ជាប្រវត្តិសាស្ត្រ! អ្នកស្នងមរតក Samsung នឹងត្រូវបង់ពន្ធមរតកដល់ ៩ពាន់លានដុល្លារ

  • 2020-12-23 03:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lee Kun-hee ប្រធាន​ក្រុមហ៊ុន Samsung បាន​ទទួល​មរណភាព​កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​តុលា នៅ​វ័យ ៧៨​ឆ្នាំ ដែល​លោក​បាន​បន្សល់​ទុក​នូវ​ភាគហ៊ុន និង​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​ដល់​​រាប់​​ពាន់​លាន​ដុល្លារ។

នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ តម្លៃ​​ហ៊ុន​​​ជាក់​ស្ដែង​ដែល​លោក Lee បាន​បន្សល់​ត្រូវ​បាន​គេ​គិតគូរ​បាន​សម្រេច ដែល​មាន​តម្លៃ ១៩,៩​ពាន់​លាន​ដុល្លារ។ តម្លៃ​ហ៊ុន​ត្រូវ​បាន​គិតគូរ​ផ្អែក​លើ​តម្លៃ​ជា​មធ្យម​នៃ​ភាគហ៊ុន​ក្នុង​រយៈពេល ៤​ខែ​ចុងក្រោយ គិត​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ដល់​ខែ​ធ្នូ។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ The Korea Herald បាន​ឲ្យ​ដឹង​ថា​អ្នក​ស្នង​មរតក​លោក Lee នឹង​ទទួល​បាន​មរតក​ភាគហ៊ុន​ដែល​មាន​តម្លៃ​សរុប​ ១៧​ពាន់​លាន​ដុល្លារ។ យ៉ាងណាក្ដី​ច្បាប់​ពន្ធ​កូរ៉េ​ខាង​ត្បូង​ បាន​កំណត់​ពន្ធ​ខ្ពស់​បំផុត​ដល់ ៥០% ​លើ​មរតក​ភាគហ៊ុន​ដែល​មាន​តម្លៃ​លើស​ពី​ ២,៧​លាន​ដុល្លារ។ បន្ថែម​ពី​នេះ​អ្នក​កាន់​កាប់​ភាគហ៊ុន​ច្រើន​ជាង​គេ​ក៏​ត្រូវ​បង់​ពន្ធ​មរតក​ ២០% ផង​ដែរ។

សរុប​ជា​រួម​ទៅ​ពន្ធ​មរតក​​ចំពោះ​​ភាគហ៊ុន​ទាំង​អស់​ដែល​លោក Lee បាន​បន្សល់​ទុក គឺ​មាន​រហូត​ដល់​ ៩​ពាន់​លាន​ដុល្លារ​ឯណោះ ដែល​នេះ​គឺ​ជា​​ការ​​យក​​ពន្ធ​ឯកត្តជន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ​ខាង​ត្បូង។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​អ្នក​ស្នង​មរតក​លោក Lee អាច​មាន​សិទ្ធ​ជ្រើស​រើស​បង់​ពន្ធ​មរតក​ក្នុង​អំឡុង​ពេល ៥​ឆ្នាំ​បន្ទាប់​ ​ដោយ​មិន​ចាំ​បាច់​បង់​ម្ដង​ទាំង​អស់​នោះ​ទេ៕​​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី