុប្បន្នជឿនកំពង់ស្ពឺ មានអេគីបថ្មីបួននាក់គឺ ផានិត ខ្លឹង អូប៉ះសេ ឬបើមានគូស្ទើរដូចគ្នាមាន ជាប៉ះសេម្នាក់ទៀត។

បើតាមការឱ្យដឹងពីសមាជិកក្រុម ទឹម វណ្ណា ហៅ ផានិត និងជាអតីតអ្នកប៉ះសេរបស់ វ៉េត សុវណ្ណនាថ ម៉ាប់ឆ្វេង អេគីបបួនថ្មីនេះបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្រោយពីមើលឃើញថា ពួកគេអាចលេងជាមួយគ្នាបាន។ បួននេះជឿនជាស្មាត់ឆ្វេង ខ្លឹងជាស្មាត់ស្ដាំ ផានិតដឺមី និងអូប៉ះសេ។ អ្នកទាំងបួន​លេងត្រូវគ្នាណាស់។ កីឡាករដែលធ្លាប់ទៅប្រកួតក្រៅផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា និងវៀតណាមនេះ បានទម្លាយពីចំណុចពិសេសឱ្យ Sabay ដឹងថា ស្មាត់ជឿនមានជំនាញម៉ាត់ឆ្វេងល្អ ម៉ាត់លើបាំង និងបាំងធំ ខ្លឹងចាប់សឺវីសរឹង និងពូកែលេងផ្លែសឺវីស​ ចំណែក អូប៉ះសេ និងសារ៉េជើងក្រោមល្អមួយចប់។ និយាយរួមមួយសំណុំនេះ មានស្មាត់ឆ្វេងស្ដាំ ដឺមី និងប៉ះសេ។

ផានិត

ទោះបីជាយ៉ាងណា អេគីបរបស់កីឡាករដែលចេះលេងបាល់ទះ តាមភូមិវ័យ២៦ឆ្នាំមកពីខេត្តតាកែវ ផានិត ភាគច្រើនមិនហ៊ានលេងបី ឬបួនស្មើជាមួយស្មាត់ធំៗឡើយ គឺមានតែគេតឱ្យប៉ុណ្ណោះ ដូចជាលេងបួនបីជាមួយស្មាត់រាជ វិចិត្រ ស្មាត់ឌូក ក្ដូ ស្មាត់វ៉េត វ៉ា និងសុវណ្ណនាថ ម៉ាប់ឆ្វេងជាដើម។ ប៉ុន្តែគេអាចលេងជាមួយអេគីបបី ឬបួនស្មើ ​គីឡូល្មមៗបានដូចអេគីបក្រុមបងប្អូនល្អមាន ទី ចន ណយ អណ្ដើក និងអេគីបប្រហាក់ប្រហែលៗនេះ។

ចំពោះការប្រកួតដែលធ្លាប់ឆ្លងកាត់ច្រើនមកហើយ អតីតសិស្សថ្នាក់ទី១០នៃវិទ្យាល័យវត្តបារាយណ៍វិហារពីរ បានទម្លាយថាមានតែការប្រកួតបួនទល់បី ជាមួយស្មាត់កំពុងឡើងកូដ រស់ វេត រស់ ហាន់វ៉ា និងខ្ជិបប៉ះសេនៅភ្នំស្រង់ប៉ុណ្ណោះ ដែលធ្វើឱ្យអេគីបរបស់គេពិបាកខ្លាំងបំផុត។ ការប្រកួតនោះ បានកើតឡើងនៅឆ្នាំ២០២០នេះឯង ដោយសិតទី១ខាងផានិតទទួលបានជ័យជម្នះ ប៉ុន្តែសិតទី២ស្មាត់វ៉ាជាអ្នកឈ្នះ ដោយពិន្ទុប្រដេញគ្នាឡើងជិតដល់២០ពន្ទុឯណោះ។

ជាប៉ះសេ និងអូប៉ះសេ

ផានិត បញ្ជាក់បែបនេះ ៖«ការប្រកួតជាមួយស្មាត់វ៉ាបង ស្មាត់វ៉ាតឱ្យបីនិងបួន ឈ្នះមួយសិតហើយ អាសិតចុងក្រោយ វាវេទនាបង ស៊ីវេទនាហ្មង យើង​១៤ហើយ គេឡើងទាន់ហើយ លើស១ទៀត ទៅមកទៅមកបងចឹងបង ចាំអត់ភ្លេចមានតែការប្រកួត គីបខ្ញុំមានតែជួប​ស្មាត់វ៉ាទេ​»។

គួរបញ្ជាក់ថា អ្នកខេត្តតាកែវ ផានិត អ្នកព្រៃវែង ខ្លឹង និងជាប៉ះសេ មិនធ្លាប់បានហ្វឹកហាត់ទេ មានតែអ្នកភ្នំពេញ អូ និងជឿន កំពង់ស្ពឺប៉ុណ្ណោះដែលធ្លាប់បានហាត់បាល់ទះ ហើយជឿនជាកីឡាកមកពីកងពលលេខ៧ខេត្តព្រះវិហារ។ កាលពីពេលថ្មីៗ​ ជឿនកំពង់ស្ពឺ និងផានិត បានចូលលេងឱ្យវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងការប្រកួតដណ្ដើមពានរង្វាន់បាល់ទះមហាជនឆ្នាំ២០២០ ដោយទទួលបានចំណាត់ថ្នាក់លេខ២ ខណៈលេខ១បានលើក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម