សឹង​មិន​ជឿ បទ​ចម្រៀង​និយាយ​ពី​មុខ​ម្ហូប​ដ៏​សាមញ្ញ​បំផុត​១ ធ្វើ​ឲ្យ​ Tho Meet ផ្ទុះ​ទៀត​ហើយ

  • 2020-12-29 04:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​របស់​ហង្សមាស បាន​សាង​កេរ្តិ៍​ឈ្មោះ​ទៀត​ហើយ ក្រោយ​ពី​បទ​ចម្រៀង​ជា​ស្នាដៃ​ថ្មី​មួយ​ទៀត​របស់​លោក ដែល​និយាយ​ពី​មុខ​ម្ហូប​ដ៏​សាមញ្ញ​មួយ​បទ​របស់​លោក បាន និង​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​​សឹង​មិន​គួរ​ឲ្យ​ជឿ។

បទ​នេះ​មាន​ចំណង​ជើង​ថា "ថ្ងៃ​ណា​ក៏​ឆា​តាសក់ ថ្ងៃ​ណា​ក៏​ឆា​ត្រឡាច" ចម្រៀង​ដោយ​តារា​ចម្រៀង​តូច ចាន់ សុបញ្ញា និង សុខ សុជាតា។ បទ​នេះ ទើប​តែ​ចេញ​តែ​បាន ២៤​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​អ្នក​ចូល​ទស្សនា និង​ស្ដាប់ កើន​យ៉ាង​គំហុក ពោល​គឺ ១លាន​ដង​រួច​ទៅ​ហើយ ត្រឹម​រយៈ​តែ​មួយ​ថ្ងៃ​នេះ។

លោក Tho Meet ដែល​ជា​អ្នក​និពន្ធ​ផ្ទាល់ បាន​លើក​ឡើង​ថា លោក​បាន​មើល​ឃើញ​ពី​ភាព​ខ្លាំង​នៃ​បទ​នេះ តាំង​តែ​ពី​ពេល​ដាក់​ជូន​ប្រិយមិត្ត​នៅ​នាទី​ដំបូង។ លោក​ថា ភ្លាម​ៗ​របស់​ចម្រៀង​និយាយ​ពី​មុខ​មុខ​ម្ហូប យ៉ាង​កម្រ​ក្នុង​ស្នាដៃ​របស់​លោក​នេះ ទទួល​បាន​កំណើន​អ្នក​ចុច​ទស្សនា និង​ស្ដាប់​កើន​ឡើង​ដូច​ទឹក​បាក់​ទំនប់ ហើយ​ទី​បំផុត ១​ថ្ងៃ​សោះ បាន​អ្នក​មើល​ទៅ​ដល់​ទៅ ១លាន​ដង​ទៅ​ហើយ។

អ្នកនិពន្ធ​ល្បី​ឈ្មោះ​ថ្លែង​ទៀត​ថា បទ​នេះ ឡើង​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ហើយ​លោក​ពិត​ជា​រីករាយ​ណាស់ ព្រោះ​ថា​ការ​ខិតខំ​របស់​លោក​ដែល​ព្យាយាម​រក​អ្វី​ដែល​ថ្មី​មក​ដល់​ជូន​តារាចម្រៀង ក៏​ដូច​ជា​ប្រិយមិត្ត ទទួល​បាន​ផ្លែ​ផ្កា​ល្អ​ខ្លាំង​បែប​នេះ។

ទោះ​យ៉ាង​ណា បទ "ថ្ងៃ​ណា​ក៏​ឆា​តាសក់ ថ្ងៃ​ណា​ក៏​ឆា​ត្រឡាច" មិន​មែន​ជា​បទ​ទី១ របស់​អ្នក​និពន្ធ​ខាង​លើ​នោះ​ទេ ដែល​មាន​សន្ទុះ​ខ្លាំង​ក្រោយ​ចេញ​ជូន​ប្រិយមិត្ត​ភ្លាមៗ ក្នុង​នោះ​មាន​បទ​ច្រើន​ទៀត​ដូច​ជា​បទ "ឆ្នាំ​ថ្មី អ្វី​ៗ​ក៏​ល្អ" “ប្ដី​លើ​ផែន​ដី​អស់​ល្អ​ត្រឹម​ប្ដី​អូន​ហើយ!” ជា​ដើម សុទ្ធ​ជា​បទ​ដែល​ទាក់ទាញ​ការ​គាំទ្រ​ខ្លាំង​ដោយ​ចំណាយ​ត្រឹម​រយៈ​ពេល​ខ្លី​ដូច​គ្នា។ យ៉ាង​ណា​ក៏​ដោយ នេះ​វា​បទ​ដំបូង​របស់​លោក ដែល​លើក​និយាយ​ពី​មុខ​ម្ហូប។

ពាក់​ព័ន្ធ​នឹង​ចំណង​ជើង​បទ​ចម្រៀង​ប្លែក​អារម្មណ៍​នេះ Tho Meet បើក​កកាយ​ថា តាម​ពិត Concept របស់​បទ​នេះ គឺ​កើត​ចេញ​ក្នុង​សង្គម​គ្រួសារ​លោក​តែ​ម្ដង។ លោក​ថា នេះ​គឺ​ជា​សាច់​រឿង​ពិត​របស់​ប្អូន​ថ្លៃ​របស់​លោក ដែល​អ្នក​ផ្ទះ​តែង​តែ​ធ្វើ​មុខ​ម្ហូប​២​មុខ​នេះ​ស្ទើរ​រាល់​ថ្ងៃ ហើយ​ប្អូន​របស់​លោក​តែង​តែ​រអ៊ូរទាំ​ពី​បញ្ហា​នេះ​រឿយ​ៗ​ដែរ។ ឃើញ​ដូច្នេះ​លោក ក៏​សាក​យក​មក​រំលេច​ក្នុង​ស្នាដៃ​និពន្ធ​របស់​លោក​សាក​ល្បង​តែ​ម្ដង។

តែ​ដឹង​អី បទ​នេះ ស្ទុះ​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ...ជាមួយ​គ្នា នៅ​លើ​ទំព័រហ្វេសប៊ុក​របស់ ហង្សមាស គេ​ឃើញ​ផលិតកម្ម​នេះ​បាន​ធ្វើ​ការ​ព្យាករណ៍​ថា "ថ្ងៃ​ណា​ក៏​ឆា​តាសក់ ថ្ងៃ​ណា​ក៏​ឆា​ត្រឡាច" អាច​នឹង​វាយ​ផ្ដាច់​គេ​នៅ​ក្នុង​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២០​នេះ​តែ​ម្ដង៕

អត្ថបទ៖ ទារិកា