អតីត​អ្នក​យាម​ផ្ទះ​សំណាក់ ផ្ទុះ​ខ្លាំង ក្រោយ Cover បទ "ឧបសគ្គ​ស្នេហ៍" កាល ២០២០!

  • 2021-01-06 04:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ម្នាក់ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ​ចង្កោម​អ្នក​ចូល​ចិត្ត​សិល្បៈ​ចម្រៀង កាល​ពី​ឆ្នាំ ២០២០ ក្រោយ​ពី​រូប​គេ បាន​ចេញ​មក​ច្រៀង Cover បទ "ឧបសគ្គ​ស្នេហ៍" របស់​តារា​ចម្រៀង ហាក់ រីខត ​ធ្វើ​ឲ្យ​រញ្ជួយ​អ្នក​បេះដូង​ស្ដាប់។

មាន​រូបរាង​ស្គម សម្បុរ​ខ្មៅ យុវជន​រូប​នេះ​មានឈ្មោះ​ថា សួ វិចិត្រ មាន​វ័យ ២៧​ឆ្នាំ គឺ​ជា​អតីត​អ្នក​យាម​ផ្ទះ​សំណាក់​ឲ្យ​គេ បាន​ប្រាក់​ខែ​ត្រឹម ៤០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១ខែ តែ​បច្ចុប្បន្ន លោក​គឺ​ជា​តារា​ចម្រៀង​ប្រចាំ Sky Bar នៃ​មជ្ឈមណ្ឌល "ស្លា​មាស" ស្ថិត​នៅ​ជាប់​ស្ទឹង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។

មិន​មាន​ភាព​ទាក់​ទាញ​លើ​រូប​សម្រស់ ប៉ុន្តែ​យុវជន​កើត​លើ​ទឹក​ដី​អ្នក​តា​ឃ្លាំង​មឿង មាន​ទឹកដម​សំនៀង​ល្អ ធ្ងន់ ច្បាស់ ស្រែក​តុង​ខ្ពស់​ៗមិន​បែក ពោរ​ពេញ​ដោយ​មនោសញ្ចេតនា បង្កើត​បាន​ជា​សូរ​សំនៀង​ក្រអួន​ក្រអៅ។ ដូច្នេះ​ហើយ​រូប​គេ បាន​ធ្វើ​ឲ្យ​រញ្ជួយ​បេះដូង​អ្នក​ស្ដាប់​តាម​រយៈ​បទ "ឧបសគ្គ​ស្នេហ៍" កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ដោយ​ប្រិយមិត្ត​ជា​ច្រើន​បាន​ពោល​សរសើរ​លោក​ថា ច្រៀង​ចម្រៀង​មួយ​បទ​នេះ បាន​ពីរោះ​បំផុត ទឹក​ដម​សំឡេង​ស៊ី​នឹង​អត្ថន័យ​នៃ​បទ​ចម្រៀង ហើយ​ការ​ប្រើ​ប្រាស់​សំឡេង​លើក​ដាក់ គឺ​រឹត​តែ​ល្អ​ឥត​ខ្ចោះ​ថែម​ទៀត។

ស្ថានភាព​នេះ បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​លោក ក៏​បាន​ប្រែប្រួល​យ៉ាង​លឿន។ សួ វិចិត្រ បាន​ប្រាប់​ថា បទ "ឧបសគ្គ​ស្នេហ៍" របស់​តារា​ចម្រៀង​ផលិតកម្ម​ថោន លោក ហាក់ រីខត បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​បាន​ស្គាល់​លោក ទាំង​នឹក​ស្មាន​មិន​ដល់។ ក្រៅ​ពី​បទ​ចម្រៀង​ខាង​លើ តែ​បណ្ដាញ​សង្គម មាន​ដូច​ជា យូធូប និង Tik Tok បាន​ជួយ​លោក​ច្រើន។

លោក សួ វិចិត្រ ប្រាប់​ដំណើរ​រឿង​ខ្លះ​ៗថា ដើម្បី​រើ​បម្រះ​ពី​ភាព​ទីទ័ល ផង និង​ចង់​កសាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​គេ​ស្គាល់​ផង លោក​បាន​ឆ្លៀត​ពី​ការងារ​ច្រៀង មក​សិក្សា​ពី​យូធូប និង​បាន​ធ្វើ​វីដេអូ​បង្ហោះ​លើ​ប្រព័ន្ធ​នេះ កាល​ពី​១​ឆ្នាំ​ជាង​មុន ដើម្បី​រក​កម្រៃ​បន្ថែម។ ប៉ុន្តែ​ភ្លាម​ៗ​មិន​មាន​អ្នក​ចាប់​អារម្មណ៍​នោះ​ទេ រហូត​ដល់​លោក​ចូល​លេង Tik Tok ប្រមាណ​ជា កន្លះ​ឆ្នាំ​ក្រោយ​នេះ ទើប​អ្វី​ៗ ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ខ្លាំង ពិសេស​ក្រោយ​ពី​លោក​បាន Cover បទ "ឧបសគ្គ​ស្នេហ៍" របស់ ហាក់ រីខត។

“កាល​ខ្ញុំ​ធ្វើ​វីដេអូ​ដាក់​យូធូប​ដំបូង​ៗ គឺ​អត់​សូវ​មាន​អ្នក​មើល​ទេ ហើយ​ក៏​មាន​មិត្ត​ភ័ក្តិ​ឲ្យ​យោបល់​ថា គួរ​ចាប់​ផ្ដើម​លើ Social Media ណា​ដែល​ឆាប់​ល្បី ក្រោយ​មក​ខ្ញុំ​ក៏​ចូល​លេង Tik Tok ទៀត ក៏​ស្រាប់​តែ​ល្បី​ខ្លាំង​ចាប់​តាំង​ពី​បទ "ឧបសគ្គ​ស្នេហ៍" ហើយ​ក៏​មាន​អ្នក​ចូល​មក​ស្ដាប់​បទ​ខ្ញុំ​ច្រៀង​នេះ​នៅ​លើ​យូធូប​ខ្ញុំ​ច្រើន​ឡើង​ៗ គឺ​ប្រមាណ​២​-៣ខែ​ចុង​ក្រោយ​នេះ!”។

មក​ដល់​បច្ចុប្បន្ន វីដេអូ​លោក​ច្រៀង​បទ "ឧបសគ្គស្នេហ៍" មាន​ចំនួន​ចូល​ទស្សនា​ជាង ៧លាន​ដង​ហើយ ហើយ​តារា​ចម្រៀង ក៏​មាន​មនុស្ស​ស្គាល់​លោក​ច្រើន​ដែរ ខុស​ពី​ពេល​មុន លោក​ដូច​ជា​អ្នក​ចម្រៀង​នៅ​តំបន់​ដាច់​ស្រយាល​ម្នាក់ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់។ វិចិត្រ ប្រាប់​ថា ក្រោយ​ទទួល​បាន​ការ​ពេញ​និយម​តាម​រយៈ​បទ​ខាង​លើ ក៏​មាន​គេ​លួងលោម​ហៅ​លោក​មក​ធ្វើ​ការ​ជាមួយ​គេ​នៅ​ភ្នំ​ពេញ​ច្រើន​ដែរ តែ​លោក​មិន​ទាន់​សម្រេច​ចិត្ត។

វិចិត្រ ពោល​ថា លោក​នៅ​ស្រឡាញ់​ការងារ​នៅ​ស្រុក​កំណើត​នាខេត្ត​ពោធិ៍សាត់ ជា​តារា​ចម្រៀង​ប្រចាំ Sky Bar កន្លែង​ដំបូង​ដែល​ជួយ​ឲ្យ​លោក​បាន​ដុះ​ដាល​ជីវិត​ជា​អ្នក​ចម្រៀង។ មាន​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ជា​ច្រើន​ទៀត ដែល​លោក សួ វិចិត្រ យក​មក​ច្រៀង​ហើយ​ទទួល​បាន​ការ​ពេញនិយម​ខ្លាំង មាន​ដូច​ជា​បទ "នឹក​ខ្លាំងណាស់" "ស្មោះ​ប៉ុណ្ណឹង​មិន​ល្មម" "បង​កាន់​ដៃ​អូន" និង​បទ "ដឹង​ទេ​ថា​បង​ឈឺ​ចាប់​ជា​ដើម៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី