ថ្ងៃនេះ​ខួប​១១​ឆ្នាំ នៃ​ចំណង​ស្នេហ៍ មាស សុខសោភា! នាង​និយាយ​ពី​អារម្មណ៍​ពិត​ជា​ច្រើន

  • 2020-12-29 03:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង មាស សុខសោភា បាន​បញ្ចេញ​សារ​ផ្អែមល្ហែម និង​កក់ក្ដៅ​បំផុត​ក្នុង​ថ្ងៃខួប​១១​ឆ្នាំ នៃ​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយ​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា គឺ​លោក អ៊ិត រ៉ាដា។ ប៉ុន្តែ​សារ​បង្កប់​នូវ​អត្ថន័យ​ស្នេហា​ល្អូកល្អិន​ដែល​នាង​បាន​បញ្ចេញ​យប់មិញ​នេះ ពុំ​មាន​ភ្ជាប់​រូបថត​ថ្មីៗ​របស់​នាង ជាមួយ​សង្សារ​ឡើយ ពោល​គឺ​មាន​តែ​រូប​ថត​នាង​ម្នាក់​ឯង និង​រូប​ចាស់​១​សន្លឹក​ជាមួយ​សង្សារ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា មាស សុខសោភា និយាយ​ថា រូប​នាង និង​សង្សារ​នៅ​ក្បែរ​គ្នា រង់ចាំ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គ្នា​គ្រប់​ពេល​វេលា សូម្បី​តែ​បែក​៥​នាទី​ក៏​នឹក​ដល់​គ្នា។ នាង​ថា សុភមង្គល និង​ក្ដី​សុខ​ពិតប្រាកដ គឺ​បាន​នៅ​ជាមួយ​មនុស្ស​ម្នាក់​ដែល​អាច​ទទួល​យក​អ្វីៗ​គ្រប់​យ៉ាង​ពី​នាង និង​ហ៊ាន​លះបង់​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​នាង។

មាស សុខសោភា៖"រីករាយ​ថ្ងៃ​ខួប​១១​ឆ្នាំ​របស់​យើង អគុណ​គ្រប់​យ៉ាង​ដែល​បាន​ធ្វើ​ដើម្បី​ខ្ញុំ វា​ជា​ក្ដី​សុបិន​មួយ​ដែល​ក្លាយ​ជា​ការ​ស្រឡាញ់​ពិតប្រាកដ"។

ចូល​ដល់​ឆ្នាំ​២០២១ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ មាស សុខសោភា មាន​វ័យ​៣៩​ឆ្នាំ​ហើយ។ ត្បិត​ថា ទំនាក់ទំនង​ស្នេហា​របស់​តារា​ចម្រៀង​រូប​នេះ​កម្រ​បញ្ចេញ​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​ដូច​គូរ​ស្នេហ៍​តារា​ដទៃ ប៉ុន្តែ​សោភា ធ្លាប់​ចូល​វិហារ​រៀបការ​តាម​បែប​សាសនាគ្រិស្ដ​ជាមួយ​គ្រូ​ពេទ្យ អ៊ិត រ៉ាដា ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា កាល​ពី​ឆ្នាំ​២០០៨។ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​រស់នៅ​ក្នុង​ប្រទេស​ពីរ​ផ្សេង​គ្នា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ