គិតឲ្យមែនទែនទៅ iPhone 12 ដែលអត់ដុំសាក មិនបានជួយបរិស្ថានខ្លាំងឡើយ

  • 2020-10-27 06:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​អះអាង​ថា​ការ​សម្រេច​ចិត្ត​ដក​គ្រឿង​បន្ថែម​ដែល​ធ្លាប់​មាន​មក​ជា​ iPhone ដែល​មាន​ដុំ​សាក និង​កាស​ស្ដាប់ គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​គិតគូរ​ដល់​បរិស្ថាន​ជា​ចម្បង។ យ៉ាងណាក្ដី Apple មិន​បាន​លើក​ឡើង​អំពី​រឿង​ប៉ុន្មាន​ចំណុច​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​នេះ ៖

១. Apple នៅ​ផលិត​ដុំ​សាក​សម្រាប់​លក់ ៖ ដុំ​សាក​សម្រាប់​ iPhone 12​ នៅ​តែ​មាន​ ប៉ុន្តែ​គ្រាន់​តែ​មិន​មាន​ក្នុង​ប្រអប់។ Apple ផលិត​ដុំ​សាក​ដោយ​ដាក់​លក់​ក្នុង​តម្លៃ ១៩​ដុល្លារ (តម្លៃ​នៅ​បរទេស)។

២. ដុំ​សាក​ iPhone ​ចាស់ៗ​ភាគ​ច្រើន​គឺ​មិន​អាច​ប្រើ​បាន ៖ ខ្សែ​ដែល​ Apple ដាក់​មក​ក្នុង​ប្រអប់ iPhone ថ្មីៗ​គឺ​​ជា​ខ្សែ Lightning-to-USB-C ដែល​មាន​ន័យ​ថា​ក្បាល​ម្ខាង​ជា​ USB-C និង​ម្ខាង​ទៀត​ជា​ Lightning។ ខ្សែ​នេះ​មិន​អាច​ប្រើ​ជា​មួយ​ដុំ​សាក iPhone ចាស់ៗ​នោះ​ទេ គឺ​លើក​លែង​តែ iPhone 11 Pro/Pro Max ប៉ុណ្ណោះ។ ដូច​នេះ​ប្រសិន​បើ​អ្នក​មិន​មែន​ឡើង​ស៊េរី​ពី iPhone 11 Pro/Pro Max អ្នក​នឹង​ត្រូវ​ទិញ​ដុំ​សាក USB-C មួយ​បន្ថែម​ទៀត​ពេល​ទិញ iPhone 12។

៣. iPhone 12 អាច​សាក​លឿន​ជាង​មុន ប៉ុន្តែ​ទាល់​តែ​ដុំ​សាក​ដែល​គាំទ្រ​ជា​មួយ​វា ៖ iPhone 12 ទាំង​អស់​អាច​សាក​ថ្ម​ដល់​កម្លាំង 20W។ Apple មាន​ផ្ដល់​ជូន​ខ្សែ​ដែល​អាច​សាក​ដល់ 20W ប៉ុន្តែ​មិន​មាន​ផ្ដល់​ជូន​ដុំ​សាក​ទេ។ ប្រសិន​បើ​ប្រើ​ឆ្នាំង​សាក​ 18W បាន​មក​ពី iPhone 11 Pro/Pro Max អ្នក​នឹង​មិន​បាន​ល្បឿន​សាក 20W នោះ​ទេ។ ចុង​ក្រោយ​អ្នក​ត្រូវ​ទិញ​ដុំ​សាក​ពី Apple ឬ​ទិញ​ដុំ​សាក​​ពី​ក្រុមហ៊ុន​​​ផ្គត់ផ្គង់​ផ្សេង​ដែល​មាន​​ពាក្យ​សម្គាល់​​ថា "Made for iPhone” ក្រោម​អាជ្ញាប័ណ្ណ​​ MFi របស់ Apple។

នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​នេះ​ដែរ Apple នឹង​អាច​ទទួល​បាន​ផល​ចំណេញ​បាន​ច្រើន​ជាង​មុន​ជា​ជាង​ការ​ជួយ​ដល់​បរិស្ថាន។ ទី​មួយ Apple ចំណេញ​លុយ​ដោយ​មិន​បាច់​ដាក់​សុំ​សាក និង​កាស​ស្ដាប់​ក្នុង​ប្រអប់។ បន្ទាប់​មក​ចំណេញ​លុយ​តាម​រយៈ​ការ​ធ្វើ​ឲ្យ​ប្រអប់​ស្ដើង និង​ចំណាយ​លុយ​​តិច​ជាង​មុន​លើ​ការ​ដឹក​ជញ្ជូន។ ចុង​ក្រោយ​ Apple អាច​ចំណេញ​បន្ថែម​តាម​រយៈ​ការ​ដាក់​លក់​ដុំ​សាក និង​កាស​ស្ដាប់​​ ដែល​មួយ​មាន​តម្លៃ ១៩​ដុល្លារ (តម្លៃ​នៅ​បរទេស)៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី