OPPO បង្ហាញស្មាតហ្វូនអាចពន្លាចេញបានដូចគម្ពីរ (វីដេអូ)

  • 2020-11-18 01:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO តែង​តែ​បាន​បង្ហាញ​ចេញ​នូវ​ការ​ឌីហ្សាញ​ប្លែកៗ​​នៃ​ស្មាតហ្វូន។ ដូច​កាល​ពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន​បាន​បញ្ចេញ OPPO N1 ដែល​មាន​កាមេរ៉ា​អាច​បង្វិល​ទៅ​មុខ​ឬ​ក្រោយ​បាន និង​ឆ្នាំ ២០១៨ មាន​ OPPO Find X ដែល​​ប្រើ​ការ​ឌីហ្សាញ​កាមេរ៉ា Selfie ​បង្កប់​ក្នុង​តួ​ខ្លួន។ ពេល​នេះ​ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​ការ​ឌីហ្សាញ​ប្លែក​មួយ​ទៀត​​ជា​មួយ OPPO X 2021 ដែល​ជា​ស្មាតហ្វូន​អាច​ពន្លា​អេក្រង់​បាន។

OPPO X 2021 មាន​អេក្រង់​ដែល​អាច​ពង្រីក និង​ពង្រួម​បាន​រវាង​ទំហំ ៦,៧អ៊ីញ និង​ទំហំ ៧,៤អ៊ីញ។ OPPO បាន​អះអាង​ថា​ការ​រចនាបថ​នេះ​ មិន​មាន​បន្សល់​ទុក​ស្នាម​លើ​អេក្រង់​ដូច​ជា​ស្មាតហ្វូន​បត់​អេក្រង់​នោះ​ទេ។

OPPO និយាយ​ថា​ការ​ឌីហ្សាញ​ពិសេស​នេះ អាច​កើត​​មាន​ទៅ​រួច​ដោយ​សារ​ការ​រួម​សហការ​គ្នា​រវាង​បច្ចេកវិទ្យា​ជា​ច្រើន។ ក្រុមហ៊ុន​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​​ "Roll Motor” ​ជា​ការ​បំពាក់​ម៉ូទ័រ​បង្វិល​នៅ​ពី​ក្រោម​អេក្រង់​ចំនួន​ពីរ សម្រាប់​ទាញ​អេក្រង់​ចេញ និង​ចូល។

ក្រុមហ៊ុន​ក៏​បាន​​ប្រើ​បច្ចេកវិទ្យា​ "Two in One Plate” ដើម្បី​ទប់​ទល់​កុំ​ឲ្យ​អេក្រង់​មាន​បញ្ហា។ ជា​ចុង​ក្រោយ​ក្រុមហ៊ុន​បាន​ប្រើ​បច្ចេកវិទ្យា​ឈ្មោះ​ថា​ "Warp Track” ដែល​ដាក់​​​នៅ​ខាង​ក្រោម​អេក្រង់។

យ៉ាងណាក្ដី OPPO មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​​អំពី​​​កែ​ប្រែ​​​​ស្មាតហ្វូន​ប្រភេទ Concept នេះ ចេញ​ជា​ផលិតផល​សម្រេច​ សម្រាប់​​លក់​លើ​ទីផ្សារ​នោះ​ទេ។ ទោះ​បី​ជា​មាន​ការ​ចេញ​លក់​មែន ​រូបរាង​សម្រេច​ចុង​ក្រោយ​អាច​នឹង​ខុស​ពី​រូបរាង Concept៕​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម