មោទកភាព​ថ្មី​ទៀត សាយ ប្រមូល​មូលនិធិ​បាន​ជាង ១០០០លាន​បាត់​ហើយ!

  • 2020-11-13 15:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មក​ពី​ខេត្ត​រតនៈគីរី អ៊ួន បឋម ហៅ សាយ បាន​សម្រេច​សមិទ្ធផល​ថ្មី​ទៀត​ហើយ​នៅ​ថ្ងៃ​នេះ ជាមួយ Challenge ១ដុល្លារ ស្ថិត​នៅ​ក្នុង​គម្រោង​រត់​ដើម្បី​សប្បុរសជាមួយ​សាយ ដោយ​អាច​ប្រមូល​មូលនិធិ​បាន​លើស​​ផែន​ការ​ទៅ​ហើយ គិត​ត្រឹម​ថ្ងៃ​នេះ។

ដើម​ឡើយ សាយ គ្រោង​ប្រមូល​មូលនិធិ​ឲ្យ​បាន ១០០០ ០០០ ០០០ លាន​រៀល​សម្រាប់​គម្រោង​រត់ ៩៩ ថ្ងៃ។ ប៉ុន្តែ​ក្រោយ​រត់​បាន​តែ ៣០​ថ្ងៃ​ជាង ប្រមូល​បាន​តែ​ជាង ២០០ ០០០ ០០០រៀល សាយ ក៏​បាន​បង្កើត Challenge ១ដុល្លារ បន្ថែម ដែល​ប្រមូល​បាន​ការ​ចូល​រួម​ច្រើន​ហួស​ការ​ស្មាន ពោល​ត្រឹម ២៤ ម៉ោង​ប្រមូល​បាន​ជាង ១៣ម៉ឺន​ដុល្លារ​អាមេរិក។

ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​២​នៃ​ល្បែង ១ដុល្លារ​ម្នាក់​ដើម្បី​សប្បុរសធម៌​នេះ តួលេខ​បាន​កើត​លើស​ផែន​ការ​ទៅ​ហើយ។ សាយ បាន​បង្ហោះ​ពី​លុយ​មូលនិធិ​ដើម្បី​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ទៀត​ថា រូប​គេ​ប្រមូល​បាន​ជាង ១០០០ លាន​រៀល​ទៅ​ហើយ។ "ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ សូម​ចូល​រួម​រីករាយ​ជាមួយ​គ្នា​នៅ​យប់​នេះ ខ្ញុំ​ប្រមូល​មូលនិធិ​បាន ១៣០០លាន​រៀល​ហើយ!”។

សារ​ខ្លី​របស់ សាយ នៅ​បណ្ដាញ​សង្គម​នេះ ទទួល​បាន​ការ​អបអរ​ពី​ប្រិយមិត្ត​ជា​ច្រើន និង​បង្ហាញ​មោទកភាព​ជាមួយ​យុវជន​មក​ពី​ខេត្ត​រតនៈគីរី ដែល​អាច​សម្រេច​ផែន​ការ​ធំ ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​ដូច​ការ​គ្រោង​ទុក។

សាយ ​ត្រូវ​រត់​ចំនួន ៩៩​ថ្ងៃ​ ដើម្បី​ប្រមូលមូលនិធិ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។ គិត​ត្រឹម​ថ្ងៃ​នេះ ទើប​តែ​បាន ៣៩​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​មូលនិធិ​ប្រមូល​បាន​លើស​ផែន​ការ​ទៅ​ហើយ។ បែប​នេះ​ក្ដី យុវជន​មាឌ​ល្អិត​ចិត្ត​ធំ​បញ្ជាក់​ថា រូប​គេ​នៅ​តែ​រត់​ឲ្យ​បាន​គ្រប់ ៩៩ថ្ងៃ​ដូច​ដែល​បាន​គ្រោង ខណៈ​មូលនិធិ​នៅ​តែ​បន្ត​ទទួល​ការ​បរិច្ចាគ​នានា។

ដើម្បី​​បរិច្ចាគ ប្រិយមិត្តអាច​បរិច្ចាគ​បាន​តាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់សកម្មភាពរបស់សាយអំឡុង​ពេលរត់ តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម