សាយ រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក ដោយសារ​ពាក្យ​មួយ​ឃ្លា​របស់​លោកជំទាវ មិថុនា ភូថង

  • 2020-12-02 02:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ួន បឋម និង​ក្រុម​ការងារ​រត់​ដើម្បី​សប្បុរសធម៌​ជាមួយសាយ កំពុង​ស្ថិតនៅ​លើ​ទឹកដី​ខេត្ត​ព្រះវិហារ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ ចិត្ដ​អារម្មណ៍​របស់​លោក​ កំពុង​ស្ថិតនៅ​លើខេត្ដ​កោះកុងនៅឡើយ បន្ទាប់​ពី​បាន​ទទួល​សារ​ដ៏​ក្ដុកក្ដួល​មួយពី​អភិបាល​ខេត្ត​កោះកុង គឺ​លោក​ជំទាវ មិថុនា ភូថង។

សារ​ដែល​សាយ បាន​ទទួល​នៅ​ព្រឹក​នេះ គឺ​ជា​សារ​ដែល​លោក​ជំទាវ​រំលឹក​ឡើង​វិញ​ពី​បុព្វហេតុ​ជួយ​ជាតិ មាតុភូមិ និង​សង្គ្រោះ​ជីវិត​មនុស្ស​កាល​ពី​៤២​ឆ្នាំ​មុន​របស់​ជីតា​លោក​ជំទាវ គឺ​លោកតា សាយ ​ភូថង។ លោកជំទាវ​បាន​ប្រៀបធៀប បេសកកម្ម​របស់​សាយ​ក្នុងឆ្នាំ​២០២០ នេះ គឺ​ដូច​ទៅ​នឹង​បេសកកម្ម​របស់​លោក​តា​លោក​ជំទាវ​កាល​ពី​ឆ្នាំ​១៩៧៨​ដែរ។

មិថុនា ភូថង៖"២ ធ្នូ ១៩៧៨ លោកតា ដឹកនាំ ប្រជាជន​ជាពិសេស​យុវជន​ដើម្បី​ចូលរួម​ជាមួយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត ៤២ឆ្នាំក្រោយយុវជនសាយរត់ដើម្បីសង្គ្រោះ ជីវិត​កុមារ​កម្ពជា"។

ឆ្លើយតប​ទៅ​នឹង​ការ​កោតសរសើរ​របស់​លោកជំទាវ មិថុនា ភូថង លោក សាយ និយាយ​ថា រូប​លោក​ពិត​ជា​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​មានការគាំទ្រយ៉ាងខ្លាំងបែបនេះ ជាពិសេសខេត្តកោះកុងផ្ទាល់ក៏បានទទួលយ៉ាងកក់ក្តៅ តាំងពីពួកលោកបានឈានជំហានទី១ ចូលដល់ទឹកដីកោះកុង។

សាយ "ខ្ញុំបាទគ្មានអ្វីក្រៅពីជូនពរលោកជំទាវនិងក្រុមគ្រួសារឱ្យសុខភាពល្អ សម្រេចបានគ្រប់ភារកិច្ច"។

លោក​បញ្ជាក់​ថា សម្រាប់ទឹកដីកោះកុង​លោក​ចងចាំមិនភ្លេច ហើយ​រូប​លោក និង​ក្រុម​ការងារ​រក​ពេល​ត្រលប់ទៅវិញក្នុងពេលណាមួយ។ បើ​ទោះបី​ជា​ស្ថានភាព​ឥឡូវ​តានតឹង​ដោយ​សារ covid-19 តែ​កម្មវិធី​ពួក​លោក​នៅតែ​ដំណើរការ​ទៅមុខ​ជានិច្ច។

ដើម្បី​​បរិច្ចាគ ប្រិយមិត្តអាច​បរិច្ចាគ​បាន​តាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់សកម្មភាពរបស់សាយអំឡុង​ពេលរត់ តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ