មូលនិធិ ១លានដុល្លាររបស់ Smart នៅមានទឹកប្រាក់សម្រាប់ឧបត្តម្ភដើម្បីប្រឆាំងកូវីដ១៩

  • 2020-12-02 09:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata បានប្រកាសកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២០ ថាមូលនិធិទឹកប្រាក់១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩ នៅតែមានទឹកប្រាក់ដែលមិនទាន់ប្រើប្រាស់ប្រហែល ៣៥ម៉ឺនដុល្លារដើម្បីគាំទ្រគំនិតផ្តូចផ្តើមនានាដែលនឹងជួយផ្ដល់ដំណោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកម្ពុជាបានកំពុងរងផលប៉ះពាល់ទាំងផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ១៩។

មកដល់បច្ចុប្បន្ន មានគម្រោងចំនួន ១២ ដែលបានទទួលជំនួយហិរញ្ញវត្ថុ ពីមូលនិធិទឹកប្រាក់ចំនួន ១ លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩របស់ខ្លួននេះ រួមទាំងគម្រោងថ្មីមួយ របស់មន្ទីរពេទ្យកុមារអង្គរ ដែលគម្រោងនេះមានបំណងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃវិបត្តិកង្វះអាហាររូបត្ថម្ភរបស់កុមារក្នុងខេត្តសៀមរាប និងនៅទូទាំងប្រទេសកម្ពុជា។

គំនិតផ្តួចផ្តើមផ្សេងៗ ដែលបានទទួលមូលនិធិនេះ រួមមាន ៖

១. ក្រុមហ៊ុន Southeastern Globe Communications ៖ ដើម្បីគាំទ្រដល់វេទិកាព័ត៌មានអំពីវីរុសកូវីដ១៩។

២. អង្គការ Friends International ៖ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលបុគ្គលដែលបាត់បង់ឱកាសនៅទូទាំងខេត្តចំនួន ៧ អំពីការរក្សាអនាម័យផ្ទាល់ខ្លួន។

៣.​​ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៖ ដើម្បីផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារផ្ទាល់ខ្លួនប្រឆាំងវីរុសកូវីដ១៩ រហូតដល់ រយៈពេល ២ខែសម្រាប់ពិនិត្យ និងធ្វើរោគវិនិច្ឆ័យអ្នកជំងឺរាប់ពាន់នាក់។

៤. វិទ្យាស្ថានបើកទូលាយ ៖ ដើម្បីគាំទ្រដល់ឌីជីថលនីយកម្មមេរៀននិងសម្ភារៈអប់រំសម្រាប់សិស្សថ្នាក់ទី១២។

៥. សមាគមសហគ្រិនវ័យក្មេងកម្ពុជា ៖ ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងវិបត្តិធុរកិច្ចរបស់សហគ្រាស ធុនតូច និងធុនមធ្យម (MSMEs)។

៦. សាលា Bayon Education and Development ៖ ដើម្បីគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់សិស្សក្នុងខេត្តសៀមរាប តាមរយៈការរៀនសូត្រពីចម្ងាយ។

៧. Impact Hub Phnom Penh ៖ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលអំពីការស្ទុះងើបឡើងវិញនៃធុរកិច្ចរបស់ក្រុមហ៊ុនបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs)។

៨. មូលនិធិ East Meets West Foundation ៖ ដើម្បីបណ្តុះបណ្តាលអ្នកភូមិដែលមានការសិក្សាតិចតួចអំពីអនាម័យផ្ទាល់ខ្លួន និងសម្ភារៈរូបវ័ន្តលាងសម្អាតដៃក្នុងខេត្តចំនួន ៥។

៩. អង្គការចិត្តសង្គមអន្តរវប្បធម៌ ៖ ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខមាលភាពរបស់កម្មករអន្តោប្រវេសន៍ក្នុងខេត្តបន្ទាយមានជ័យ។

១០. អង្គការ Save the Children ៖ ដើម្បីជួយកុមារ និងសហគមន៍ឱ្យសម្របខ្លួនទៅនឹងការរៀនសូត្រពីចម្ងាយក្នុងខេត្តកំពង់ចាម។

១១. អង្គការវឌ្ឍនភាពសហគមន៍ ៖ ដើម្បីបង្កើនការស្ទុះងើបជីវភាពឡើងវិញរបស់កសិករក្នុងខេត្តស្វាយរៀង។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា ៖ « ដូចដែលយើងអាចមើលឃើញពីព័ត៌មានថ្មីៗ នេះ ថាភាពជោគជ័យបច្ចុប្បន្នរបស់កម្ពុជាក្នុងការដោះស្រាយជាមួយនឹងវិបត្តិសុខភាពសាធារណៈ ពិភពលោក នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយយើងទាំងអស់គ្នាចាំបាច់ត្រូវប្រឹងប្រែងទ្វេដង ដើម្បីបង្ការការឆ្លងក្នុងសហគមន៍បន្ថែមទៀត» ។

«យើងមានមោទនភាពដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដែលកំពុងធ្វើឱ្យសហគមន៍ស្ទុះងើបឡើងវិញកាន់តែខ្លាំង ពីឥទ្ធិពលអវិជ្ជមាននៃការរាតត្បាតវីរុសកូវីដ១៩ ហើយយើងចង់ឆ្លៀតឱកាសនេះរំឭកគ្រប់គ្នាថា មូលនិធិនៅតែមាននៅឡើយ។ យើងចង់ឮពីស្ថាប័នណាមួយ ដែលកំពុងធ្វើការងារដើម្បីគាំទ្រដល់ប្រទេសជាតិ និងសហគមន៍របស់យើងក្នុងអំឡុងពេលវេលាដ៏លំបាកទាំងនេះ»។ លោបញ្ជាក់បន្ថែម។

មូលនិធិ ១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រគំនិតផ្តួចផ្តើមនានាក្នុងវិស័យចំនួន ៤៖ បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងវិបត្តិ ការក្សាគម្លាតសង្គម និងការរក្សាអនាម័យផ្ទាល់ខ្លួន។ ការស្នើសុំមូលនិធិត្រូវបានអនុម័តដោយគណៈកម្មការវាយតម្លៃរួម ដែលរួមមានក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប បន្ទាប់ពីត្រូវបានពិនិត្យមើលយ៉ាងម៉ត់ចត់ដោយគណៈកម្មការផ្ទៃក្នុង។

ពាក្យស្នើសុំអាចដាក់តាមអនឡាញតាមរយៈ https://bit.ly/3aQsrJV

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖

អត្ថបទពេញនិយម