Telegram ​ឡើង​កូដ​ខ្លាំង ក្រោយ​ពេល​​ Twitter ត្រាំ​ត្រូវ​បណ្ដាញ​សង្គម​​​ធំ​ៗ​បិទ​អស់

  • 2021-01-13 03:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ថ្ងៃ​នេះ​ ​ក្រុមហ៊ុន​ Telegram ​បាន​ចេញ​ផ្សាយ​នូវ​ទិន្នន័យ​ចំនួន​អ្នក​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ (Active users) ​កើន​ដល់​ចំនួន ៥០០ លាន​នាក់ ​និង​ជា​ពិសេស​នោះ​ក្នុង​រយៈពេល ៧២ ម៉ោង​ចុងក្រោយ​ (៣ថ្ងៃ)​កើន​ចំនួន​អ្នក​ប្រើប្រាស់​ថ្មីៗ​ចូល​មក​ដោនឡូត​ដល់ ២៥ លាន​នាក់​ ​​ជា​ចំនួន​ដ៏​ខ្ពស់​មួយ​ក្នុង​ចំណោម​កម្មវិធី​ផ្ញើសារ​ឆ្លង​ឆ្លើយ​ល្បីៗ​ដទៃទៀត។

កម្មវិធី Telegram លើ iPhone

​ព្រឹត្តិការណ៍​​ធំៗ២ដែល​ធ្វើ​ឲ្យ​បណ្ដាញ​ទំនាក់ទំនង Telegram ​ឡើង​កូដ​ខ្លាំង​បែប​នេះ​គឺ WhatApp ជា​គូ​ប្រជែង​ផ្លាស់​ប្តូរ​គោល​ការណ៍​តម្រូវ​ឲ្យ​អ្នក​ប្រើ​ធ្វើ​តាម​ខ្លួនដោយចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេទៅកាន់ Facebook ដើម្បីឱ្យកម្មវិធីដំណើរការការល្អ និងមានការគាំទ្រពី Facebook និង​​ព្រឹត្តិការណ៍​នយោបាយនៅអាមេរិក ក្រោយ​ពេល​គណនី​ Twitter​ អតីត​ប្រធានាធិបតី​ ដូណាល់ត្រាំ ​ត្រូវ​បណ្ដាញ​សង្គម​​​ធំ​ៗ​បិទ​​ទាំង​អស់ Twitter, Instagram, WhatApp និង Facebook ជាដើម។ ​ស្រប​ពេល​ដែល​កើត​មានការលុក​លុយ​វិមាន​កាពីតូល​ដ៏​សាហាវ​ដោយ​អ្នក​គាំទ្រ​លោក​ត្រាំ មាន​ប្រដាប់​អាវុធ និងហានិភ័យនៃការញុះញង់ឲ្យមានអំពើហិង្សានៅ​ពេល​ថ្មីៗនេះ​។

គណនីផ្លូវការ ត្រាំ ត្រូវ Twitter បិទរៀងរហូត

លើសពីនេះ​ផង​ដែរ កាសែតល្បី​របស់អង់គ្លេស Telegraph បាន​ចុះ​ផ្សាយ​ថា កាលពីថ្ងៃចន្ទថា ប្រជាជនអាមេរិកប្រហែលជាង​កន្លះ​លាន​នាក់ (៥៤៥,០០០) បានងាកមកដោនឡូត​កម្មវិធី Telegram នៅចន្លោះថ្ងៃពុធ និងថ្ងៃអាទិត្យ ដែលមានចំនួនជិត ៣ ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីសប្តាហ៍មុន៕

ប្រភព៖ Businessinsider | Sputnik News   ប្រែ​សម្រួល៖ រក្សា